COVID-19
អន្តរជាតិ
កូរ៉ូណាវីរុស បំប្លែងខ្លួនថ្មី «Doubel Mutant» នៅឥណ្ឌា
26, Mar 2021 , 8:29 pm        
រូបភាព
រូបភាព៖ Reuter
រូបភាព៖ Reuter
ជាធម្មតា វីរុសតែងតែបំប្លែងខ្លួនបន្តិចម្តងៗ នៅពេលវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ដូចគ្នាដែរ កូរ៉ូណាវីរុស ក៏បំប្លែងខ្លួនតាមរបៀបនេះដែរ។ ភាគច្រើននៃការបំប្លែងទម្រង់នៃកូរ៉ូណាវីរុស គឺមិនសំខាន់ឡើយ ហើយក៏មិនធ្វើឱ្យប៉ះពាល់របៀបឆ្លងដែរ ប៉ុន្តែក្នុងករណីខ្លះ ការបំប្លែងខ្លួននៃកូរ៉ូណាវីរុស អាចឆ្លងខ្លាំងជាងមុន ធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងន់ ឬអាចគេចពីប្រព័ន្ធការពារជាដើម។

 
 
ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌា បានប្រកាសរកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីនៅក្នុងរដ្ឋMaharashtra ដែលអាចឆ្លងខ្លាំងជាមុន និងអាចគេចពីប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួន។ កូរ៉ូណាវីរុស ដែលត្រូវបានរកឃើញនេះ មានទម្រង់ «Double Mutant»។ 
 
តើកូរ៉ូណាវីរុសបំប្លែងខ្លួន « Double Mutant» គឺជាអ្វី? 
 
កូរ៉ូណាវីរុសបំប្លែងខ្លួន ដែលមានទម្រង់Double Mutant នេះ ត្រូវបានរកឃើញក្នុរដ្ឋ Maharashtra របស់ឥណ្ឌា។ Double Mutant កើតឡើងដោយសារតែការរួមបញ្ជូលគ្នានៃកូរ៉ូណាវីរុសបំប្លែងខ្លួនទម្រង់ E484Q និងទម្រង់L452R។ ទម្រង់កូរ៉ូណាវីរុសដែលបំប្លែងខ្លួនទាំងពីរប្រភេទនេះ ត្រូវបានអ្នកជំនាញប្រដូចទៅ ទម្រង់កូរ៉ូណាវីរុសដែលបំប្លែងខ្លួននៅអាហ្រ្វិកខាងត្បូង(B.1.351), ប្រេស៊ីល (P.1) និងអាមេរិក (B.1.427 ឬB.1.429)ជាដើម។ 
 
មកទល់ពេលនេះ អាជ្ញាធរឥណ្ឌា មិនទាន់ច្បាស់នៅឡើយទេ ថាតើវីរុសទម្រង់ថ្មីនេះ អាចបន្ថយប្រសិទ្ធភាពថ្នាំពេទ្យ ឬវ៉ាក់សាំងចំនួនពីរប្រភេទ ដែលត្រូវបានអនុម័តនៅឥណ្ឌា។ 
 
តើករណីបំប្លែងខ្លួនបែប Double Mutant គឺជាករណីកម្រឬទេ?  
 
ករណីបំប្លែងខ្លួន «Double Mutant» ឬការរួបបញ្ជូលនៃកូរ៉ូណាវីរុសបំប្លែងខ្លួនទម្រង់ E484Q និងទម្រង់L452R មិនមែនជារឿងកម្រណាស់ណាទេ ប៉ុន្តែក៏មិនធម្មតាពេកដែរ។ នៅពេលផ្ទុះកូរ៉ូណាវីរុសដំបូងឡើយ ទម្រង់វីរុសមួយនេះមានតែមួយប៉ុណ្ណោះ គឺD614G ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ករណីបំប្លែងខ្លួន គឺមានស្ទើរគ្រប់ទីកន្លែង ដោយសារតែករណីឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ 
 
នៅក្នុងការប្រៀបធៀបមួយ អ្នកជំនាញបានអះអាងថា កូរ៉ូណាវីរុសបំប្លែងខ្លួននៅឥណ្ឌាប្រភេទនេះ មានការរួមបញ្ជូលនៃកូរ៉ូណាវីរុសបំប្លែងខ្លួនតិចណាស់ បើធៀបនឹងកូរ៉ូណាវីរុសដែលបំប្លែងខ្លួននៅអង់គ្លេស។ លោកវេជ្ជបណ្ឌិត Jeremy Kamil អ្នកជំនាញវីរុសនៅសកលវិទ្យាល័យរដ្ឋLouisiana នៃវិទ្យាសាស្រ្តសុខាភិបាល បានអះអាងថា ទម្រង់កូរ៉ូណាវីរុសនៅអង់គ្លេស ដែលប្រមូលនៅក្នុងខែមីនា គឺមានការរួមបញ្ជូលនៃកូរ៉ូណាវីរុស ដែលបំប្លែងខ្លួនរហូតដល់ ៩ ឯណោះ ហើយនោះវាជាចំនួនដ៏ច្រើនមួយ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តនឹងសិក្សាកូរ៉ូណាវីរុសបំប្លែងខ្លួន «Double Mutant» បន្ថែមទៀត។ 
 
តើប្រជាជនគួរបារម្ភលើវីរុសថ្មីនេះដែរឬទេ? 
 
ដូចដែលបានបញ្ជាក់ខាងលើ ក្នុងករណីបំប្លែងខ្លួនខ្លះ វាអាចធ្វើឱ្យកូរ៉ូណាវីរុសអាចឆ្លងកាន់តែខ្លាំងជាងមុខ និងអាចគេចវេចពីប្រព័ន្ធភាពស៊ាំ និងធ្វើឱ្យមនុស្សផ្ទុកជំងឺកូវីដ-១៩ ឬឆ្លងសារជាថ្មី។ ប៉ុន្តែក្នុងករណីឆ្លងកូរ៉ូណាវីរុសជាលើកទីពីរ កូរ៉ូណាវីរុស មិនអាចធ្វើឱ្យអ្នកជំងឺមានសភាពធ្ងន់ធ្ងរឡើយ លើកលែងតែអ្នកមិនធ្លាប់ឆ្លងកូវីដ-១៩ ប៉ុណ្ណោះដែលមានហានិភ័យខ្ពស់។ 
 
ចំណែកករណីកូរ៉ូណាវីរុសបំប្លែងថ្មីនៅឥណ្ឌានេះវិញ លោកវេជ្ជបណ្ឌិត Kamil បានអះអាងថា ប្រសិនទម្រង់ «Double Mutant» អាចគេចវេចពីប្រព័ន្ធភាពស៊ាំរបស់មនុស្ស វាឱ្យអាចបណ្តុះភាពស៊ាំជាសហគមន៍បាន ប៉ុន្តែវាក៏បណ្តាលឱ្យមានមនុស្សជាច្រើនរងគ្រោះផងដែរ។ ទន្ទឹមនេះ លោកKamil បន្តថា មិនដូចវីរុសផ្សេងទៀតឡើយ កូរ៉ូណាវីរុស នៅឥណ្ឌា ទំនងជាមិនអាចបង្កឱ្យអត្រាស្លាប់ខ្លាំងជាមុនឡើយ ឬមិនអាចឆ្លងខ្លាំងជាមុនឡើយ។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត ក៏បានអះអាងផងដែរថា វាត្រូវការទិន្នន័យបន្ថែមដើម្បីវិភាគលើស្ថានភាពរបស់ទម្រង់វីរុសមួយនេះ។ 
 
តើ «Double Mutant» បង្កឱ្យករណីឆ្លងនៅឥណ្ឌាកើនឡើងខ្ពស់?
នៅថ្ងៃទី២៤ ខែមីនា ឥណ្ឌា បានរាយការណ៍ ករណីឆ្លងចំនួន ៤៧២៦២ករណី និងអ្នកស្លាប់២៧៥។ ករណីឆ្លងនេះ គឺជាចំនួនខ្ពស់បំផុតរបស់ឥណ្ឌានៅក្នុងឆ្នាំ២០២១នេះ។ ដ្បិតជាចំនួនដ៏ខ្ពស់ ប៉ុន្តែកូរ៉ូណាវីរុសទម្រង់ «Double Mutant» មិនមែនបង្កឱ្យករណីឆ្លងនៅឥណ្ឌាកើនខ្ពស់ឡើយ។ លោកវេជ្ជបណ្ឌិត Rakesh Mishra ប្រធានមជ្ឈមណ្ឌលកោសិកា និងជីវសាស្រ្ត បានអះអាងថា ករណីកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីនេះ គឺមានតែ២០ភាគរយប៉ុណ្ណោះ ឬ២៣០ករណី នៅក្នុងរដ្ឋ Maharashtra ខណៈ៨០ភាគរយនៃករណីឆ្លង មិនមានពាក់ព័ន្ធនឹងទម្រង់កូរ៉ូណាវីរុសថ្មីនេះឡើយ។ យ៉ាងណាមិញ អ្នកជំនាញក៏ព្រមានផងដែរថា រ៉ូណាវីរុសទម្រង់ «Double Mutant» អាចបង្កឱ្យមានករណីឆ្លងខ្លាំងនៅពេលខាងមុខ។ 
 
ចំណែក លោកវេជ្ជបណ្ឌិត Kamil បានអះអាងថា ទម្រង់កូរ៉ូណាវីរុសរបស់អង់គ្លេស គឺជាអ្វីដែលត្រូវបារម្ភ ព្រោះវាមានករណីឆ្លងខ្លាំងជាងមុនច្រើនជាង ៥០ភាគរយ និងមានអត្រាស្លាប់ច្រើនជាងមុន ៦០ភាគរយ។ ម្យ៉ាងវីរុសទម្រង់ ថ្មីនេះ មិនទាន់ចាត់ទុកជាទម្រង់កូរ៉ូណាវីរុស ដែលគួរឱ្យបារម្ភដូចអង់គ្លេសឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ 
 
យ៉ាងណាមិញលោកវេជ្ជបណ្ឌិត Kamil បានអះអាងថា មិនមែនតែវីរុសឆ្លងខ្លាំងទេ ប៉ុន្តែសកម្មភាពមនុស្ស ក៏ជាហេតុផលមួយធ្វើឱ្យមានការរីកសាយនៃកូរ៉ូណាវីរុសផងដែរ៕
 

Tag:
 ឥណ្ឌា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com