COVID-19
ជាតិ
នគរបាលទាំងអស់នៅប៉ុស្តិ៍ស្រះចក ត្រូវធ្វើចត្តាឡីស័ក, ថ្នាក់លើ ដាក់កម្លាំង ឲ្យទៅបំពេញការងារជំនួស
27, Mar 2021 , 5:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក Narith Khmer
រូបភាពពីហ្វេសប៊ុក Narith Khmer
ភ្នំពេញ៖ មន្រ្តីនគរបាលទាំងអស់ ដែលមានចំនួន១៧នាក់ នៅប៉ុស្តិ៍រដ្ឋបាលស្រះចក ក្នុងខណ្ឌដូនពេញ ត្រូវធ្វើចត្តាឡីស័ក ក្រោយរកឃើញថាពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។ ថ្នាក់លើ បានចាត់ចែងឲ្យមន្រ្តីនគរបាលពីអង្គភាពផ្សេង ទៅបំពេញការជំនួសជាបណ្តោះអាសន្ន នៅប៉ុស្តិ៍រដ្ឋបាលស្រះចក។



លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗ ថា ក្នុងអំឡុងមន្រ្តីនគរបាលទាំងអស់នៅប៉ុស្តិ៍រដ្ឋបាលស្រះចក ត្រូវធ្វើចត្តាឡីស័ក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើលិខិតស្នើទៅប៉ុស្តិ៍នគរបាលដទៃ ដើម្បីឲ្យបែងចែកមន្រ្តីនគរបាល ទៅបំពេញការងារជំនួស នៅប៉ុស្តិ៍រដ្ឋបាលស្រះចក។ 

លោក មានប្រសាសន៍ថា៖«ការងាររបស់សមត្ថកិច្ច ជាពិសេសនគរបាលប៉ុស្តិ៍គឺចាំបាច់ ត្រូវការបម្រើសេវាប្រជាពលរដ្ឋជាប្រចាំ។ អ៊ីចឹង យើង មិនអាចអត់បានទេ យើងមានកម្លាំងត្រៀមដើម្បីរៀបចំចាត់ចែង ជំនួសអ្នកដែលកំពុងធ្វើចត្តាឡីស័ក»។ 
 
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា មន្រ្តីនគរបាលទាំង១៧នាក់នោះ បានធ្វើតេស្តម្ដងរួចមកហើយ ដោយលទ្ធផល គឺអវិជ្ជមាន។ លោក បន្តថា មន្រ្តីនគរបាលទាំងនោះ រង់ចាំលទ្ធផលតេស្តលើកទី២ទៀត៕ 
 

Tag:
 COVID-19
  ប៉ុស្តិ៍រដ្ឋបាលស្រះចក
© រក្សាសិទ្ធិដោយ thmeythmey.com