ជាតិ
វីដេអូ
សង្គមជាតិ
ទោះនឿយ និងប្រឈមច្រើន តែកញ្ញា បុណ្យ រចនា មិនរារែកក្នុងការទាមទារសិទ្ធិ និងយុត្តិធម៌សម្រាប់ស្ត្រី
29, Mar 2021 , 12:59 pm        
រូបភាព
ភ្នំពេញ៖ កញ្ញា បុណ្យ រចនា គឺជាសហស្ថាបនិក និងជានាយិកាអង្គការក្លាហាន ដែលធ្វើកិច្ចការផ្ដោតលើការលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ។ ជួបជាមួយស្រ្តីជាច្រើន អ្នកដឹកវ័យ៣៧ឆ្នាំរូបនេះ កាន់តែមើលឃើញពីបញ្ហាប្រឈមរបស់ស្រ្តី ដែលទទួលរងពីសង្គម និងគ្រួសារ។ ការណ៍នេះ បានធ្វើឱ្យ កញ្ញា រចនា ប្រឹងដុសខាត់សមត្ថភាពខ្លួន ដើម្បីប្រឹងប្រែងដោះស្រាយបញ្ហា និងស្វែងរកសិទ្ធិពេញលេញសម្រាប់ស្រ្តី។

 
កម្ពុជា មានអង្គការសង្គមស៊ីវិលជាច្រើន ប៉ុន្តែភាគច្រើនអង្គការទាំងនោះ គឺជាបុរសអ្នកផ្គួចផ្ដើម។ ស្ថិតក្នុងចំណោមស្រ្តីជាអ្នកដឹកនាំអង្គការសង្គមស៊ីវិលដ៏តិចតួច ក្នុងឆ្នាំ២០១៨ កញ្ញា បុណ្យ រចនា បានបង្កើត «ក្លាហាន» ជាមួយស្រ្តីជនជាតិអូស្រ្តាលីម្នាក់គឺ  Kate Seewald
ដែលផ្ដោតលើការលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ។ តាមពិតទៅ មុនក្លាយជាអ្នកដឹកនាំកំពូលនៃអង្គការក្លាហាន ស្រ្តីវ័យ៣៧ឆ្នាំរូបនេះ ធ្លាប់ធ្វើការងារនៅអង្គការសង្គមស៊ីវិលជាច្រើនកន្លែង ដែលសុទ្ធសឹងផ្ដោតលើការកម្ពស់សិទ្ធិ និងផ្ដល់ការគាំទ្រចំពោះស្រ្តី។ 

 
 
 ប្ដូរការងារពីមួយកន្លែងទៅមួយកន្លែង បានធ្វើឱ្យអ្នកខេត្តកំពង់ធំរូបនេះ មានឱកាសជួបជាមួយស្រ្តីក្នុងវិស័យខុសៗគ្នា រាប់ពីវិស័យនយោបាយ រហូតដល់កសិករ។ ពេលនោះហើយនាំឱ្យស្រ្តីសម្បុរស្រអែមរូបនេះ កាន់តែយល់ច្បាស់ពីទុក្ខធុរៈរបស់ស្រ្តី ដែលក្រៅពីរងការរឹតត្បិតពីសង្គម បញ្ហាគ្រួសារក៏ជាបន្ទុកដ៏ធំមួយ សម្រាប់ស្រ្តីផងដែរ។ ការណ៍នេះ បាននាំឱ្យ កញ្ញា រចនា បានបង្កើត«ក្លាហាន» ដើម្បីជួយលើកកម្ពស់សិទ្ធិស្រ្តី  និងជាអ្នកនាំសារពីទុក្ខលំបាកស្រ្តីដល់សង្គម។ 

កញ្ញា រចនា បានរៀបរាប់ដូច្នេះថា៖«ការដែលយើងបង្កើតក្លាហានឡើង យើងចង់ប្រើប្រាស់ស្ថាប័ននេះ ជាឧបករណ៍ពង្រីកចលនាសង្គម ដែលធ្វើការទាក់ទងនឹងរឿងស្រ្តី ក៏ដូចជាចូលរួមក្នុងការកៀរគរយុវជន ដើម្បីផ្លាស់ប្តូរផ្នត់គំនិត ដែលរឹតត្បិតលើសិទ្ធិសេរីភាពរបស់ស្រ្តី។ ហើយមួយទៀតយើងចង់យកវា ដើម្បីធ្វើការតស៊ូមតិ ឱ្យមានការផ្លាស់ប្តូរនូវគោលនយោបាយជាតិ និងច្បាប់មួយចំនួន ដែលមានលក្ខណរឹតត្បិតមកលើស្រ្តី»។


 
បើតាម កញ្ញា រចនា ក្នុងបេសកម្មរយៈពេល៤ឆ្នាំមកនេះ «ក្លាហាន» បានខ្នះខ្នែង និងឈរជាទីពឹង លើការស្វែងរកសិទ្ធិសេរីភាព ជូនដល់ស្រ្តី។ បើតាម កញ្ញា រចនា ទោះបីជាបច្ចុប្បន្ន មានការលើកតម្កើង សមភាពយេនឌ័រក៏ពិតមែន ប៉ុន្តែស្រ្តីនៅតែជាបុគ្គលងាយរងគ្រោះ។ សម្រាប់កញ្ញា រចនា មើលឃើញថា ក្រៅពីបញ្ហាសង្គម ស្រ្តីក៏ប្រឈមបញ្ហាក្នុងគ្រួសារជាច្រើន  និងជាជនងាយរងគ្រោះ នៃបញ្ហាហិង្សាទាំង ផ្លូវកាយ ផ្លូវចិត្ត និងបញ្ហាសេដ្ឋកិច្ចផងដែរ។ លើសពីនេះ នៅសង្គមកម្ពុជា នៅមានផ្នត់គំនិតមិនទាន់ឱ្យតម្លៃពេញលេញ ចំពោះស្រ្តី ក្នុងភាពជាអ្នកដឹកនាំ ដែលនាំឱ្យខ្វះគំរូភាព និងរាំងស្ទះក្នុងការសម្រចចិត្ត របស់ស្រ្តីជំនាន់ក្រោយ ។ «អ្វីដែល«ក្លាហាន»បានធ្វើកន្លងមក គឺការផ្ដល់ព័ត៌មាន ហើយនេះជារឿងដែលសំខាន់ នៅក្នុងបរិបទសង្គមមួយ ដោយសារតែបរិបទសង្គមរបស់យើង ប្រកាន់នៅគោលជំហរ បែបអភិរក្សនិយម ហើយផ្អែកលើគំនិតបែបបិតាធិបតេយ្យទៀត។  អ៊ីចឹង មានការលើកឡើងច្រើនពីវប្បធម៌ សុជីវធម៌ និងសីលធម៌សង្គម ដោយផ្អែកលើគំនិតបែបបិតាធិបតេយ្យ ដើម្បីដាក់បន្ទុកមកលើរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់ស្រ្តី ទាំងស្រ្តីវ័យក្មេង វ័យចំណាស់»។ 


 
កញ្ញា បុណ្យ រចនា មានមោទកភាព ដែលក្លាយជាផ្នែកមួយជួយស្វែងរកសិទ្ធិសេរីភាពដល់ស្រ្តី 
 
ដ្បិតតែ ជាបុគ្គលម្នាក់ ដែលចាំជួយជ្រោមជ្រែង និងស្វែងរកសិទ្ធិសម្រាប់ស្រ្តី តែកញ្ញា រចនា ទទួលស្គាល់ថា ការងារនេះពិតជាធ្វើឱ្យនាងនឿយហត់ ចំពោះបញ្ហាជាច្រើនពន់ពេក និងការមិនផ្ដល់តម្លៃចំពោះកិច្ចខិតខំប្រឹងប្រែង របស់នាង។ តែទោះជាយ៉ាងណា ស្រ្តីដ៏ក្លាហានរូបនេះ មិនរួញរា ព្រោះតែសេចក្ដីស្រលាញ់ និងជំនឿចិត្ត ហើយនាងសប្បាយចិត្ត ដែលខ្លួនជាផ្នែកមួយ ជួយស្វែងរកសិទ្ធិសេរីភាពជូនស្រ្តី ដើម្បីទទួលបានភាពយុត្តិធម៌ពីសង្គម។ កញ្ញា រចនា បាននិយាយក្នុងសម្ដីដ៏មុតមាំថា៖«សួរថាចង់បោះបង់អត់? អត់ទេ សួរថាហត់អត់? ហត់ ខ្ញុំផ្ទាល់ ក៏ដូចជាស្រ្តីផ្សេងទៀត ដែលធ្វើការលើវិស័យសិទ្ធិស្រ្តី និងសមភាពយេនឌ័រហ្នឹង គឺយើងហត់ណាស់ ព្រោះ អ្វីដែលយើងជួបហ្នឹងដដែលៗទេ។ របៀបថា ដោះស្រាយរឿងមួយ ចូលរឿងមួយទៀត។ យើងធ្វើរឿងហ្នឹង ដោះស្រាយថ្ងៃហ្នឹង ថ្ងៃក្រោយដោះស្រាយរឿងហ្នឹង ឆ្នាំក្រោយដោះរឿងហ្នឹងទៀត» ។ 
 
សម្រាប់កញ្ញា រចនា ដើម្បីឱ្យមានសមភាពយេនឌ័ររវាងស្រ្តី និងបុរស ត្រូវទាមទារឱ្យមានការចូលរួមពីបុគ្គលគ្រប់រូប ជាពិសេសភាគីពាក់ព័ន្ធ និងឈប់ដាក់បន្ទុកកិច្ចការងារផ្ទះលើស្រ្តីតែម្នាក់ ដែលជាកត្តារារាំងលើការបញ្ចេញសមត្ថភាព និងបង្អាក់ដំណើររបស់ស្រ្តីលើសេចក្ដីសម្រេចចិត្ត និងសកម្មភាពក្នុងសង្គម។ 
 
អ្នកដឹកនាំវ័យក្មេងរូបនេះ បានលើកទឹកចិត្តដល់យុវជនស្រ្តី និងយុវតី ត្រូវថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យរឹងមាំ ដើម្បីបង្កើនសមត្ថភាព និងភាពក្លាហានហ៊ានតវ៉ា ចំពោះផ្នត់គំនិត រើងអើងក្នុងរូបភាពណាមួយ៕  


 

Tag:
 ស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com