ពីនេះ ពីនោះ
កូវីដ៖ អ្នកជំងឺមានអាការក្តៅខ្លួន ពិបាកស្វែងរកសេវាពេទ្យ?
31, Mar 2021 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ នៅតែបន្តធ្វើការពីផ្ទះរៀងៗខ្លួន។ ធ្វើការពីចម្ងាយមែន តែប្រសិទ្ធិភាពការងារនៅតែខ្ពស់ ព្រោះ មិនសូវបានជជែកគ្នាជាមួយសហការី ដូចនៅកន្លែងធ្វើការ។ ធុញថប់បន្តិច តែផលិតភាពការងារដូចជាប្រសើរជាងមុន។ នៅថ្ងៃនេះ សំឡាញ់ទាំងពីរលើកយកប្រធានបទ ដែលគ្លីនិកពីគ្រោះយោបល់ និងព្យាបាលខ្ លះបារម្ភពីអ្នកជំងឺក្តៅខ្លួន ហើយសឹងតែលែងហ៊ានទទួល។

 
សំណាង៖ អា សុធីរ! ហាងគ្រប់ប្រភេទមួយចំនួន ត្រូវបានប្រកាសឲ្យបិទដោយក្រសួងជំនាញ បន្ទាប់ពីរកឃើញថា ហាងទាំងនោះ អាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ។ អ៊ីចឹងហាងទាំងនោះ មិនលែងបានរកស៊ីទៀតហើយ? 
 
សុធីរ៖ អើ! ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ គ្រប់មនុស្ស ឬស្ថាប័នដែលពាក់ព័ន្ធ ត្រូវបានគេតម្រូវឲ្យបិទជាបណ្តោះអាសន្នសិន។ នៅពេលដែលអ្វីៗត្រូវបានរកឃើញ ឬត្រូវបានធានាថា មានសុវត្ថិភាពពិតប្រាកដហើយ ពេលនោះ ហាងទាំងនោះមានសិទ្ធិបើកឡើងវិញ។ 
 
សំណាង៖ អ៊ីចឹង ម្ចាស់ហាងមិនខាតងាប់ហើយ?    
 
សុធីរ៖ ចុះអ្ហែងទៅគិតរឿងខាតអីទៀតអ្ហា! រឿងកូវីដនេះ មិនត្រូវនិយាយរឿងខាត ឬចំណេញទៀតទេ តែវាជារឿងអាយុជីវិត។ ជីវិតសេដ្ឋកិច្ចសំខាន់ តែជីវិតមនុស្សសំខាន់ជាងសេដ្ឋកិច្ចទៅទៀត។ មនុស្សមានជីវិត ទើបអាចធ្វើឲ្យសេដ្ឋកិច្ចដំណើរការបាន! 
 
សំណាង៖ មិនត្រឹមតែហាងទូទៅទេ ដែលតម្រូវឲ្យបិទ សូម្បីតែគ្លីនិកមួយចំនួន ក៏តម្រូវឲ្យផ្អាកដំណើរការបណ្តោះអាសន្នដែរ បើមានករណីពាក់ព័ន្ធទៅនឹងរឿងកូវីដនោះ។ ចុះបើគ្លីនិកផ្អាក ឬបិទបណ្តោះអាសន្ន ចុះអ្នកជំងឺម៉េចទៅវិញ? 
 
សុធីរ៖ រឿងករណីគ្លីនិកនេះ គឺជារឿងដែលពិបាកគិតបន្តិច។ បើគិតក្នុងន័យធម្មតា ប្រសិនបើគ្លីនិកនោះ ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ ជាលក្ខណៈស្វ័យប្រវត្តិ គ្លីនិកនោះ ត្រូវផ្អាកបណ្តោះអាសន្ន។ នេះ គឺជាគោលការណ៍ក្រសួងជំនាញ។ រីឯអ្នកជំងឺមានតែពិបាក។ 
 
សំណាង៖ ចុះបើគ្លីនិកបិទកាន់តែច្រើន ឬគ្លីនិក លែងហ៊ានទទួលអ្នកជំងឺធម្មតា (ក្តៅខ្លួន) ទៅទៀត តើអ្នកជំងឺត្រូវទៅទីណា? 
 
សុធីរ៖ ការពិតរឿងនេះ វាកំពុងកើតមានឡើងអ៊ីចឹងខ្លះមែនហើយ។ គ្លីនិកមួយចំនួន កំពុងត្រូវបានផ្អាកឲ្យដំណើរការ។ ដូច្នេះ អ្នកជំងឺថ្មី ដែលចង់ទៅទទួលសេវានៅទីនោះ ក៏មិនអាចទៅទៀតបានឡើយ។ អ្នកជំងឺខ្លះ ជាពិសេស អ្នកជំងឺដែលមានអាការក្តៅខ្លួន រឹតតែពិបាករកគ្លីនិកទៅទៀត ព្រោះ គ្លីនិក«ខ្លះ» បដិសេដមិនហ៊ានទទួលពិគ្រោះទេ។ 
 
សំណាង៖ ចុះបើគ្លីនិកខ្លាច តើអ្នកជំងឺយ៉ាងម៉េចទៅវិញ? 
 
សុធីរ៖ អ្នកជំងឺមានតែពិបាក។ តែយើងក៏ត្រូវយល់ដែរថា ម្ចាស់គ្លីនិក គ្នាក៏ប្រឈម និងលំបាកដែរ។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com