កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុន និងកាណាដា ស៊ីគូប្រជែងរៀងៗខ្លួនលើសពី១០គ្រាប់ក្នុងវគ្គជម្រុះ World Cup
31, Mar 2021 , 10:47 am        
រូបភាព
ខ្សែការពារម៉ុងហ្គោលី២នាក់ព្យាយាមរារាំងខ្សែប្រយុទ្ធជប៉ុន Yuya Osako។ រូបថត FIFA World Cup
ខ្សែការពារម៉ុងហ្គោលី២នាក់ព្យាយាមរារាំងខ្សែប្រយុទ្ធជប៉ុន Yuya Osako។ រូបថត FIFA World Cup
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុនបានយកឈ្នះម៉ុងហ្គោលីក្នុងលទ្ធផល ១៤-០ នាការប្រកួតជម្រុះ World Cup តំបន់អាស៊ី នៅថ្ងៃទី៣០ ខែមីនា។ កាណាដា ដែលប្រកួតជម្រុះនៅអាមេរិកកណ្តាល ស៊ីកោះកៃម៉ាដល់ ១១-០ ផងដែរ។


តាមរយៈជ័យជម្នះដោយលទ្ធផលច្រើនសន្ធឹកនេះ ជប៉ុនត្រូវការឈ្នះមីយ៉ាន់មួយប្រកួតទៀតប៉ុណ្ណោះនៅពូល F នោះពួកគេនឹងឈានទៅកាន់ការប្រកួតជម្រុះជុំទី៣បន្តទៀត ដើម្បីឆ្ពោះទៅ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។ 
 
កីឡាករ Yuya Osako បានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់ម្នាក់ឯង (hat-trick) ខណៈ Takumi Minamino ខ្សែបម្រើ Southampton ក៏ស្ថិតក្នុងចំណោមអ្នករកគ្រាប់បាល់ទាំង៨រូបរបស់ជប៉ុនផងដែរ។ Khash-Erdene Tuya កីឡាករម៉ុងហ្គោលី ធ្វើឱ្យបាល់ចូលទីខ្លួនឯងក្នុងចំណោមគ្រាប់បាល់ទាំង១៤គ្រាប់របស់ជប៉ុន។
 
ជប៉ុនដែលនឹងត្រូវជួបមីយ៉ាន់ម៉ានៅថ្ងៃទី៣ ខែមិថុនា រកបាន១៥ពិន្ទុពេញ ពីការប្រកួត៥លើក ឈរកំពូលតារាងពូល F តាមពីក្រោយដោយ តាជីគីស្ថានដែលមាន១០ពិន្ទុ។ សាធារណរដ្ឋគៀហ្សីស៊ីស្ថាន នៅលេខ៣ មាន៧ពិន្ទុ មីយ៉ាន់ម៉ារកបាន៦ពិន្ទុស្ថិតនៅចំណាត់ថ្នាក់ទី៤ និងម៉ុងហ្គោលីនៅបាតតារាងមាន៣ពិន្ទុ។ 
 
នៅវគ្គជម្រុះតំបន់អាស៊ីនេះដែរ កម្ពុជាដែលអស់ឱកាសទៅហើយនឹងត្រូវធ្វើដំណើរទៅជួបបារ៉ែននៅថ្ងៃទី៣ ខែមិថុនា មុនជួបអ៊ីរ៉ាក់នៅ៤ថ្ងៃបន្ទាប់ និងជំនួបបង្គ្រប់កិច្ចចុងក្រោយប៉ះអ៊ីរ៉ង់នៅថ្ងៃទី១១ ខែមិថុនា។
 
ដោយឡែកការប្រកួតនៅតំបន់អាមេរិកកណ្តាលឯណោះវិញ កាណាដាដែលស្ថិតនៅពូល B រកបានជ័យជម្នះលើកទី២របស់ខ្លួនដោយយកឈ្នះកោះកៃម៉ាដល់ទៅ ១១-០។ កាណាដាឈរកំពូលតារាងមាន៦ពិន្ទុ ស្មើជាមួយក្រុមលេខ២ សូរីណាម ខណៈប៊ឺមូដានៅលេខ៣មាន៣ពិន្ទុ តាមពីក្រោយដោយអារូបា និងកោះកៃម៉ាដែលគ្មានពិន្ទុរាប់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com