ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកប្រឆាំង បន្តទាមទាររកយុត្តិធម៌ ជូនជនរងគ្រោះ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកឆ្នាំ៩៧
31, Mar 2021 , 1:00 pm        
រូបភាព
អតីតគណបក្សប្រឆាំង ធ្វើពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធបាតុករ ដែលស្លាប់ក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ពិធីបង្សុកូលនេះ ធ្វើឡើង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ដែលជាខួប២០ឆ្នាំនៃព្រឹត្តិការណ៍បំផ្ទុះគ្រាប់។
អតីតគណបក្សប្រឆាំង ធ្វើពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធបាតុករ ដែលស្លាប់ក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ពិធីបង្សុកូលនេះ ធ្វើឡើង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ដែលជាខួប២០ឆ្នាំនៃព្រឹត្តិការណ៍បំផ្ទុះគ្រាប់។
ថ្នាក់ដឹកនាំក្រុមប្រឆាំង ដែលកំពុងរស់នៅឯក្រៅប្រទេស បានចេញសេចក្តីថ្លែងការណ៍រម្លឹកពីព្រឹត្តិការណ៍នៃការបំផ្ទុះគ្រាប់បែក នៅបរិវេណខាងក្រៅវិមានរដ្ឋសភាចាស់ ដែលបច្ចុប្បន្ន ក្លាយជាតុលាការកំពូល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ក្រុមប្រឆាំង បានបន្តទាមទាររកយុត្តិធម៌ ជួនជនរងគ្រោះ ក្នុងហេតុការណ៍នៃការបំផ្ទុះគ្រាប់បែកនាកាលនោះ។



ក្រុមអ្នកប្រឆាំង បានរំលេចថា មកដល់បច្ចុប្បន្ននេះ ព្រឹត្តិការណ៍នៃការបំផ្ទុះគ្រាប់បែកនៅជិតរដ្ឋសភាចាស់ មានរយៈពេល២៥ឆ្នាំហើយ តែឃាតកនិងអ្នកនៅពីក្រោយខ្នងឃាតក នៅតែរស់នៅក្រៅសំណាញ់ច្បាប់។ បន្ថែមពីនេះ ក្រុមអ្នកប្រឆាំង នៅតែបន្ទោសរដ្ឋាភិបាលកម្ពុជាថា មិនបានស្វែងរកជនដៃដល់និងអ្នកបញ្ជាពីក្រោយ ដើម្បីនាំយកទៅផ្តន្ទាទោស។

តាមរយៈសេចក្តីថ្លែងការណ៍ ចេញថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកប្រឆាំង អះអាងថា៖«គណបក្សសង្គ្រោះជាតិ នៅតែបន្តប្តេជ្ញាចិត្ត ក្នុងការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះជានិច្ច»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមថា៖«ព្រឹត្តិការណ៍គប់គ្រាប់បែកលើហ្វូងបាតុករ នៅជិតវិមានរដ្ឋសភាចាស់ កាលពីឆ្នាំ៩៧ គឺជាឧបាយកលរបស់អតីតគណបក្សប្រឆាំង តាមរបៀបស្វាស៊ីបាយយកទៅលាបមាត់ពពែ»។

បើតាមសេចក្តីថ្លែងការណ៍របស់អតីតគណបក្សប្រឆាំង បាតុករ១៦នាក់ បានបាត់បង់ជីវិត និងបាតុករជាង២០០នាក់ទៀត បានរងរបួស ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក៤គ្រាប់ នៅជិតរដ្ឋសភាចាស់ (លើសួនមុខវត្តបទុមវត្តី) កាលពីឆ្នាំ១៩៩៧។

ជារៀងរាល់ឆ្នាំ នាថ្ងៃទី៣០ ខែមីនា មន្រ្តីអតីតគណបក្សប្រឆាំង តែងទៅរៀបចំពិធីសាសនា នៅស្តូប ក្នុងសួនមុខវត្តបទុមវត្តី ដើម្បីគោរពវិញ្ញាណក្ខន្ធបាតុករ ដែលបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក។ ប៉ុន្តែ សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ មិនមានមន្រ្តីអតីតគណបក្សប្រឆាំង ទៅរៀបចំពិធីគោរពវិញ្ញាណក្ខន្ធបាតុករ នៅស្តូបក្នុងសួនមុខវត្តបទុមវត្តី ដូចរាល់ឆ្នាំឡើយ៕

Tag:
 ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកឆ្នាំ៩៧
© រក្សាសិទ្ធិដោយ thmeythmey.com