ជាតិ
សង្គមជាតិ
បុរសដែលប្រឌិតថា «បិទភ្នំពេញ» ត្រូវអនុញ្ញាតឲ្យទៅផ្ទះវិញ ក្រោយសារភាពកំហុស
31, Mar 2021 , 5:42 pm        
រូបភាព
ដោយ: ថ្មីៗ
បុរសវ័យ២៦ឆ្នាំម្នាក់ ដែលបានបង្កើតពាក្យចចាមអារ៉ាមថា មានការបិទរាជធានីភ្នំពេញ បានចូលសារភាពកំហុស និងសូមទោស នៅចំពោះមុខនគរបាលរាជធានីភ្នំពេញ។ ក្រៅពីនេះ រូបគេ ថែមទាំងធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ក្នុងការឈប់ប្រឌិតព័ត៌មានក្លែងក្លាយបែបនេះតទៀត។

 

អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីសារភាពកំហុស សូមទោស ធ្វើកិច្ចសន្យា និង ទទួលការណែនាំពីសមត្ថកិច្ចរួច បុរសនោះ ក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ 
 
បុរសនោះ បានបង្ហោះវីដេអូតាមបណ្តាញសង្គមតិកតុក ដោយនិយាយថា រាជធានីភ្នំពេញ នឹងត្រូវបិទមិនឲ្យមានការធ្វើដំណើរចេញចូលជាបណ្តោះ។ បុរសនោះ  រស់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
 
អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា មកដល់ពេលនេះ មិនមានគោលការណ៍បិទច្រកចេញចូលរាជធានីភ្នំពេញនោះទេ។ ជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិ អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ៕ 
 
 
 

Tag:
 ព័ត៌មានប្រឌិតពីការបិទភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com