ជាតិ
ត្រីមាសទី១ឆ្នាំនេះ កំណើនខ្ពស់លើការនាំចេញស្រូវ តែការនាំចេញអង្ករបែរជាធ្លាក់ចុះ
02, Apr 2021 , 7:59 am        
រូបភាព
ដោយ:
ការនាំចេញស្រូវរបស់កម្ពុជា នៅត្រីមាសទី១ មានចំនួនជិត ១,៩លានតោន កើនឡើងជាង ១១៤ភាគរយ ខណៈការនាំចេញអង្ករវិញ មានជាង១៥ម៉ឺនតោន បានធ្លាក់ចុះជាង ៣៣ភាគរយ។ នេះបើតាមរបាយការណ៍នាំចេញប្រចាំត្រីមាស ដែលផ្សព្វផ្សាយនៅហ្វេសប៊ុករបស់លោក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

 
នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ការនាំចេញស្រូវកម្ពុជា ទៅក្រៅប្រទេសជិតខាង មានសន្ទុះកើនឡើងខ្លាំង ប៉ុន្តែការនាំចេញអង្ករវិញបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែរ។
 
យោងតាមរបាយការណ៍ផ្សព្វផ្សាយនៅលើហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម  នៅថ្ងៃទី១ មេសានេះ រយៈពេល៣ខែកន្លងមកនេះ កម្ពុជាបាននាំចេញស្រូវទាំងផ្លូវការ និងមិនផ្លូវការ ចំនួន ១ ៨៧៣ ៧៧៩តោន ទៅកាន់ប្រទេសវៀតណាម និងថៃ។ ចំនួននេះ កើនឡើងជាង ១១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០ ដែលមានបរិមាណត្រឹម ៨៧៥ ៤៨២តោន។
 
ចំណែកការនាំចេញអង្ករ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២១នេះវិញ មានចំនួន ១៥៣ ៦៨៨តោន ថយចុះជាង៣៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលមានចំនួន ២៣០ ៩៤៨តោន។
 
បរិមាណអង្ករនាំចេញទៅកាន់សហភាពអឺរ៉ុប ១៩ ប្រទេសសរុបចំនួន ៣៥ ៤៤២តោន,ប្រទេសចិន ៨៥ ៣៧០តោន,អាស៊ាន ៣ប្រទេសសរុបចំនួន ១១ ៦៥៨តោន និងប្រទេសដទៃទៀតចំនួន១៨ប្រទេស សរុបចំនួន ២១ ២១៨តោន។ ក្នុងចំណោមប្រទេសនាំចូលទាំងអស់នោះ ប្រទេសចិនឈរក្នុងលំដាប់លេខ១, បារាំងលេខ២ និងម៉ាឡេស៊ីលេខ៣។ បន្ទាប់មកមានប្រទេសហ្គាបុង, ហូឡង់, អូស្ត្រាលី, ចក្រភពអង់គ្លេស, អេស្ប៉ាញ, អាល្លឺម៉ង់ និងបែលហ្ស៊ិក។ 
 
ដោយឡែកសម្រាប់ការនាំចេញអង្កររបស់កម្ពុជា អំឡុងខែមីនា មានចំនួន ៧៧ ៤៦៦តោន ថយចុះ ១៨ភាគរយ ធៀបនឹងបរិមាណនាំចេញក្នុងខែមីនា ឆ្នាំ២០២០។ សម្រាប់ប្រភេទអង្ករ ដែលនាំចេញមានដូចជា អង្ករក្រអូប,អង្ករស,អង្ករផ្ការំដួល និងអង្ករផ្កាម្លិះ៕
 
 

Tag:
 ការនាំចេញ
 កសិផល
 ស្រូវ
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com