COVID-19
ជាតិ
ករណីទី១៨៖ បុរសខ្មែរអាយុ២៩ឆ្នាំ ចូលមន្ទីរពេទ្យបានជាង៦ម៉ោង ក៏ស្លាប់ដោយសារជំងឺកូវីដ-១៩
02, Apr 2021 , 9:28 pm        
រូបភាព
បុគ្គលិកសុខាភិបាល ជញ្ជូនវ៉ាក់សាំងស៊ីណូហ្វាម ចេញពីឃ្លាំង យកទៅចាក់ឲ្យប្រជាជនកម្ពុជា នៅថ្ងៃដំបូង គឺថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ រូបពី AFP
បុគ្គលិកសុខាភិបាល ជញ្ជូនវ៉ាក់សាំងស៊ីណូហ្វាម ចេញពីឃ្លាំង យកទៅចាក់ឲ្យប្រជាជនកម្ពុជា នៅថ្ងៃដំបូង គឺថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ រូបពី AFP
នៅយប់ម៉ោងជិត៩ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន១ទៀត ស្តីពីមរណភាពអ្នកជំងឺកូវីដ-១៩ម្នាក់ គឺបុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ ដែលមានអាសយដ្ឋាននៅសង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ។



ក្រសួងសុខាភិបាល ផ្តល់ព័ត៌មានថា បុរសជនជាតិខ្មែរវ័យ២៩ឆ្នាំរូបនោះ បានចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅម៉ោង៩ព្រឹក ថ្ងៃទី១ ខែមេសា។ ក្រសួង បន្តថា ដោយសារគាត់ មានសភាពហត់ខ្លាំង ក្រុមគ្រូពេទ្យ ក៏បញ្ជូនគាត់ ទៅសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងយកសំណាកទៅធ្វើតេស្ត ហើយលទ្ធផល ដែលបង្ហាញ គឺគាត់ មានវិជ្ជមានជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល បន្ថែមថា ដោយសារបុរសជាអ្នកជំងឺនោះ មានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ក្រុមគ្រូពេទ្យ បានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះគាត់បាន ហើយគាត់ បានទទួលមរណភាព នៅម៉ោងជាង៤ល្ងាច ថ្ងៃទី១ ខែមេសា។ បុរសនោះ បាត់បង់ជីវិត ក្រោយចូលមន្ទីរពេទ្យបានជាង៦ម៉ោង។ 

ក្រសួងសុខាភិបាល បញ្ជាក់ថា៖«ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ [គឺ] បុរសជនជាតិខ្មែរអាយុ២៩ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវីដ-១៩»។

នាព្រលប់ថ្ងៃទី២ ខែមេសានេះដដែល ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានម្តងរួចមកហើយ អំពីករណីស្រ្តីជនជាតិខ្មែរវ័យ៦១ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩។ មកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា មានមនុស្ស១៨នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយក្នុងនោះ មានជនជាតិខ្មែរ១៧នាក់ (ស្រ្តី១០នាក់) និងបុរសជនជាតិចិនម្នាក់៕

Tag:
 COVID-19
  ករណីស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com