ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន អនុម័ត «ផែនទីចង្អុលផ្លូវRoadmap» ស្ដារវិស័យទេសចរណ៍ នៃវិបត្តិកូវីដ-១៩
03, Apr 2021 , 7:30 pm        
រូបភាព
 រូបភាពពីទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន​ សែន
រូបភាពពីទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន​ សែន
ដោយ:

សម្ដេច ហ៊ុន សែន អនុម័តជាផ្លូវការ «ផែនទីចង្អុលផ្លូវRoadmap» ពីផែនការស្ដារវិស័យទេសចរណ៍ នៅក្នុងនិងក្រោយវិបត្តិកូវីដ-១៩ហើយ កាលថ្ងៃទី៣០មិនា ឆ្នាំ២០២១។ ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានអនុម័តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ផងដែរ។



« ផែនទីចង្អុលផ្លូវRoadmap » គឺជាត្រីវិស័យ ចង្អុលផ្លូវដើម្បីស្តារវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិកូវីដ-១៩។ ផែនទីចង្អុលផ្លូវនេះ នឹងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅទេសចរណ៍គុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលអាចទាញទេសចរអន្តរជាតិ និងជំរុញកំណើនភ្ញៀវទេសចរក្នុងស្រុក។

ផែនការស្ដារទេសចរណ៍ ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ បានបែកចែកជា ៣ដំណាក់កាលផ្សេងៗគ្នា​។​ ដំណាក់កាលទី១ គឺការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ស្ដារឡើងវិញ ឆ្នាំ២០២១។ ដំណាក់កាលទី២ ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ (២០២២-២០២៣) ។ ដំណាក់កាលទី៣ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។

ដោយឡែក ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ជាផែនការសំខាន់មួយទៀតសម្រាប់ជំរុញវិស័យទេសចរណ៍កម្ពុជាផងដែរ។ តាមរយៈផែនការមេនេះ នឹងអាចទាញទេសចរចំនួន ១៨,៤លាននាក់ ក្នុងនោះទេសចរជាតិ ១០,៩លាននាក់ និងអន្តរជាតិ ៩,៥លាននាក់ ទៅកាន់ខេត្តសៀមរាប។
បើតាមក្រសួងទេសចរណ៍ ផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប នឹងអាចនាំចំណូលចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាប្រមាណ ៦ពាន់លានដុល្លារ និងប្រែក្លាយតំបន់ជុំវិញខេត្ត ជាទិសដៅទេសចរណ៍ប្រកបដោយគុណភាព។

ផែនការអភិវឌ្ឍន៍ខេត្តសៀមរាបចែក គោលដៅយុទ្ធសាស្ត្រជា ៧។ ទី១ ការអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពក្នុងខេត្តសៀមរាប។ ទី២ ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មី។ ទី៣ ការផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍ទៅខេត្តសៀមរាប។ ទី៤ ពង្រឹងគុណភាព និងនិរន្តភាពនៃការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ ទី៥ ការគ្រប់គ្រងបរិស្ថានក្នុងខេត្តសៀមរាប​។ ទី៦ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ ទី៧ ការពង្រឹងអភិបាលរកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តសៀមរាប។

បើតាមក្រសួងទេសចរណ៍ វិស័យទេសចរណ៍កម្ពុជាត្រៀមងើបឡើងវិញអាចក្រោមទម្រង់ជាអក្សរ U សម្រាប់ទេសចរណ៍អន្តរជាតិ និងទម្រង់អក្សរ V សម្រាប់ទេសចរណ៍ក្នុងស្រុក។
គួរបញ្ជាក់ផងដែរថា ការរាតត្បាតនៃជំងឺកូវីដ-១៩ ពេញមួយឆ្នាំ ២០២០ កម្ពុជា មានទេសចរសរុបប្រមាណ ៩លាននាក់ប៉ុណ្ណោះ ដែលចំនួននេះបង្ហាញថា ទេសចរជាតិធ្លាក់ចុះ ២០ភាគរយ និងអន្តរជាតិ ៣០ភាគរយ។ ការធ្លាក់ចុះចំនួនភ្ញៀវទេសចរនេះ​ បានធ្វើឱ្យកម្ពុជាបាត់ប្រាក់ចំណូល ៣ពាន់លានដុល្លារ៕






© រក្សាសិទ្ធិដោយ thmeythmey.com