ជាតិ
សង្គមជាតិ
ព្រឹត្តិការណ៍២០កុម្ភៈ ធ្វើ​ឱ្យសហគមន៍អេកូទេសចរណ៍ជីផាត​ ​ស្ងាត់ជ្រងំ
04, Apr 2021 , 5:20 pm        
រូបភាព
ដោយ:
ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សហគមន៍អេកូទេសចរណ៍ជីផាត ដែលធ្លាប់​តែមានទេសចរអ៊ូអរនោះ ប្រែទៅជាសភាពស្ងាត់ជ្រងំគ្មានសោះ​ភ្ញៀវទេសចរទៅកម្សាន្ត។ ​អវត្តមានភ្ញៀវទេសចរ ធ្វើឱ្យសហគមន៍ជីផាតបាត់ចំណូល និងប៉ះពាល់ដល់ការបើកប្រាក់ខែជូនបុគ្គលិក។​



សហគមន៍អេកូទេសចរណ៍ជីផាត ចាប់ផ្តើម​ធ្លាក់ចុះភ្ញៀវទេសចរ​ទៅកម្សាន្តជាបន្តបន្ទាប់ រហូតដល់គ្មានតែម្តង ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។  លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ភ្ញៀវទេសចរជាច្រើន បានលុបចោលការកក់ទៅកម្សាន្ត នៅសហគមន៍អេកូទេសចរណ៍ជីផាត ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍២០កុម្ភៈ។ ក្រៅពីនេះ ភ្ញៀវទេសចរដែលចង់ទៅកម្សាន្ត ក៏ជួបផលលំបាក ដោយសារមានការរឹតត្បិតការធ្វើដំណើរចូលសហគមន៍ ដូចជាការវាស់កម្ដៅ និងត្រួតពិនិត្យសុខភាពជាដើម ដែលជាហេតុ​ធ្វើឱ្យសហគមន៍ធ្លាប់តែអ៊ូអរ ប្រែស្ងាត់ជ្រងំ។

លោក អន សុវណ្ណ ​បញ្ជាក់ដូច្នេះថា៖«យើងមិនអាចទទួលភ្ញៀវដែលចង់មកបាន ដោយសារមានការបិទផ្លូវខ្លះ ហើយធ្វើឱ្យយើងប្រឈមនឹងការគ្មានចំណូលសោះតែម្ដង»។
សហគមន៍អេកូទេសចរណ៍មួយនេះ កន្លងមករំពឹងប្រាក់ចំណូលពីភ្ញៀវទេសចរ ប៉ុន្តែពេលបាត់ភ្ញៀវ ធ្វើឱ្យសហគមន៍គ្មានប្រាក់ចំណូល ស្ទើរតែគ្មានប្រាក់បើកឱ្យបុគ្គលិក។ ប្រធានសហគមន៍នេះលើកឡើងថា​ មកដល់ពេលនេះសហគមន៍ប្រើប្រាស់ថវិកាមូលនិធិដើម្បី ផ្គត់ផ្គង់ ការចំណាយផ្សេងៗ។ បើសិនព្រឹត្តិការណ៍២០កុម្ភៈ នៅតែបន្តលោក សុវណ្ណ មិនដឹងថាដោះស្រាយផលប៉ះពាល់យ៉ាងណានោះទេ មានតែចាំមើលស្ថានភាពជាក់ស្ដែងប៉ុណ្ណោះ។

សូមជម្រាបផងដែរថា​ ជីផាតជាសហគមន៍អេកូទេសចរណ៍មួយ ដែលមានសក្តានុពលធម្មជាតិសម្បូរបែប
និងមានកន្លែងកម្សាន្តបែបបុរាណផងដែរ។ សហគមន៍ជីផាត ទើបមានសន្ទុះភ្ញៀវទេសចរជាតិក្នុងឆ្នាំ២០២០ប៉ុណ្ណោះ ដោយកន្លងមកមានតែទេសចរអន្តជាតិទេ ដែលទៅកម្សាន្ត៕​
 



© រក្សាសិទ្ធិដោយ thmeythmey.com