COVID-19
ជាតិ
សង្គមជាតិ
រយៈពេល២ថ្ងៃ អាជ្ញាធរខេត្តសៀមរាបបានចាក់វ៉ាក់សាំងកូវីដ១៩ជូនមន្រ្តីប្រមាណ៧ពាន់នាក់
04, Apr 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមយុទ្ធនាការចាប់វ៉ាក់សាំងជូនដល់មន្រ្ដីរាជការ គ្រូបង្រៀនក្នុងខេត្ត ពីថ្ងៃទី២ខែមេសាមក។ រយៈពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែមេសា មន្រ្តីរាជការសរុបប្រមាណ ៧ពាន់នាក់ហើយ ដែលមកចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់។



នាយករដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល បានឲ្យដឹងថា តួលេខត្រឹមរសៀលថ្ងៃទី៣ ខែមេសា មានមន្រ្តីរាជការ គ្រូបង្រៀនប្រមាណ៧ពាន់នាក់ ដែលមកទទួលការចាក់វ៉ាក់សាំងតាមមណ្ឌលចំនួន២២ ទូទាំងខេត្តដែលបានរៀបចំ។ លោកបន្ថែមថា ដំណើរការនៃការចាក់វ៉ាក់សាំង គឺមានដំណើរការជាប្រក្រតី និងមានការរៀបចំកាលវិភាគ ក៏ដូចជាទីតាំងត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់អ្នកមកចាក់វ៉ាក់សាំងទាំងអស់។

គួរបញ្ជាក់ថា ក្នុងដំណាក់កាលនេះ មានមន្រ្តីរាជការ គ្រូបង្រៀន បុគ្គលិកតាមស្ថាប័នមួយចំនួនក្នុងខេត្តសរុបប្រមាណ ១៦,០០០នាក់ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំង។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទៅប្រទេសរបស់រាជរដ្ឋាភិបាល ខេត្តសៀមរាបទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនចំនួនជាង៤ម៉ឺនដូស ដែលអាចចាក់ជូនប្រជាពលរដ្ឋជាង ២ម៉ឺននាក់។ អាជ្ញាធរបញ្ជាក់ថា នឹងបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ និងព្យាយាមធ្វើយ៉ាងណាឲ្យបានចាក់ស្មើៗគ្នា៕

 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com