ជាតិ
សង្គមជាតិ
អ្នកស្រី គន្ធាវី ច្នៃមុខម្ហូបថ្មី «នំបុ័ងខ្ទះកំប៉ុករ៉ុក» កំពុងទទួលបានការអារម្មណ៍ពីអតិថិជន
04, Apr 2021 , 8:30 pm        
រូបភាព
រូបភាពផ្ដល់ដោយ អ្នកស្រី ផេង គន្ធាវី
រូបភាពផ្ដល់ដោយ អ្នកស្រី ផេង គន្ធាវី
ដោយ: ថ្មីៗ
 
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ «ខ្ទះកំប៉ុករ៉ុក» ជាយីហោអាជីវកម្មលក់នំបុ័ងនៅចិញ្ចើមផ្លូវ របស់អ្នកស្រី គន្ធាវី។ មុខរបរថ្មីថ្មោងមួយនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជន ដោយសារជាអាហារថ្មីប្លែក និងមានរសជាតិឆ្ងាញ់ ដោយក្នុងមួយថ្ងៃ អ្នកស្រី គន្ធាវី ទទួលការបញ្ជាទិញប្រមាណ ១០០ខ្ទះ។ ទោះប្រកបរបរតាមចិញ្ចើមផ្លូវក៏ដោយ តែអ្នកស្រីសប្បាយចិត្តព្រោះជាមុខរបរសុចរិត។



អ្នកស្រី ផេង គន្ធាវី ជាម្ចាស់អាជីវកម្មលក់ម្ហូបអាហារមួយរូប ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ២១៤ លើសួនអនុវិទ្យាល័យចតុមុខ។ អាជីវកម្មរបស់អ្នកស្រី គន្ធាវី បានបើកដំណើរការប្រមាណ៤ខែមកហើយ ប៉ុន្តែហាក់ទទួលបានការចាប់អារម្មណ៍ពីអ្នកបរិភោគមុខម្ហូបប្លែកថ្មីគឺ «នំបុ័ងខ្ទះកំប៉ុករ៉ុក»។ មុនព្រឹត្តិការណ៍ ២០កុម្ភៈ អ្នកស្រី គន្ធាវី អាចលក់បានប្រមាណ ១០០ខ្ទះ ខណៈបច្ចុប្បន្ន លក់បានត្រឹម ២០ទៅ៣០ខ្ទះប៉ុណ្ណោះ។

«នំបុ័ងខ្ទះកំប៉ុករ៉ុក» ដែលចម្អិនលើខ្ទះតូចច្រឡឹងនេះ មានសាច់ប៉ាតេ ៣មុខ សាច់គោជញ្ជ្រាំ ត្រីខ ពងមាន់ រួមនឹងនំប៉័ង។ ក្នុងមួយខ្ទះ អ្នកស្រី គន្ធាវី លក់បានតម្លៃ ៥ពាន់រៀល ហើយគំនិតច្នៃប្រឌិតនេះ ជារបស់អ្នកស្រីផ្ទាល់ រួមនិងគ្រួសារ។

ក្នុងរយៈពេលខ្លីប៉ុណ្ណោះ របរលក់«នំបុ័ងខ្ទះកំប៉ុករ៉ុក»របស់អ្នកស្រី គន្ធាវី មានការគាំទ្រច្រើន ដោយសារជាមុខម្ហូបប្លែកថ្មី និងឱជារសឆ្ងាញ់។ អ្នកស្រី គន្ធាវី ប្រាប់យ៉ាងដូច្នេះថា៖ «ភ្ញៀវសរសើរថាឆ្ងាញ់គ្រប់គ្នា។ អ្នកខ្លះ គាត់ញាំហើយខ្ចប់ផ្ញើអ្នកផ្ទះគាត់ទៀត»។

ទម្រាំទទួលបានអតិថិជនស្គាល់ និងគាំទ្រដូចសព្វថ្ងៃ អាជីវកម្មផ្នែកម្ហូបអាហាររបស់អ្នកស្រី គន្ធាវី បានជួបបញ្ហាមួយចំនួននៅពេលចាប់ផ្ដើមដំបូង។ ស្រ្តីវ័យ៣៧ឆ្នាំរូបនេះ រៀបរាប់ថា៖ «បញ្ហាពេលចាប់ផ្ដើមដំបូង គឺពុំមានអ្នកស្គាល់ តែខ្ញុំមិនបោះបង់នោះទេ។ ខ្ញុំខិតខំផ្សព្វផ្សាយផលិតផល ដោយបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក។ ក្រោយមកក៏មានការគំាទ្រជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ»។


សម្រាប់អ្នកស្រី គន្ធាវី បើទោះបីជារបរខ្លួនលក់តាមចិញ្ចើមផ្លូវ និងទទួលបានការសើចចំអកមកលើអ្នកស្រីក៏ដោយ ប៉ុន្តែអ្នកស្រី មិនបោះបង់នោះឡើយ ផ្ទុយមកវិញអ្នកស្រីសប្បាយចិត្ត ដោយវាជាប្រភពប្រាក់ចំណូលដែលសុចរិត៕





 

Tag:
 នំបុ័ងលើខ្ទះកំប៉ុករ៉ុក
  ផេង គន្ធាវី
© រក្សាសិទ្ធិដោយ thmeythmey.com