កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក វ៉ាត់ ចំរើន៖ យើងទៅដើម្បីប្រកួតមិនមែនទៅដើរលេងនោះឡើយ
× យុទ្ធនាការកីឡាស៊ីហ្គេមលើកទី២៧នៅប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមការប្រកួតជាបណ្តើរៗហើយ ខណៈពិធីបើកផ្លូវការនៃព្រឹត្តិការណ៍នេះនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅកីឡដ្ឋាន Wunna Theikdi Stadium ក្រុងណៃពីដរ ក្រោមអធិបតីភាពលោកប្រធានាធីបតីមីយ៉ាន់ម៉ា Thein Sein។
លោក អ៊ឹង ចំរើន អ្នកយកព័ត៌មានគេហទំព័រថ្មីៗ បានធ្វើបទសម្ភាសជាមួយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មនៃប្រតិភូកីឡារបស់កម្ពុជា ជុំវិញការរៀបចំនានារបស់កម្ពុជា រួមទាំងការបកស្រាយចំពោះការចោទប្រកាន់នានាទៅលើស្ថាប័នកីឡាជាតិដ៏កំពូលមួយនេះ។
លោក អ៊ឹង ចំរើន៖ ថ្នាក់ដឹកនាំកីឡារបស់កម្ពុជា តែងតែបានសម្តែងនូវសុទិដ្ឋិនិយមក្នុងដណ្តើមយកមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ។ តើលោកអាចរំលឹកឡើងវិញបានដែរឬទេថា យើងសំអាងលើអ្វីខ្លះ?
លោក វ៉ាត់ ចំរើន៖ NOCC ក៏ដូចជារដ្ឋាភិបាល បានកំណត់គោលដៅច្បាស់លាស់ក្នុងបេសកកម្មដណ្តើមយកមេដាយក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់នេះ។ កត្តាដែលយើងជឿជាក់ថា កម្ពុជាអាចទទួលបានមេដាយច្រើនជាងមុន ជាពិសេសមេដាយមាសពីរខ្ទង់នោះ គឺការរៀបចំខ្លួនរបស់យើងមានលក្ខណៈកាន់តែល្អប្រសើរ។ យើងមានកម្មវិធីហ្វឹកហាត់ក្នុងប្រទេសយ៉ាងដិតដល់ ហើយប្រភេទកីឡាមួយចំនួនបានចេញទៅហ្វឹកហាត់នៅក្រៅប្រទេស។ ចំណុចមួយទៀតនោះ គឺការលើកចិត្តពីរដ្ឋាភិបាល និងដៃគូឧបត្ថម្ភ ដែលប្រាក់លើកទឹកចិត្តដល់ជ័យលាភី មានកើនឡើងទ្វេរ។
លោក អ៊ឹង ចំរើន៖ តែងតែមានការលើកឡើងថា ថ្នាក់ដឹកនាំ និងអត្តពលិកមួយចំនួនចេញទៅប្រកួតក្រៅប្រទេស គឺគ្រាន់តែដើម្បីទៅដើរលេងប៉ុណ្ណោះ ពីព្រោះពួកគេដឹងច្បាស់ថាកម្រិតសមត្ថភាពរបស់ខ្លួនមិនអាចប្រៀបធៀបជាមួយដៃគូរមកពីប្រទេសផ្សេងទៀត។ តើលោកមានប្រតិកម្មបែបណាដែរ?
លោក វ៉ាត់ ចំរើន៖ ការនិយាយបែបនេះ អាចត្រូវ បើគេគិតទៅដល់ការប្រកួតលើកមុនៗ ប៉ុន្តែចាប់តាំងពីព្រឹត្តិការណ៍ឆ្នាំ២០០៩ នៅប្រទេសឡាវមក គ្មានទេករណីបែបនេះ។ មេដាយដែលយើងទទួលបាន មានការកើនឡើងជាលំដាប់ ដូច្នេះយើងមិនមែនទៅដើម្បីតែដើរលេង ដោយដឹងថាខ្លួនត្រូវហាលអាវនោះទេ។ មានការកត់សម្គាល់ជាច្រើន (feedback) ពីប្រទេសផ្សេងៗថា ខ្មែរលែងជាក្រុមកាដូរបស់ពួកគេទៀតហើយ។ សម្រាប់វិញ្ញាសាកីឡាមួយចំនួន ប្រទេសខ្លះភ័យ មិនចង់ជួបជាមួយយើងឡើយ ពីព្រោះយើងមានការប្រឈម (Challenge) ខ្ពស់សម្រាប់ពួកគេ។
លោក អ៊ឹង ចំរើន៖ លោកមានការបកស្រាយយ៉ាងណាចំពោះការរិៈគន់ទាក់ទងនឹងកំអែលបក្សពួកនិយមជុំវិញការបញ្ជូនកីឡាករ-ការិនី និងមន្ត្រីមួយចំនួន?
លោក វ៉ាត់ ចំរើន៖ ការចោទប្រកាន់បែបនេះ គឺគេមើលឃើញតែជ្រុងខ្លះប៉ុណ្ណោះ។ ទាក់ទងនឹងការបញ្ជូនមន្ត្រី យើងមានតែ៣៧ភាគរយប៉ុណ្ណោះនៃចំនួនសរុប ខណៈប្រទេសជាច្រើនមានទៅដល់ជាង៥០ភាគរយ។ ពិតណាស់ មន្ត្រី NOCC មានចំនួនច្រើន ប៉ុន្តែពួកគាត់ជាអ្នកដែលយល់ដឹងស៊ីជម្រៅពីការងារ។ ពួកគាត់ធ្វើការទាក់ទងយ៉ាងជិតដិតជាមួយមន្ត្រីស៊ីហ្គេម។ យើងមានមន្ត្រីរដ្ឋបាលតែ៤នាក់ប៉ុណ្ណោះដែលរ៉ាប់រងការងារសព្វបែបយ៉ាង ខណៈប្រតិភូប្រទេសផ្សេងៗ ចែកគ្នាជាក្រុមដែលមានច្រើននាក់ ហើយកន្លងមក ខ្ញុំសង្កេតឃើញថា ថៃបានបញ្ជូនក្រុមចុងភៅទៅទៀតផង។ ចំពោះបញ្ហាបក្សពួកនិយម ខ្ញុំទទួលស្គាល់ថា នៅមានខ្លះនៅតាមបណ្តាសហព័ន្ធមួយចំនួន ប៉ុន្តែមិនមែនជាគោលការណ៍ NOCC នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំយល់ថា មន្ត្រី ឬអត្តពលិកមួយចំនួនដែលជាប់ទាក់ទិននឹងខ្សែស្រឡាយ គឺជាធនធានដែលមិនអាចចោលបាន។ យើងមិនអាចប្រើប្រាស់ធនធានដែលមានកម្រិតទាបនោះទេ។ និយាយរួមមន្ត្រី NOCC មានចំនួនច្រើន ពីព្រោះការរៀបចំស៊ីហ្គេមគឺបុព្វសិទ្ធរបស់អូឡាំពិក។
លោក អ៊ឹង ចំរើន៖ តើនៅពេលនេះ ក្រុមកម្ពុជាមានស្ថានភាពបែបណាដែរ?
លោក វ៉ាត់ ចំរើន៖ ប្រតិភូកីឡា និងអត្តពលិក បានធ្វើដំណើរជាបណ្តើរទៅកាន់ទីក្រុងណៃពីដរហើយ ដោយឡែកក្រុមកីឡាបាល់ទាត់បានទៅទីក្រុងយាំងហ្គោន។ ប្រភេទកីឡាខ្លះបានចាប់ផ្តើមប្រកួត និងត្រៀមប្រកួត។ ប្រតិភូចុងក្រោយនឹងចេញដំណើរទៅថ្ងៃទី១៣ ខែធ្នូ រីឯខ្ញុំនឹងចេញទៅនៅថ្ងៃទី៨ ខែធ្នូ។ ស្ថានភាពមិនទាន់មានអ្វីចោទជាបញ្ហានោះឡើយ ប៉ុន្តែអាកាសធាតុនៅទីនេះហាក់ដូចជាត្រជាក់ជាងនៅកម្ពុជា។
លោក អ៊ឹង ចំរើន៖ តើកីឡាប្រភេទណាដែលត្រូវបានចាត់ទុកជាអាទិភាពរបស់កម្ពុជា?
លោក វ៉ាត់ ចំរើន៖ ក្នុងចំណោមកីឡាទាំង២១ប្រភេទ យើងមានក្តីសង្ឃឹមខ្ពស់លើ កីឡា ប៊ូល-ប៉េតង់ កីឡាចំបាប់ កីឡាវ៉ូវីណា កីឡាការ៉ាតេ-កាំប៉ូ កីឡាសីប៉ាក់តាក្រ-ឈិនឡុង កីឡាទូកប្រពៃណី កីឡាតេក្វាន់ដូ កីឡាប្រដាល់សកល កីឡាកាយវប្បកម្ម កីឡា វ៉ូស៊ូ និង ហុកគីស្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com