អន្តរជាតិ
កូរ៉េខាងជើង ដកខ្លួនពីកីឡាអូឡាំពិកទីក្រុងតូក្យូ ព្រោះបារម្ភពីបញ្ហាកូវីដ-១៩
06, Apr 2021 , 8:29 pm        
រូបភាព
ប្រតិភូកូរ៉េខាងជើងក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនាពេលកន្លងមក។ រូបថត AFP
ប្រតិភូកូរ៉េខាងជើងក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនាពេលកន្លងមក។ រូបថត AFP
កូរ៉េខាងជើង សម្រេចចិត្តដកខ្លួនពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ក្រោមហេតុផលបារម្ភពីជំងឺកូវីដ-១៩ ។ នេះជាលើកដំបូងក្នុងពេលជាង៣០ឆ្នាំ ដែលកូរ៉េខាងជើងមិនបញ្ជូនអត្តពលិករបស់ខ្លួនចូលក្នុង ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។


ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅលើកទី៣២ ដែលធ្វើនៅរៀបចំនៅខែកក្កដា នឹងមិនមានវត្តមាន អត្តពលិកពីកូរ៉េខាងជើង ក្រោយប្រទេសមួយនេះសម្រេចចិត្តដកខ្លួន។ ការសម្រេចចិត្តមិនចូលរួម ធ្វើឡើងអំឡុងកិច្ចប្រជុំក្នុងខែមីនា តែត្រូវបានប្រកាសនៅខែមេសានេះ។ ជំងឺកូវីដ-១៩ ជាហេតុផល ចម្បងដែលកូរ៉េខាងជើងដកខ្លួន។  
 
តាមគម្រោង អូឡាំពិកតូក្យូដែលពន្យារពេលពីឆ្នាំ២០២០ មក នឹងធ្វើឡើងពីថ្ងៃទី២៣ ខែកក្កដា ដល់ ថ្ងៃទី៨ ខែសីហា។ ជប៉ុនមិនអនុញ្ញាតឱ្យមានទស្សនិកជនពីបរទេសឡើយ ព្រោះបារម្ភពីការរាលដាល ជំងឺកូវីដ-១៩ តែសន្យារៀបចំអ្នកគាំទ្រក្នុងស្រុកឱ្យអបអរគ្រប់អត្តពលិកគ្រប់សញ្ជាតិជំនួសវិញ។
 
នេះជាលើកទីមួយកូរ៉េខាងជើងដកខ្លួនពីកម្មវិធីកីឡាអន្តរជាតិមួយនេះ គិតតាំងពីឆ្នាំ១៩៨៨ ដែល រៀបចំនៅទីក្រុងសេអ៊ូល។ ដោយសារឥទ្ធិពលសង្រ្គាមត្រជាក់ កូរ៉េខាងជើងមិនបញ្ជូនអត្តពលិករបស់ ខ្លួនទៅទឹកដីម្ខាងទៀតនៃឧបទ្វីបកូរ៉េឡើយ។ ប៉ុន្តែនៅឆ្នាំ២០១៨ ពេលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍អូឡាំពិករដូវរងារ កូរ៉េខាងជើងក៏មានវត្តមានដែរ។
 
ការប្រកាសរបស់ទីក្រុងព្យុងយ៉ាង បានបញ្ចប់ក្តីសង្ឃឹមរបស់ទីក្រុងសេអ៊ូល ដែលធ្លាប់រំពឹងថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ នឹងផ្តល់ឱកាសឱ្យទំនាក់ទំនងកូរ៉េទាំងពីរមានភាពប្រសើរឡើងវិញ។  កូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែមេសា បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ កូរ៉េខាងជើងនេះ។ រដ្ឋបាលប្រធានាធិបតី មូន ចេអ៊ីន ថែមទាំងរំពឹងថា កូរ៉េទាំងពីរអាចធ្វើម្ចាស់ផ្ទះ កីឡាអូឡាំពិករួមគ្នាទៀត៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com