COVID-19
ជាតិ
ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ អាច​ក្លាយជា​កាតព្វកិច្ច​សម្រាប់​ក្រុមមនុស្ស​មួយចំនួន
06, Apr 2021 , 8:59 pm        
រូបភាព
ការចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាច​នឹង​ក្លាយជា​កាតព្វកិច្ច​សម្រាប់​ក្រុមមនុស្ស​ចំនួន នៅក្នុង​ពេលខាងមុខ​។ យោងតាម​មាត្រា ១៦ នៃ​អនុ​ក្រឹ​ត​ស្តីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត  ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ត្រូវធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត ហើយ​ត្រូវ​ចាក់​ជូន​ពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។ ប៉ុន្តែ​ការចាក់​វ៉ាក់សាំង អាច​ត្រូវធ្វើ​ឡើងជា​ចាំបាច់​ចំពោះ​បុគ្គល​មួយចំនួន ដោយ​ផ្អែកលើ​ស្ថានភាព​ការងារ ឬ​ស្ថានភាព​នៃ​មុខរបរ​របស់​បុគ្គល​នោះ តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។ នេះ​បើតាម​មាត្រា​១៦​ដដែល​។

 
​ក្នុងករណី​ចាំបាច់ ក្រសួង​អាចដាក់​ចេញ​វិធានការ​ម​ត្រូវឱ្យ​អ្នកដំណើរ​ជា​ជនបរទេស ដែល​ធ្វើដំណើរ​ចូលមកក្នុង​កម្ពុជា ត្រូវមាន​បណ្ណ​បញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ពេញលេញ​។ ការទទួលស្គាល់​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជា​សមត្ថកិច្ច​របស់​ក្រសួងសុខាភិបាល​។ នេះ​បើតាម​មាត្រា​ដដែល ដោយ​មាត្រា​នេះ​បានចែង​ទៀតថា បុគ្គល​ដែល​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩​ត្រឹមត្រូវ​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល អាច​ទទួលបាន​ការអនុគ្រោះ ក្នុងការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​វិធាន​សុខាភិបាល ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល​។ 
 
​ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​នេះដែរ សម្តេច ហ៊ុន សែន ក៏បាន​គិតទុក​មុន​ដែរ​ថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ អាច​ក្លាយជា​កាតព្វកិច្ច​ចំពោះ​បុគ្គលិក​ក្រុមហ៊ុន កម្មករ​កម្មការិនី​រោងចក្រ​មួយចំនួន​។  តាមរយៈ​សារ​សំឡេង​ជិត​១០​នាទី នៅ​យប់​ថ្ងៃទី ៦​មេសា​នេះ ប្រមុខ​រដ្ឋាភិបាល បាន​បន្តថា បុគ្គលិក​សហគ្រាស និង​កម្មករ​រោងចក្រ​ជាដើម អាច​មិនត្រូវ​អនុញ្ញាតឱ្យ​ចូលធ្វើការ​នោះទេ ប្រសិន​ពួកគេ​មិនបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅពេលដែល​រោងចក្រ​សហគ្រាស​នោះ​បើក​ដំណើរការ​ឡើងវិញ ហើយ​ស្រប​ពេលដែល​មនុស្ស​ភាគ​ច្រើន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ហើយ​នោះ​។ 
 
​ក្រៅពី​បុគ្គលិក​ចាស់ ការជ្រើសរើស​បុគ្គលិក​ថ្មី​ឱ្យចូល​ធ្វើការ​នៅក្នុង​រោងចក្រ សហគ្រាស​ទាំងនោះ ក៏​ទំនង​តម្រូវឱ្យ​ពួកគាត់​មាន​បណ្ណ​បញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ផងដែរ​។ នេះ​បើតាម​ប្រសាសន៍​ប៉ាន់ស្មាន​របស់​សម្តេច ហ៊ុន សែន ។ 
 
​ក្រៅពី​ថ្លែង​ដូច្នេះ នៅក្នុង​សារ​សំឡេង​ដដែល​នោះ​សម្តេច នាយករដ្ឋមន្ត្រី បាន​ស្នើឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការងារ​វ៉ាក់សាំង ធ្វើ​ផែនការ​សម្រាប់​ការចាក់​វ៉ាក់សាំង​បន្ត ដល់​ពលរដ្ឋ​ទាំងអស់​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ តាម​សម្តេច ហ៊ុន សែន ការផ្តល់​អាទិភាព​ដល់​អ្នក​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល​នេះ គឺ​ដើម្បី​បង្កើតឱ្យមាន​ភាព​សាំ​កាន់តែច្រើន នៅ​ភូមិសាស្ត្រ​ប្រមូលផ្តុំ ដែលមាន​ហានិភ័យ​ឆ្លង​ខ្ពស់ ដូច​ភ្នំពេញ និង​ខេត្តកណ្តាល​នេះ​។ «​ខ្ញុំ​សុំឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច សម្រាប់​ការងារ​វ៉ាក់សាំង ធ្វើ​ផែនការ​រៀបចំ​សម្រាប់​ការចាក់​វ៉ាក់សាំង​បន្ត នៅពេលដែល​វ៉ាក់សាំង​ថ្មី​មកដល់ គឺ​សំដៅ​ឆ្ពោះ​លើ​ភូមិសាស្ត្រ​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​ជាប់​នឹង​ទីក្រុង​ភ្នំពេញ​តែម្តង​។ បើ​យើង​មិន​ធ្វើ​ដូច្នោះ​ទេ យើង​ដាក់​ត្រង់នេះ​បន្តិច ត្រង់នោះ​បន្តិច គឺ​ភាព​សាំ​នេះ មិន​គ្រប់គ្រាន់​ទេ​»​។ 
 
​គួរ​កត់សម្គាល់ថា បច្ចុប្បន្ន​មាន​មនុស្ស​អាទិភាព​ជាង​៦៣​ម៉ឺន​នាក់​ហើយ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-៩​។ កម្ពុជា បានចាប់ផ្តើម​យន្ត​នា​ការចាក់​វ៉ាក់សាំង ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត  គឺ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinopharm ចំពោះ​មនុស្ស​វ័យ​ពី ១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ តាំងពី​ថ្ងៃទី​១០​កុម្ភៈ ឆ្នាំ​២០២១​។ មកដល់ ថ្ងៃទី​៤​មីនា កម្ពុជា ក៏បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង COVISHIELD លើ​មន្ត្រី និង​ពលរដ្ឋ​អាទិភាព ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​។ រហូតដល់​ថ្ងៃទី​១​មេសា ឆ្នាំ​២០២១ កម្ពុជា បាន​ចាក់​សាំង​វ៉ាក់សាំង Sinovac ទៅលើ​មនុស្ស​ដែលមាន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើង ទៅ​ផងដែរ​។ 
 
​មកទល់ពេលនេះ កម្ពុជា​បានទទួល​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ សរុប ៣,១២៤,០០០​ដូ​ស ដោយ​ក្នុងនោះ មាន​វ៉ាក់សាំង Sinopharm ចំនួន​១,៣​លាន​ដូ​ស ជា​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​ចិន និង​វ៉ាក់សាំង COVISHIELD ចំនួន ៣២៤,០០០​ដូ​ស ជា​ជំនួយ​ដែល​កម្ពុជា​ទទួលបាន​ពី​យន្តការ COVAX​។  ដោយឡែក វ៉ាក់សាំង Sinovac ចំនួន​១,៥​លាន​ដូ​ស គឺ​កម្ពុជា​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ចិន​ក្នុងតម្លៃ​១,៥​លាន​ដុល្លារ​៕

© រក្សាសិទ្ធិដោយ thmeythmey.com