COVID-19
ជាតិ
កូវីដ-១៩៖ វិជ្ជមាន ៩១នាក់ទៀត ខណៈព្រឹត្តិការណ៍២០កុម្ភៈ ឆ្លងដល់ខេត្តប៉ៃលិន​
07, Apr 2021 , 9:44 am        
រូបភាព
នាយប់ថ្ងៃទី៦ ខែមេសា រថយន្តពេទ្យទៅដឹកអ្នកជំងឺភេទស្រីអាយុ៣០ឆ្នាំម្នាក់ នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលពាក់ព័ន្ធលក់ដូរនៅផ្សារអូរឬស្សី។ រូបថតរដ្ឋបាលសង្កាត់
នាយប់ថ្ងៃទី៦ ខែមេសា រថយន្តពេទ្យទៅដឹកអ្នកជំងឺភេទស្រីអាយុ៣០ឆ្នាំម្នាក់ នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលពាក់ព័ន្ធលក់ដូរនៅផ្សារអូរឬស្សី។ រូបថតរដ្ឋបាលសង្កាត់
ដោយ: ថ្មីៗ
មនុស្ស៩១នាក់ទៀត មានលទ្ធផលវិជ្ជមានកូវីដ-១៩ នៅកម្ពុជា និង៣០នាក់ បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មាន៩០នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ខណៈ​ខេត្តប៉ៃលិន មានករណីដំបូង។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១។



តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ករណីនាំចូល១ករណី កើតលើបុរសឥណ្ឌូណេស៊ី ដែល​មានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ និងដែលបានធ្វើដំណើរពីប្រទេសខ្លួន មកដល់កម្ពុជានៅថ្ងៃទី៥មេសា។  

មនុស្សចំនួន ៩០ នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ក្នុងនោះ ៧៨ នាក់ នៅរាជធានីភ្នំពេញ, ៤នាក់ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ, ៣នាក់ នៅខេត្តស្វាយរៀង, ១នាក់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ១នាក់ នៅពោធិ៍សាត់, ១នាក់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម, ព្រៃវែង១នាក់ និងប៉ៃលិនមាន១នាក់ដែរ ដែលជាករណីឆ្លងដំបូងក្នុងខេត្តនេះ។ 

ជាមួយគ្នានេះ ក្រសួងក៏ប្រកាសថាមានមនុស្ស ៣០នាក់ បានសះស្បើយផងដែរ ក្នុងនោះមាន១នាក់ ជាករណីនាំចូល គឺជាបុរសឥណ្ឌូណេស៊ី ដែលមានអាសយដ្ឋាននៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២៩នាក់ទៀត ដែលសះស្បើយ មាន​៥នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ។ ៣នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ ។ ៣នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកោះកុង ។ ១នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តព្រៃវែង និង ១៧នាក់ ទៀត ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាលស្រុកកោះធំ ខេត្តកណ្តាល។ 


គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ២៩១៥នាក់ ក្នុងនោះ២៣៨៣នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ១៨២៤បានជាសះស្បើយ ខណៈ អ្នកស្លាប់ឡើងដល់២២នាក់។ មនុស្សចំនួន ១០៦៤នាក់ កំពុងបន្តសម្រាកព្យាបាល។ ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង  កំពត កំពង់ឆ្នាំង ​ពោធិ៍សាត់ និងខេត្តប៉ៃលិន។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com