កីឡាជាតិ
ស៊ីហ្គេម៖ កម្ពុជា​បាន​មេដាយ​ប្រាក់​មួយ និង​សំរិទ្ធ​មួយ​​ទៀត​លើ​វិញ្ញាសា​សីឈិនឡុង
07, Dec 2013 , 12:26 pm        
រូបភាព
វា​ជាមិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​សម្រាប់​ក្រុម​កីឡាករ​កម្ពុជា​ក្នុង​ការ​ដណ្តើម​ជ័យ​ជម្នះ​ ខណៈពួក​គេ​ត្រូវ​ប្រជែង​ពិន្ទុ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះមីយ៉ាន់ម៉ា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃវិញ្ញាសា Chinlone Men’s Non-Repetition នៅ​ព្រឹក​ថ្ងៃ​សោរ៍ ទី​៧ ខែ​ធ្នូ នេះ។

 

ជា​លទ្ធ​ផល កម្ពុជា បាន​ទទួល​មេដាយ​ប្រាក់ ខណៈ​ក្រុម​កីឡាករ​មីយ៉ាន់ម៉ាដែល​ជាម្ចាស់ផ្ទះ និង​ជាគ្រូនៃ​កីឡា​ប្រភេទ​នេះ ធ្វើ​បាន​យ៉ាង​ល្អ​ ដើម្បី​ទទួល​បាន​ពិន្ទុ​នាំមុខ​ក្រុម​កម្ពុជា​ទាំង​បី​សិត​ក្នុងលទ្ធ​ផល ១២២-៩១, ១១៩-១០០ និង​ ១១៨​-១០០​ ​​(ពិន្ទុសរុប ៣៥៩-​២៩១)។  

សម្រា​ប់វិញ្ញា​សានេះ ម្ចាស់ផ្ទះមីយ៉ាន់ម៉ា បាន​មេដាយ​មាស កម្ពុជា​បាន​មេដាយ​ប្រាក់ ខណៈ​មេដាយ​សំរិទ្ធ បាន​ទៅ​លើ​ក្រុម​ម៉ាឡេស៊ី និងក្រុម​សឹង្ហបុរី។

ដោយឡែក​ផ្នែក​នារី លើ​វិញ្ញាសា​ដដែល Chinlone Women's Non-Repetition ក្រុម​កីឡាការិនីកម្ពុជា ទទួល​បាន​មេដាយ​សំរិទ្ធ​ស្ទួន ជាមួយ​ក្រុម​ម៉ាឡេស៊ី ខណៈ​ម្ចាស់​ផ្ទះមីយ៉ាន់​ម៉ា បាន​មេដាយ​មាស និង​ឡាវ បាន​មេដាយ​ប្រាក់។   គិតមក​ដល់​ថ្ងៃ​សៅរ៍ ទី​៧ ខែ​ធ្នូ នេះ កម្ពុជា ទទួល​បាន​មេដាយ​ប្រាក់​២ និង​សំរិទ្ធ​២ លើ​វិញ្ញាសា​សីឈិនឡុង ខណៈ​ថៃកំពុង​នាំមុខ​គេ​លើ​តារាង​មេដាយ​រួម៕    


© រក្សាសិទ្ធិដោយ thmeythmey.com