កីឡាជាតិ
ស៊ីហ្គេម៖ U-23 កម្ពុជា​ ប៉ះជា​មួយ​ម្ចាស់​ផ្ទះមីយ៉ាន់ម៉ា​នៅ​ល្ងាច​នេះ
07, Dec 2013 , 3:39 pm        
រូបភាព
លោក Lee Tae Hoon ធ្វើការណែនាំកីឡាកររបស់​ខ្លួន។ រូបថត NagaWorld/កឹម សុវណ្ណា
លោក Lee Tae Hoon ធ្វើការណែនាំកីឡាកររបស់​ខ្លួន។ រូបថត NagaWorld/កឹម សុវណ្ណា
ក្រុម​កីឡាករ​កម្ពុជា ពេល​ធ្វើការ​ហ្វឹកហាត់​កាលពី​ព្រឹកមិញ។ រូបថត NagaWorld/កឹម សុវណ្ណា
ក្រុម​កីឡាករ​កម្ពុជា ពេល​ធ្វើការ​ហ្វឹកហាត់​កាលពី​ព្រឹកមិញ។ រូបថត NagaWorld/កឹម សុវណ្ណា
ប្រិយ​មិត្ត​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​ទាំងអស់​ អាច​ទុក​រឿង​មន្ទិល​សង្ស័យ​ណាមួយដោយឡែក ហើ​យ​​នាំគ្នា​មក​លើក​ទឹក​ចិត្ត​ ក្រុម​កីឡាបាល់​ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​របស់​កម្ពុជា ដែល​ត្រូវ​ប្រកួត​បើក​ឆាក​ពូល B ជាមួយ​ម្ចាស់ផ្ទះមីយ៉ាន់ម៉ា​ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​​កីឡដ្ឋាន Youth Training Center (YTC Stadium) ក្នុងទីក្រុង​យ៉ាំងហ្គោន នា​វេលាម៉ោង​៧:១៥​នាទី ល្ងាច​ថ្ងៃ​សៅរ៍ ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៣ នេះ។

 

U-23 កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon បាន​បាត់​បង់​សមា​ជិក​សំខាន់​ចំនួន​៤នា​ក់ គឺ​ខ្សែប្រយុទ្ធ កែវ សុ​ខងន ខ្សែប​ម្រើ ទុំ សារ៉ាយ ខ្សែការពារ សុក រិទ្ធី និង​ខ្សែ​ការពារ​ សាយ ពិ​សិដ្ឋ រួម​ទាំងលោក ឆាំង ពិសិដ្ឋ​ ដែល​ជាអ្នក​ចាត់​ការទូទៅ​ដោយមិន​ដឹង​មូល​ហេតុ។   

ជុំវិញ​បញ្ហា​នេះ គេហទំព័រ​ថ្មីៗ បាន​ទាក់ទង​ទៅ​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា តាម​ទូរស័ព្ទ ដើម្បី​សុំ​ការបក​ស្រាយ ប៉ុន្តែ​លោកបានរុញ​ភារៈទៅ​ឲ្យ​អគ្គ​លេខាធិការ​របស់​ខ្លួន ដោយ​​លោក​អះអាង​ថា កំពុង​បំពេញ​បេសកកម្មនៅ​ក្រៅ​ប្រទេស។ ដោយ​ឡែក លោក គល់ សុផា​ណា អគ្គ​លេខាធិការ​ FFC បាន​លើក​ឡើងថា៖ «យើង​ត្រូ​វ​រង់ចាំ​ការ​ដោះ​ស្រាយ​ពី​ថ្នាក់ដឹកនាំសិន ដូច្នេះ​ខ្ញុំ​មិនទាន់ហ៊ាន​ផ្តល់ព័ត៌​មាន​អ្វី​ដែលមិន​ច្បាស់ការណ៍​នោះឡើយ ព្រោះ​ដើម្បីកុំឲ្យ​កីឡាករខូច​អារម្ម​ណ៍។ ខ្ញុំ​នឹង​បញ្ជាក់​ប្រាប់ ប្រសិន​បើមាន​ព័ត៌មាន​លំអិត​ណាមួយ»។    

ទោះបី​ជាយ៉ា​ងណា​ក៏​ដោយ លោក មាស ចាន់​ណា លោក អៀង​ សាក់​នីដា ដែល​ជាគ្រូ​ជំនួយ រួម​ទាំង​កីឡា​ករមួយចំ​នួន តាម​រយៈគ​ណនីហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​សុទ្ធ​តែ​បាន​បង្ហាញ​នូ​វការតាំងចិត្តដើម្បី​ដណ្តើមយក​ជ័យ​ជម្នះ​នៅ​ក្នុងយុទ្ធ​នាការនេះ។  

កាលពី​ថ្ងៃទី​៥ ខែកញ្ញា លោ​ក មា​ស ចាន់ណា បាន​សរសេ​រនៅ​លើគ​ណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖ «ថ្ងៃ​នេះ កីឡាករ​ទាំង​អស់​មាន​ការផ្តោ​តអារម្មណ៍​យ៉ាង​ផ្ចិតផ្ច​ង់ក្នុង​កា​រហ្វឹក​ហាត់ ដូច្នេះ​មន្ត្រី និងក្រុម​គ្រូ​បង្វឹក​មាន​ក្តី​សប្បាយ​រីករា​យណាស់​។ សូម​រក្សា​ការ​ធ្វើ​បែបនេះ​ជារៀង​រហូត កីឡាក​រទាំ​ងអ​ស់គ្នា​!»។  

មីយ៉ាន់ម៉ាគឺ​ជាម្ចាស់​ជើង​ឯក​៥ជំនាន់​សម្រាប់ព្រឹត្តិការណ៍​ថ្នាក់តំបន់នេះ ខណៈកម្ពុជា​ដែល​បាន​ខក​ខាន​ចូល​រួមជាច្រើន​លើក​ដោ​យសារ​សង្គ្រាម​ស៊ីវិល មិន​មាន​ប្រវត្តិទទួល​បាន​ជ័យ​លាភីឡើយ។ ក្រុម​ទាំងពីរ​ធ្លាប់​មាន​ប្រវត្តិ​ជួបគ្នា​ចំនួន​បួនលើក។   

កាលពី​ឆ្នាំ​១៩៩៧ ដែលមិន​ទាន់​មាន​ការ​កំណត់​កម្រិត​អាយុ កម្ពុជា​បាន​ទទួល​ជ័យ​ ៣-១ លើមីយ៉ាន់​ម៉ា។ ចាប់​តាំងពី​ឆ្នាំ​២០០១ មក ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ស៊ីហ្គេម​ បាន​កំណត់​អាយុ U-23 ហើយ​មីយ៉ាន់ម៉ា និង​កម្ពុជា បាន​ជួប​គ្នា​ចំនួន​បីលើក​ទៀត​នៅ​ក្នុងពូល ដោយស្មើ 0-0 ក្នុង​ឆ្នាំ​២០០១ ហើយ​ពីរលើក​ចុងក្រោយ គឺ​ក្នុង​ឆ្នាំ​២០០៣ និង​២០០៧ មីយ៉ាន់ម៉ា បាន​ទទួល​ជ័យ​ជម្នះ ៦-០ និង​៦-២ ។  

នៅមុន​ជំនួប​រវាង​កម្ពុ​ជា និ​ងម្ចាស់ផ្ទះ  ក្រុម​ថៃ ត្រូវ​ប៉ះ​ជាមួ​យទីម័រ​ខាងកើត។ អ្នក​គាំទ្រ​ម្នាក់​ឈ្មោះ ឈិន វិមល បាន​សរសេរនៅ​លើទំព័រ​ហ្វេសប៊ុក​ Khmer Sport Fans ថា៖ «ស៊ូស៊ូ​....អាក្រក់​ល្អអូ​ននៅតែ​ជាស​ង្សារបង»។ ចុះ​អ្នក​គាំទ្រ​ផ្សេង​ទៀត?       

© រក្សាសិទ្ធិដោយ thmeythmey.com