ជាតិ
សង្គមជាតិ
យូនីសេហ្វផ្តល់វិទ្យុ១៦៤០គ្រឿងឲ្យសិស្សជនជាតិដើមភាគតិចនៅខេត្តភូមិភាគឦសាន សិក្សាពីចម្ងាយ
09, Apr 2021 , 8:59 pm        
រូបភាព
រូបភាពពីហេ្វសប៊ុករបស់UNICEF CAMBODIA_
រូបភាពពីហេ្វសប៊ុករបស់UNICEF CAMBODIA_
ដោយ:
ភ្នំពេញ៖ អង្គការយូនីសេហ្វបានផ្តល់វិទ្យុចំនួន១៦៤០គ្រឿងដល់សិស្សនៅខេត្តក្រចេះ មណ្ឌលគិរី និងរតនគិរីសម្រាប់សិក្សាតាមកម្មវិធីអប់រំពហុភាសាដែលផ្សាយតាមវិទ្យុដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំដែលបានផ្សាយនៅថ្ងៃទី៧ ខែមេសា។

 
ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី៧ ខែមេសាថា តាមរយៈកម្មវិធីអប់រំពហុភាសានេះបានកំពុងជួយឲ្យសិស្សទទួលបានការអប់រំពហុភាសានៅកម្រិតមតេ្តយ្យ និងបឋមសិក្សាជាភាសាគ្រឹង និងភាសាទំពួនក្នុងខេត្តរតនគិរី និងភាសាព្នងក្នុងខេត្តមណ្ឌលគិរី។ 
 
ក្រសួងអប់រំបានបញ្ជាក់ថា មានសិស្សប្រមាណ១៥២៧នាក់មកពីសាលារៀនចំនួន៧៩ដែលពុំមានវិទ្យុប្រើប្រាស់សម្រាប់សិក្សា និងមានគ្រូមេត្តយ្យសហគមន៍ពហុភាសា និងគ្រូបឋមសិក្សាពហុភាសាចំនួន១០៤នាក់ដែលពុំមានវិទ្យុសម្រាប់ប្រើប្រាស់ក្នុងការបង្រៀនសិស្សពីចម្ងាយ។ បើតាមក្រសួងអប់រំ ពួកគេទាំងនោះនឹងទទួលបានវិទ្យុសម្រាប់សិក្សានៅដើមខែមេសា ឆ្នាំ២០២១។ 
 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសនោះថា ក្នុងអំឡុងដ៏លំបាកនេះ ក្រសួងអប់រំមានក្តីរីករាយដែលបានសហការជាមួយនឹងយូនីសេហ្វដើម្បីបំពេញតម្រូវការការសិក្សាសម្រាប់កុមារជនជាតិដើមភាគតិចដែលកំពុងទទួលបានការអប់រំពហុភាសា។
រដ្ឋមន្ត្រីក្រសួងអប់រំបានរៀបរាប់ដូច្នេះថា៖«ដើម្បីសម្រេចបានលទ្ធផលពិតប្រាកដពីកម្មវិធីអប់រំពហុភាសាតាមវិទ្យុ វាជាការសំខាន់ណាស់ដែលមាតាបិតាត្រូវជួយឱ្យកូនៗរបស់ពួកគេបន្តរៀនសូត្រ តាមរយៈការប្រើប្រាស់សេវាអប់រំដ៏មានតម្លៃនេះ»។ 
 
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា ការផ្ដល់វិទ្យុដល់កុមារទាំងនេះ នឹងជួយពង្រីកវិសាលភាពកម្មវិធីអប់រំពហុភាសាបន្ថែមទៀត ដែលមានសារៈសំខាន់ក្នុងអំឡុងពេលដែលសាលារៀនកំពុងបិទទ្វារ។ 
 
«នេះគឺជាគំនិតផ្ដួចផ្ដើមដ៏សំខាន់មួយ ដែលជួយឆ្លើយតបចំពោះបញ្ហានៃការខកខានការរៀនសូត្រ ដោយសារតែផលប៉ះពាល់ដែលបង្កឡើងដោយសារជំងឺកូវីដ-១៩»។ នេះជាការរៀបរាប់របស់លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ។  
 
កម្មវិធីអប់រំពហុភាសាតាមវិទ្យុកំពុងអនុវត្តតាមរយៈកិច្ចខិតខំប្រឹងប្រែងឆ្លើយតប និងស្តារឡើងវិញពីជំងឺកូវីដ-១៩ នៅកម្ពុជា ជាមួយនឹងការផ្ដល់មូលនិធិគាំទ្រពីភាពជាដៃគូសកលសម្រាប់ការអប់រំ។ យូនីសេហ្វ គឺជាទីភ្នាក់ងារចាត់ចែងថវិកាសម្រាប់កម្មវិធី ដែលមានទឹកប្រាក់៧លានដុល្លារ ដែលកំពុងផ្ដល់ការគាំទ្របន្ទាន់ដល់សាលារៀន និងសិស្សានុសិស្សក្នុងអំឡុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩៕ 
 

Tag:
 យូនីសេហ្វ
 សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com