COVID-19
ជាតិ
អ្នកជំងឺកូវីដ-១៩ ចំនួន៣៩នាក់នៅខណ្ឌឫស្សីកែវ មិនទាន់មានកន្លែងព្យាបាលនៅឡើយ
11, Apr 2021 , 12:59 pm        
រូបភាព
រូបភាពពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ
រូបភាពពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ
ដោយ: ថ្មីៗ
ភ្នំពេញ៖ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់ ត្រូវបានរកឃើញថា មានទីលំនៅនៅក្នុងភូមិសាស្ត្រ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែពួកគាត់ កំពុងរង់ចាំការបញ្ជូន ទៅកន្លែងសម្រាកព្យាបាល។ នេះបើតាម លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី១១ មេសានេះ។ 

 
បើតាមលោក ជា ពិសី  អ្នកជំងឺទាំង២៩នាក់នេះ គឺទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ តាំងពីថ្ងៃទី៩ និងទី១០ មេសា។ អភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ដូច្នេះ៖«ខ្ញុំមិនមានតួលេខសរុបនោះទេ តែយើងបានរកឃើញអ្នកវិជ្ជមាន ៣៩នាក់បន្ថែម ពេលនេះពួកគាត់កំពុងរង់ចាំការបញ្ជូនទៅព្យាបាលពីក្រុមគ្រូពេទ្យនៅឡើយ»។
 
ដ្បិតក្នុងខណ្ឌឫស្សីកែវ បន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ប៉ុន្តែមកដល់ពេលនេះអាជ្ញាធរ មិនទាន់មានវិធានការបិទខ្ទប់តំបន់ក្នុងខណ្ឌឫស្សីកែវទេ។ នេះបើតាមលោក ជា ពិសី។ 
 
ទន្ទឹមនឹងកំណត់អត្តសញ្ញាណបានជាបន្តបន្ទាប់ អ្នកជំងឺកូវីដ-១៩ ដែលកំពុងរស់នៅនៅក្នុងខណ្ឌរបស់ខ្លួន ប៉ុន្តែលោក ជា ពិសី មិនប្រាកដទេថា អ្នកទាំង២៩នាក់នេះ ជាក្រុមអ្នកវិជ្ជមាន ដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសស្វែងរកឬអត់នោះទេ។ លោកប្រាប់ដូច្នេះ៖ «យើងមិនប្រាកដទេថា អ្នកទាំងនោះស្ថិតក្នុងក្រុមមនុស្ស ដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងស្វែងរក។ យើងបង្ហាញអត្តសញ្ញាណអ្នកទាំងនោះ ព្រោះចង់ឲ្យពលរដ្ឋក្នុងសហគមន៍មានការប្រុងប្រយ័ត្ន»។
 
ទាក់ទងនឹងបញ្ហានេះ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមការងារកំពុងស្វែងរកមនុស្សទាំង ៥៦នាក់នោះ។ លោកបានប្រាប់ដូច្នេះថា៖«យើងមិនទាន់ដឹង ថាមនុស្ស ៥៦នាក់ វិជ្ជមានកូវីដ-១៩ទាំងអស់ ស្ថិតក្នុងទីតាំងណាខ្លះទេ ក្រុមការងារកំពុងស្វែងរកអត្តសញ្ញាណ។ ហើយអ្នកដែលរកឃើញវិជ្ជមាន ៣៩នាក់ ក្នុងខណ្ឌឫស្សីកែវ ក៏មិនប្រាកដថា ស្ថិតក្នុងក្រុមមនុស្ស ៥៦នាក់នោះដែរ»។
 
តាំងពីមានការផ្ទុះឡើង នូវព្រឹត្តិកាណ៍សហគមន៍២០កុម្ភៈ ចំនួនអ្នកឆ្លងកូវីដ-១៩ មានការកើនឡើងយ៉ាងគំហុគ ពិសេសរាជធានីភ្នំពេញ ជាតំបន់ដែលមានអ្នកឆ្លងច្រើនបំផុត។ ផ្សារអូរស្សី និងរោងឌីនហាន ជាប្រភពចម្លង ដែលធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងយ៉ាងរហ័ស។
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤២៣៨ករណី ក្នុងនោះ ៣៧០៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២១៥២នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៩នាក់។ ក្នុងចំណោមអ្នកជំងឺទាំង ២០៥២នាក់  មាន ១០៦៤ នាក់កំពុងរង់ចាំបញ្ជូនទៅកន្លែងសម្រាកព្យាបាល៕

© រក្សាសិទ្ធិដោយ thmeythmey.com