COVID-19
ជាតិ
កូវីដ-១៩៖ ករណីថ្មី២៧៧នាក់ ក្នុងនោះភ្នំពេញ​២០៤នាក់ ស្វាយរៀង៤៣នាក់
12, Apr 2021 , 10:21 am        
រូបភាព
ក្រុមគ្រូពេទ្យនាពេលរៀបចំតេស្តវត្ថុសំណាករបស់ពលរដ្ឋនៅផ្សារអូរឫស្សីកន្លងមក
ក្រុមគ្រូពេទ្យនាពេលរៀបចំតេស្តវត្ថុសំណាករបស់ពលរដ្ឋនៅផ្សារអូរឫស្សីកន្លងមក
ដោយ: ថ្មីៗ
មនុស្ស២៧៧នាក់ទៀតនៅកម្ពុជា មានវិជ្ជមានកូវីដ-១៩ ខណៈ៦០នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃចន្ទ ទី១២ ខែមេសា នេះ រាជធានីភ្នំពេញ ជាកន្លែងមានករណីច្រើនជាងគេបំផុត បន្ទាប់មក​ស្វាយរៀង។



ករណីទាំង​២៧៧ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដោយរាជធានីភ្នំពេញ មានអ្នកជំងឺ​២០៤នាក់ ក្នុងនោះខ្មែរ​២០២នាក់ និង​ចិន​២នាក់។ អ្នកជំងឺ២០៣នាក់ មិនទាន់មាន​កន្លែងព្យាបាល​ឡើយ ដោយគិត​ត្រឹមពេលចេញសេចក្តីប្រកាសព័ត៌មាន។

ស្វាយរៀង​ស្ថិតនៅ​លំដាប់ទី២​លើ​ករណីឆ្លង​ប្រចាំថ្ងៃ ដែលមាន​ចំនួន៤៣នាក់ ក្នុងនោះ​ខ្មែរ​មាន​៣៥នាក់ ចិន​៧នាក់ និង​វៀតណាម​១នាក់។ អ្នកជំងឺ​ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​ស្វាយជ្រុំ។

ខេត្តកណ្តាល មាន​២៣ករណី ដែលសុទ្ធតែជាជន​ជាតិ​ខ្មែរ​។ អ្នកជំងឺ​ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យជំនៈ។

ក្រៅពីនេះ ៣ករណីនៅពោធិ៍សាត់ ដោយអ្នកជំងឺជាជនជាតិខ្មែរ​នៅឃុំស្នាមព្រះ ស្រុកបាកាន។ ២ករណីនៅព្រៃវែង ១ករណីនៅព្រះសីហនុ និង១ករណីនៅតាកែវ។

អ្នកសះស្បើយមាន​៦០នាក់បន្ថែមទៀត ដោយ​១នាក់ជាជនជាតិខ្មែរដែល​ធ្វើដំណើរពីជប៉ុន និង​៥៩ករណីពាក់ព័ន្ធព្រឹត្តិការណ៍​២០កុម្ភៈ ដោយ​៤៨នាក់​នៅខេត្តព្រះសីហនុ ៩នាក់នៅភ្នំពេញ និង​២នាក់នៅកណ្តាល។

អ្នកស្លាប់ឡើង​ដល់​២០នាក់ ដោយអ្នកជំងឺចុងក្រោយ ជាស្ត្រីខ្មែរ​វ័យ៦១ឆ្នាំ។

គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤៥១៥ករណី ក្នុងនោះ៣៩៨២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប២២១២ នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់៣០នាក់។

ក្រៅពីភ្នំពេញ ខេត្តដែលមានករណី២០កុម្ភៈ រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់៕

© រក្សាសិទ្ធិដោយ thmeythmey.com