COVID-19
ជាតិ
សូមកុំជ្រួលច្របល់! គ្មានការបិទ រហូតដល់ថ្នាក់មិនអាចរកទិញរបស់ហូបនោះទេ
14, Apr 2021 , 8:52 pm        
រូបភាព
ទិដ្ឋភាពប្រជាពលរដ្ឋ សម្រុកទៅទិញរបស់ហូបចុក (ភាគច្រើនជាអាហារកំប៉ុង) នៅផ្សារ អាស៊ី អ៊ិចប្រេស្ស ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។
ទិដ្ឋភាពប្រជាពលរដ្ឋ សម្រុកទៅទិញរបស់ហូបចុក (ភាគច្រើនជាអាហារកំប៉ុង) នៅផ្សារ អាស៊ី អ៊ិចប្រេស្ស ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។
គេ បានឮសារជាសំឡេងខ្លីមួយរបស់ប្រមុខរដ្ឋាភិបាលថា កំពុងរៀបចំចេញសេចក្តីសម្រេចស្តីពីការបិទរាជធានីភ្នំពេញរយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ សារជាសំឡេងនេះ ត្រូវបានបែកធ្លាយនិងត្រូវបានចែករំលែកតៗគ្នា តាមបណ្តាញសង្គមនានា ជាពិសេសហ្វេសប៊ុកនិងតេឡេក្រាម នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ។



គ្រាន់តែឮសារជាសំឡេងរបស់ប្រមុខរដ្ឋាភិបាលភ្លាម ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ស្រាប់តែនាំគ្នាសម្រុកទៅផ្សារនិងកន្លែងលក់ដូរផ្សេងៗ នៅយប់ថ្ងៃទី១៤ ខែមេសានេះ ដើម្បីទិញបន្លែ ត្រីសាច់ និងរបស់របរជាច្រើន យកទៅស្តុកទុករៀងៗខ្លួន។

ពួកគាត់ ហាក់យល់ច្រឡំថា ប្រសិនបើរាជធានីភ្នំពេញ ត្រូវបិទមែននោះ គឺពួកគាត់ ពិបាកនឹងរកទិញរបស់ហូបចុក ឬក៏អាចយល់ច្រឡំថា បើរាជធានីភ្នំពេញ ត្រូវបិទ ផ្សារឬកន្លែងលក់ដូរទាំងអស់ អាចនឹងត្រូវផ្អាក ឬក៏អាចបារម្ភថា បើរាជធានីភ្នំពេញ ត្រូវបិទ អាជ្ញាធរ អាចនឹងមិនឲ្យពួកគាត់ ចេញពីផ្ទះ។  

តាមពិត មិនដូច្នេះឡើយ។ រដ្ឋាភិបាល មិនអាចបិទគ្រប់ទីកន្លែង រហូតដល់ថ្នាក់មិនឲ្យមានការលក់ដូរនោះទេ ជាពិសេសរបស់ទ្រទ្រង់ជីវិត។ ការហូបចុក គឺជារឿងសំខាន់បំផុត សម្រាប់ជីវិតមនុស្ស។ តើរដ្ឋាភិបាល ម៉េចនឹងអាចបិទមិនឲ្យមានការលក់ដូររបស់ហូបចុកគ្រប់ទីកន្លែងបាននោះ?

ម្យ៉ាងទៀត រដ្ឋាភិបាល ក៏មិនអាចចេញបម្រាមមិនឲ្យប្រជាពលរដ្ឋគ្រប់រូប ចេញពីផ្ទះនោះដែរ។ បើរដ្ឋាភិបាល ដាក់បម្រាមមិនឲ្យចេញពីផ្ទះមែន យ៉ាងហោចណាស់ ក៏ត្រូវអនុញ្ញាតឲ្យមនុស្សម្នាក់ឬពីរនាក់ក្នុងមួយគ្រួសារ អាចចេញក្រៅផ្ទះបានដែរ ដើម្បីទិញរបស់របរហូបចុក។ 

អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកអំពាវនាវទាំងយប់ ឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ រក្សាភាពស្ងៀមស្ងាត់។ តាមរយៈសារ ដែលសរសេរទៅកាន់ក្រុមអ្នកកាសែត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម អ្នកស្រី អះអាងដូច្នេះថា៖«សូមជឿលើវិធានការរបស់រាជរដ្ឋាភិបាល  ដែលមានការគិតគូរត្រឹមត្រូវ  នឹងមិនបិទជិតឈឹងមិនឲ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡើយ»។

មួយរយៈចុងក្រោយនេះ រដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ រហូតដល់ត្រូវបង្ខំចិត្តបិទផ្សារ ទីតាំង ភូមិសាស្រ្ត និង តំបន់មួយចំនួន។ តែដោយសារការយល់ច្រឡំនិងការព្រួយបារម្ភជ្រុល ប្រជាពលរដ្ឋមួយចំនួន ក្នុងរាជធានីភ្នំពេញ បែរជានាំគ្នាសម្រុកទៅទិញរបស់របរនៅផ្សារក្នុងពេលតែមួយ ដែលជាហេតុអាចបង្កឲ្យមានហានិភ័យខ្ពស់នៃការរាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំង។

ប្រជាពលរដ្ឋ ត្រូវរង់ចាំមើលសេចក្តីសម្រេចផ្លូវការពីរដ្ឋាភិបាលឬពីសាលារាជធានីភ្នំពេញជាមុនសិន ហើយពេលសេចក្តីសម្រេចចេញ ដោយមានការបិទរាជធានីភ្នំពេញមែននោះ ប្រជាពលរដ្ឋ ត្រូវឈ្វេងយល់ឲ្យបានច្បាស់ថា រាជធានីភ្នំពេញ ត្រូវបិទក្នុងលក្ខខណ្ឌណា និងបិទក្នុងកម្រិតណា។ ប្រជាពលរដ្ឋ មិនគួរបារម្ភជ្រុលពេកនោះទេ ខណៈព័ត៌មានផ្លូវការ មិនទាន់ត្រូវបានផ្សព្វផ្សាយ និងមិនទាន់ដឹងច្បាស់ថា រដ្ឋាភិបាល នឹងបិទរាជធានីភ្នំពេញ ក្នុងកម្រិតណា៕


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com