COVID-19
ជាតិ
អាជ្ញាធរភ្នំពេញ ទុកពេល៣ថ្ងៃ ឱ្យអ្នកឆ្លងកូវីដ-១៩ ទាំង១០រូប ដែលមិនព្រមបង្ហាញខ្លួន
15, Apr 2021 , 12:29 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេលបីថ្ងៃ ឱ្យអ្នកដែលមានវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ ទៅបង្ហាញខ្លួនជាកំហិត។ ប្រសិនបើអ្នកទាំង ១០រូបនោះ មិនសហការជាមួយមន្ត្រីជំនាញទេ នោះពួកគេ នឹងត្រូវរងការចាត់វិធានការតាមផ្លូវច្បាប់។ នេះបើយោងសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៥មេសា ។


រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យសាច់ញាតិ ឬអ្នកដែលស្គាល់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១០រូប ជួយសហការជាមួយអាជ្ញាធរ ផ្ដល់ព័ត៌មានពួកគេ ឱ្យបង្ហាញខ្លួនផង។ អ្នកទាំង១០នេះ ជាអ្នកពាក់ព័ន្ធករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី១១ និង ១២ ខែមេសា ឆ្នាំ២០២១ ។
 
អ្នកវិជ្ជមានទាំង ១០រូបទៀត ដែលមិនទាន់ទំនាក់ទំនងមកអាជ្ញាធរជំនាញនោះ រួមមានឈ្មោះ ស៊ាង សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ជាអាជីករផ្សារអូរឬស្សី ទីលំនៅ ក្នុងសង្កាត់អូរឬស្សី៣ ខណ្ឌមករា។  ឈ្មោះ យូ សារី ភេទស្រី អាយុ២៧ឆ្នាំ  ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់មានជ័យ ខណ្ឌមានជ័យ។ ឈ្មោះ វ៉ន ចិត្រ ភេទប្រុស អាយុ ២៨ឆ្នាំ ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ឈ្មោះ ខែ ស្រីខន  ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ឈ្មោះ ថិន សារិត ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ 
 
ឈ្មោះ តុប មឿន ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅ ផ្លូវបេតុង ភូមិគោកឃ្លោក សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ឈ្មោះ ញ៉ែត សុជា ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅ ផ្ទះជូល ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌមានជ័យ។ ជុល ចាន់ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិ ដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ឈ្មោះ ជន់ សុខាវត្តី ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ ឈ្មោះ រឿន វិរៈ ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
 
រដ្ឋបាលរាជធានីភ្នំពេញ ទុកពេលឱ្យអ្នកវិជ្ជមានកូវីដ-១៩ ទាំង១០រូបនេះ ត្រឹមថ្ងៃទី១៧ ខែមេសា ដើម្បីបង្ហាញខ្លួន និងទទួលយកការព្យាបាល (ពួកគេអាចទំនាក់ទនង ទៅលេខ១២៩៩ ឬ១១៥)។ « ប្រសិន បើអ្នកជំងឺកូវីដ-១៩ ទាំងដប់រូបខាងលើ បានបង្ហាញខ្លួនតាមការកំណត់ខាងលើ ទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញ  នឹងផ្តល់ការលើកលែងទោសពីការទទួលខុសត្រូវព្រហ្មទណ្ឌ អនុលោមតាមមាត្រា១៣នៃច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។ នេះជាការលើកឡើងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានបន្ថែមថា ក្នុងករណី ពួកគេ មិនបានបង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹង ចាត់វិធានការតាមផ្លូវច្បាប់  ដែលអាចជាប់ពន្ធធានាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យ ជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល៕ 
 

Tag:
 កូវីដ-១៩
  ព្រឹត្តិការសហគមន៍
  ផាកពិន័យ
  កំហិត
© រក្សាសិទ្ធិដោយ thmeythmey.com