COVID-19
ជាតិ
សម្តេច ហ៊ុន សែន នឹងចេញទៅប្រជុំដោយខានមិនបាន នៅឥណ្ឌូណេស៊ី នៅថ្ងៃទី២៤មេសា
16, Apr 2021 , 10:21 am        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន ដែលខកខានមិនបាន នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៤មេសាខាងមុខ។ នេះតាមសារនៅលើទំព័រហ្វេសប៊ុករបស់សម្ដេច នៅព្រឹកថ្ងៃទី១៦ មេសានេះ។

 
សម្តេច ហ៊ុន សែន ក៏នឹងចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ដូសទី២ នៅថ្ងៃទី២០មេសា មុនកាលបរិច្ឆេទកំណត់ដែលគ្រោងធ្វើនៅថ្ងៃទី២៩មេសាផងដែរ ដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល មុនចេញដំណើរទៅឥណ្ឌូណេស៊ី។ សម្តេច ហ៊ុន សែន បានសរសេរនៅទំព័រហ្វេសប៊ុកដូច្នេះ៖ «កិច្ចការដែលខ្ញុំត្រូវធ្វើ ដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះ គ្រោងចាក់នៅថ្ងៃទី២៩មេសា ២០២១។ ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យ ដើម្បីទទួលលិខិតបញ្ជាក់ សម្រាប់ឱ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី»។
 
បន្ទាប់ពីប្រជុំចប់ ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងត្រឡប់មកកម្ពុជាវិញភ្លាម។ នៅពេលមកកម្ពុជា ប្រមុខរដ្ឋាភិបាល រួមទាំងប្រតិភូរួមដំណើរទាំងអស់ នឹងត្រូវយកសំណាករកជំងឺកូវីដ-១៩ ហើយក៏នឹងធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ។
 
កន្លងមក ប្រធានអាស៊ាន បានកោះប្រជុំមេដឹកនាំអាស៊ានទាំងអស់ចូលរួមកិច្ចប្រជុំពិសេសទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា។ ចាប់តាំងពីមានរដ្ឋប្រហារយោធាមក ស្ថានភាពនៅក្នុងប្រទេសនេះ មិនទាន់ធូរស្រាលឡើយ។ ក្រុមបាតុករនៅតែតវ៉ាប្រចាំថ្ងៃ ដើម្បីទាមទារឱ្យក្រុមយោធាបង្កើតរដ្ឋាភិបាលស៊ីវិល ទោះរដ្ឋាភិបាលយោធា ធ្លាប់ប្រកាសថាខ្លួននឹងរៀបចំការបោះឆ្នោតឡើងវិញ បន្ទាប់ពីស្ថានភាពអាសន្ននៅក្នុងប្រទេសត្រូវបញ្ចប់។  ក្រុមប៉ូលិសមីយ៉ាន់ម៉ា បានបាញ់សម្លាប់ក្រុមបាតុករស្ទើរជារៀងរាល់ថ្ងៃ។ មកទល់ពេលនេះ ក្រុមបាតុករជាច្រើនរយនាក់ បានបាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចជាមួយក្រុមប៉ូលិសមីយ៉ាន់ម៉ា ខណៈមនុស្សច្រើនពាន់នាក់ ត្រូវបានចាប់ឃុំខ្លួន ក្នុងនោះរួមមានអ្នកសារព័ត៌មាន អ្នកនយោបាយ និងក្រុមបាតុករជាដើម៕   
 

© រក្សាសិទ្ធិដោយ thmeythmey.com