COVID-19
អន្តរជាតិ
មន្ត្រីអាមេរិកថា ការចាក់វ៉ាក់សាំងដូសទី៣ អាចជារឿងចាំបាច់ដើម្បីបង្កើនភាពស៊ាំ
16, Apr 2021 , 6:29 pm        
រូបភាព
ដោយ៖ ឈួ ស៊ាវយីងជាវ

អាមេរិក កំពុងត្រៀមខ្លួនក្នុងករណីការចាក់វ៉ាក់សាំងដូសទី៣ ជារឿងចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំងទល់នឹងជំងឺកូវីដ-១៩ ក្រោយការចាក់លើកទីពីរួចនោះ។ នេះបើតាមការលើកឡើងរបស់មន្ត្រីផ្នែកប្រយុទ្ធប្រឆាំងកូវីដ-១៩ របស់រដ្ឋាភិបាលអាមេរិកនៅថ្ងៃទី១៥ ខែមេសា។ ក្រុមហ៊ុនផលិត Pfizer ក៏លើកឡើងពីលទ្ធភាពនៃការចាក់វ៉ាក់សាំងលើកទីបីដែរ។


 
លោក David Kessler ប្រធានផ្នែកវិទ្យាសាស្រ្តនៃក្រុមការងារឆ្លើយតបបញ្ហាកូវីដ-១៩ ប្រាប់នៅកិច្ចប្រជុំគណៈកម្មាធិការសភាថា ខណៈសិក្សាលើរយៈពេលភាពស៊ាំរបស់វ៉ាក់សាំងកំពុងធ្វើឡើង គេមើលឃើញថា គួរតែមានការចាក់នៅដូសទី៣ បន្ថែមទៀតដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង។ លោកបន្តថា ជនដែលងាយរងគ្រោះត្រូវតែទទួលអាទិភាពមុនគេ។
 
អ្នកជំនាញរូបនេះ បន្ថែមថា ការចាក់ដូសទីបី គួរធ្វើនៅចន្លោះ៩ខែទៅ១២ខែក្រោយការចាក់វ៉ាក់សាំងជុំដំបូង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
ចំណែកលោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pfizer ក៏លើកឡើងគំនិតស្រដៀងគ្នានេះដែរ។ បើតាមទូរទស្សន៍ CNBC ដែលស្រង់សម្ដីលោក Bourla ប្រជាជននានាទំនងតម្រូវឱ្យទទួលដូសទី៣ក្នុងរយះពេល១២ខែ ហើយនឹងអាចត្រូវចាក់ប្រចាំឆ្នាំផងដែរ។
 
បើតាមទិន្នន័យដំបូង វ៉ាក់សាំងដែលផលិតពីក្រុមហ៊ុនឱសថ Moderna និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech អាចមានប្រសិទ្ធភាពបានយ៉ាងតិចរយៈពេល៦ខែ ប៉ុន្តែរយៈពេលជាក់លាក់មិនទាន់បានកំណត់។ ថ្វីបើប្រសិទ្ធភាពមានច្រើនជាង៦ខែ អ្នកជំនាញអះអាងថា ការរីករាលដាលយ៉ាងខ្លាំងនៃវីរុសបំប្លែងថ្មី និងវីរុសផ្សេងទៀតដែលអាចលេចឡើង នឹងជំរុញឱ្យការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ មានតម្រូវការចាក់ជាប្រចាំដូចនឹងការចាក់ថ្នាំគ្រុនផ្តាសាយដែរ។
 
ដោយឡែក លោក Rochelle Walensky ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការកូវីដ-១៩ បានប្រាប់អនុគណៈកម្មាធិការសភាថា អាមេរិកកំពុងតាមដានលើអ្នកវិជ្ជមានកូវីដ-១៩ ក្រោយពីការចាក់វ៉ាក់សាំងទាំងពីរដូសរួច។ លោក Walensky បញ្ជាក់ថា មនុស្សចំណោម៧៧លាននាក់ដែលបានទទួលវ៉ាក់សាំងរួចរាល់ មាន៥០០០នាក់ ឆ្លងកូវីដ-១៩ ហើយក្នុងនោះយ៉ាងហោចណាស់៣៩៦នាក់ត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យ និង៧៤នាក់បានស្លាប់។
 
ត្រង់នេះ លោក Walensky ពន្យល់ថា ការឆ្លងទាំងនោះកើតឡើងដោយសារអ្នកជំងឺមិនមានអង់ទីករខ្លាំង។ ប៉ុន្តែអ្វីដែលគួរអោយបារម្ភនោះ ករណីឆ្លងភាគច្រើនកើតចេញពីវីរុសកូវីដ-១៩ ប្រភេទថ្មី៕
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com