COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ អ្នកដែលលួចចេញពីភ្នំពេញ មិនអាចចូលវិញបានឡើយ នាអំឡុងពេលបិទខ្ទប់
16, Apr 2021 , 5:10 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសំឡេងនាល្ងាចថ្ងៃសុក្រនេះ បានបញ្ជាទៅអាជ្ញាធរខេត្តឲ្យពិនិត្យអ្នកដែលបានលួចចេញពីរាជធានីភ្នំពេញ នាអំឡុងពេលនៃការបិទខ្ទប់។ សម្តេចបានលើកឡើងបែបនេះ បន្ទាប់ពីមានករណីអ្នកចេញពីភ្នំពេញ ទៅចម្លងអ្នកនៅបណ្តាខេត្ត។



សម្តេចបានលើកទឹកចិត្តឲ្យមានការបញ្ជូនទៅតុលាការចំពោះអ្នកដែលល្មើសបម្រាមនានា នាអំឡុងពេលប្រយុទ្ធកូវីដ-១៩។ សម្តេចបានតម្រូវឲ្យពលរដ្ឋរក្សានៅផ្ទះ និងមូលដ្ឋានរបស់ខ្លួន បើទោះបីជាមានករណីលើកលែងមួយចំនួនក៏ដោយ។

«សូមកុំឲ្យមនុស្សពីរបីនាក់ទៅបំផ្លាញមនុស្សរាប់រយនាក់!»។ នេះជាការក្រើនរំលឹករបស់សម្តេច ហ៊ុន សែន ហើយស្នើកុំឲ្យមានការប្រើប្រាស់សិទ្ធិពិសេសដោយចេញពីផ្ទះទាំងមិនមានករណីចាំបាច់។ សម្តេចបានបញ្ជាក់ថា ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាចនឹងបន្តទៀតប្រសិនបើគ្មានកិច្ចសហការពីសំណាក់ពលរដ្ឋ។ បណ្តាខេត្តមួយចំនួនក៏ប្រឈមនឹងបិទខ្ទប់ជាបន្តបន្ទាប់ផងដែរ ប្រសិនស្ថានភាពមិនធូរស្បើយ។

ប្រមុខរដ្ឋាភិបាលក៏បានព្រមានផងដែរទាក់ទងនឹងករណីរត់ពន្ធមនុស្ស ដូចជាការដឹកមនុស្សទៅតាមបណ្តាខេត្តដែលរហូតដល់ប្រើប្រាស់មធ្យោបាយរដ្ឋ ដូចជារថយន្តពេទ្យ រថយន្តប៉ូលិស ឬរថយន្តអ្នកធំមួយចំនួនជាដើម។

អ្នកដែលធ្វើដំណើរទៅស្រុកមិនត្រូវអនុញ្ញាតឲ្យចូលរាជធានីភ្នំពេញវិញបានឡើយ នៅមុនសម្រេចចិត្តសារជាថ្មីស្តីពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ «គ្មានការយោគយល់បន្ថែមទៀតទេ»។ សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com