COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ ពលរដ្ឋហាមចេញពីផ្ទះដាច់ខាត នៅតំបន់ណា ត្រូវនៅតំបន់
16, Apr 2021 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាដាច់ខាត​ ហាមពលរដ្ឋ មិនឱ្យចេញពីផ្ទះ ឬធ្វើដំណើរឆ្លងពីភូមិសង្កាត់មួយទៅភូមិ សង្កាត់មួយ ឬពីស្រុកមួយ ទៅស្រុកមួយនោះឡើយ។ការចេញ បញ្ជាដាច់ណាត់​នេះ ដោយសារតែសម្តេច សង្កេតឃើញថា នៅមានការចរាចរណ៍របស់ពលរដ្ឋ ហាក់នៅមានភាពមមាញឹកនៅឡើយ បើទោះបីរដ្ឋាភិបាល បានបិទខ្ទប់រាជធានីភ្នំពេញរយៈពេល២ថ្ងៃមកហើយនោះ។

 
នៅក្នុងសាសំឡេងរបស់សម្តេច ហ៊ុន សែន ដែលត្រូវបានចេញរំលែក នៅបណ្តាញតេឡេក្រាម សម្តេច បានគូសបញ្ជាក់ដូច្នេះ៖ «ពេលនេះ នៅផ្ទះណា គឺនៅផ្ទះនោះ! នៅភូមិណា គឺនៅភូមិនោះ នៅស្រុកណា គឺនៅស្រុកនោះ  នៅទីកន្លែងណា គឺនៅទីកន្លែងនោះ ក្នុងរយៈពេល១៤ ថ្ងៃ»។
 
តាមសម្តេច ហ៊ុន សែន បើទោះជាក្នុងអំឡុងពេលបិទខ្ទប់នេះ មានករណីលើកលែងមួយចំនួនក៏ដោយ ប៉ុន្តែប្រមុខរដ្ឋាភិបាល ទទូចឱ្យពលរដ្ឋ កុំយកហេតុផលដែលខ្លួនទទួលបាន​ការលើកលែង ដើម្បីជាលេសចាកចេញពីផ្ទះ។  ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏សំណូមពរឱ្យពលរដ្ឋអត់ធ្មត់ នៅក្នុងកាលៈទេសៈនេះ ជាមួយរដ្ឋាភិបាលភិបាល ដើម្បីយកឈ្នះ លើជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងខ្លាំង ពិសេសនៅរាជធានីភ្នំពេញ ។ 
 
ប្រមុខរដ្ឋាភិបាល ក៏បង្ហើបពីការពន្យារពេលនៃការបិទខ្ទប់ រាជធានីភ្នំពេញ តាខ្មៅ ឬខេត្តដទៃទៀត ​ តាមការជាក់ស្តែងផងដែរ។ 
 
បច្ចុប្បន្ន កម្ពុជាមានឆ្ល​ជំងឺ​កូ​វីដ​-១៩ មានចំនួន ​៥៤៨០នាក់ ក្នុងនោះ ២៣៩៣នាក់ បានជា​សះស្បើយ​វិញ និង​៣៨​នាក់ បាន​បាត់​បង់ជីវិត​។​ កម្ពុជានៅសស់អ្នកជំងឺសុរប ៣០៤៤នាក់ ក្នុងនោះ អ្នកជំងឺ ១០១៥នាក់ កំពុងរង់ចាំការបញ្ជូនទៅកន្លែងសម្រាក​ព្យាបាល។
 
ក្រៅពី​ភ្នំពេញ ខេត្ត​ដែលមាន​ករណី​២០​កុម្ភៈ រួមមាន​ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ ព្រះវិហារ និង​ខេត្តកំពង់ស្ពឺ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com