COVID-19
ជាតិ
សង្គមជាតិ
ផ្សារនាគមាស៖ រកឃើញវិជ្ជមាន៦០នាក់ក្នុងចំណោមជាង ៦៨០នាក់ដែលត្រូវយកសំណាក
18, Apr 2021 , 9:55 pm        
រូបភាព
សកម្មភាពធ្វើតេស្តរកមេរោគកូវីដនៅផ្សារនាគមាសនៅយប់ថ្ងៃ ១៨​ខែមេសា។ រូបភាព៖ ហ្វេសប៊ុកគ្រូពេទ្យស្ម័គ្រចិត្តសម្តេចហ៊ុនសែន
សកម្មភាពធ្វើតេស្តរកមេរោគកូវីដនៅផ្សារនាគមាសនៅយប់ថ្ងៃ ១៨​ខែមេសា។ រូបភាព៖ ហ្វេសប៊ុកគ្រូពេទ្យស្ម័គ្រចិត្តសម្តេចហ៊ុនសែន
ភ្នំពេញ៖ ករណីវិជ្ជមានថ្មី ៦០ទៀតត្រូវបានរកឃើញនៅវេលាយប់ថ្ងៃទី ១៨ ខែមេសានេះដែលកើតមានក្នុងចំណោម អាជីវករ និងអ្នកប៉ះផ្ទាល់ និងប្រយោលនៅផ្សារនាគមាស។ 

តាមរយៈវីដេអូឃ្លីបមានរយៈពេលជិត៣នាទីផ្សាយលើទំព័រផ្លូវការក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចហ៊ុនសែននៅម៉ោងប្រហែល ៨​ល្ងាចថ្ងៃ ១៨ មេសា សមាជិកគ្រូពេទ្យស្ម័គ្រចិត្តបានបញ្ជាក់ថា ប្រតិបត្តិការយកសំណាកអ្នកពាក់ព័ន្ធនឹងករណីផ្សារនាគមាសនេះ បានចាប់ផ្ដើមតាំងពីម៉ោង៩ ព្រឹក ដោយបានយកសំណាកចំនួនជាង ៦៨០នាក់។ ក្នុងចំណោមនោះ គេបានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ រហូតដល់ ៦០នាក់ឯណោះ។ 
 
«ក្រុមការងារយើងមកតែ២០នាក់ទេ ដោយពលរដ្ឋនៅជុំវិញផ្សារមកច្រើន។ ជាក់ស្ដែងយើងថែមកម្លាំង២០នាក់ទៀត មកដល់ពេលនេះ យើងមិនទាន់បញ្ចប់ទេ។ ប្រជាជននៅទីនេះ សល់ប្រហែល១០០នាក់ទៀតទម្រាំចប់អស់។ យើងនឹងព្យាយាមធ្វើសំណាកពួកគាត់ឱ្យអស់»។ គ្រូពេទ្យស្ម័គ្រចិត្តបានបញ្ជាក់ដូច្នេះ។
 
ទន្ទឹមនឹងនេះ បើតាមតាមគ្រូពេទ្យខាងលើ ការយកសំណាកដែលធ្វើឡើងពេលនេះ គឺប្រើប្រាស់ឧបករណ៍តេស្តរហ័ស។ ដូច្នេះហើយ វាចំណាយពេលត្រឹមតែរយៈពេល១៥ទៅ ៣០នាទីប៉ុណ្ណោះ គេអាចដឹងលទ្ធផលបាន។
 
 នៅថ្ងៃទី១៨ ខែ មេសានេះ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល មនុស្សចំនួនរហូតដល់ ៦១៨ នាក់ឯណោះមានវិជ្ជមានកូវីដ-១៩។ ភាគច្រើននៃករណីឆ្លើងនេះគឺស្ថិតនៅរាជធានីភ្នំពេញពោលគឺមាន ចំនួន ៤៩៣នាក់ ក្នុងនោះមានអាជីវករផ្សារដើមគមានចំនួន ១០៦នាក់ និងកម្មកររោងចក្រ Fortuna ត្រពាំងថ្លឹងមានចំនួន ២២០នាក់។
 
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុបចំនួន ៦៣៨៩ ដោយ ៥៨៤៦ ពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ចំណែកអ្នកសះស្បើយមានសរុបចំនួន​ ២៤៧៦នាក់ ខណៈ៤៤ នាក់រួចទៅហើយបានទទួលមរណភាព៕
 

© រក្សាសិទ្ធិដោយ thmeythmey.com