ជាតិ
សង្គមជាតិ
បិទផ្សារបឹងត្របែក និងផ្សារធំទូលសង្កែ១៤ថ្ងៃ ក្រោយពីផ្ទុះជំងឺកូវីដ-១៩នៅទីនោះ
19, Apr 2021 , 8:52 am        
រូបភាព
ដោយ:
ភ្នំពេញ៖ អាជ្ញាធរបានសម្រេចបិទផ្សារបឹងត្របែក ផ្លាហ្សា ក្នុងខណ្ឌចំការមន និងផ្សារធំទួលសង្កែ ហៅផ្សារសាំណាន់ ក្នុងខណ្ឌឬស្សីកែវរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ក្រោយពីមានអាជីវករ និងសន្តិសុខមួយចំនួនឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ នេះបើតាមសេចក្តីជូនដំណឹងដោយឡែកពីគ្នា របស់រដ្ឋបាលខណ្ឌចំការមន និងខណ្ឌឫស្សីកែវ។

 
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌទាំងពីរ គោលបំណងនៃការបិទផ្សារទាំងពីរនេះ គឺដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ 
 
«ស្ថានភាពនេះ បានរីករាលដាលបន្តបន្ទាប់ ច្រើនតូប និងមានទីតាំងខុសៗគ្នា ក្នុងបរិវេណផ្សារគួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩»។ នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋបាលខណ្ឌទាំងពីរ។ 
 
ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ កាន់តែរាលដាលកាន់តែខ្លាំងឡើង អភិបាលខណ្ឌទាំងពីរបានអំពាវនាវដល់ពលរដ្ឋ  អាជីវករ សន្តិសុខ បុគ្គលិក កម្្មករបម្រើនៅក្នុងផ្សារ និងក្រុមគ្រួសារដែលពាក់ព័ន្ធនឹងអាជីវករខាងលើ សូមទៅធ្វើតេស្តជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក១៤នៅផ្ទះ១៤ថ្ងៃ។ 
 
កន្លងមកអាជ្ញាធរ ក៏បានបិទផ្សារធំៗមួយចំនួននៅរាជធានីភ្នំពេញ ដូចជាផ្សារអូរឫស្សី ផ្សារចាស់ ផ្សារដើមគ និងផ្សារនាគមាស ផ្សារមួយចំនួនទៀតក្នុងរាជធានី-ខេត្ត និងទីតាំងជាច្រើនទៀត ដែលបានផ្ទុះជំងឺកូវីដ-១៩ រួមទំាងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕ 


 

Tag:
 បិទផ្សារ
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com