COVID-19
ជាតិ
ល្មើសវិធានការដ្ឋបាល នឹងរងពិន័យពី២លានទៅ៥លានរៀល ហើយប្រឈមជាប់ពន្ធនាគារ
20, Apr 2021 , 9:29 am        
រូបភាព
រូបភាព ពីរដ្ឋបាលរាជធានីភ្នំពេញ ។
រូបភាព ពីរដ្ឋបាលរាជធានីភ្នំពេញ ។
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ពីការពិន័យអន្តរការណ៍ពី២លាន ដល់៥ លានរៀល ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ 



បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ១៨ ខែមេសា  បុគ្គលដែលមិនគោរព ដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរ ដូចចែងក្នុងមាត្រា៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី ៣០ ខែមីនា ត្រូវពិន័យទឹកប្រាក់ ២លាន ៥សែនរៀល។ រីឯ បុគ្គលដែលមិនគោរពនូវការហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំ ត្រូវពិន័យទឹកប្រាក់ ចំនួន ២លានរៀល ។
 
បុគ្គលមិនគោរពនូវវិធានការហាមឃាត់ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដូចចែងក្នុងមាត្រា៦ នៃអនុក្រឹត្យ លេខ៥៧ អនក្រ.បក  និងមិនគោរពវិធានការហាមឃាត់ការធ្វើចរាចរណ៍ចេញ-ចូលតំបន់ ឬកន្លែងមានការរាលដាលជំងឺកូវីដ-១៩  ត្រូវពិន័យ ៣លានរៀល។ បុគ្គល មិនគោរពបម្រាបគោចរ ត្រូវពិន័យទឹកប្រាក់ចំនួន ៣លាន ៥សែនរៀល ។ 


 
ចំណែក បុគ្គលមិនគោរពវិធានការបិទខ្ទប់តំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវពិន័យទឹកប្រាក់ ៤លានរៀល។ បុគ្គល មិនគោរពវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវពិន័យទឹកប្រាក់ ចំនួន ៥លានរៀល និងបុគ្គល មិនគោរពតាមវិធានការរដ្ឋបាលផ្សេងទៀត ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប និងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវពិន័យទឹកប្រាក់ចំនួន ២លាន៥សែនរៀល។ 
 
តាមលិខិតដដែល បុគ្គលល្មើសវិធានការខាងលើ ត្រូវបង់ប្រាក់ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានបង្កាន់ដៃពិន័យអន្តរការណ៍ពីមន្រ្តីនៃរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងករណីមិនបានបង់ប្រាក់ក្នុងរយៈពេល៣០ថ្ងៃទេ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ 
 
លើសពីនេះក្នុងករណី អំពើមិនគោរពវិធានការនេះ បណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ បុគ្គលល្មើសនឹងត្រូវជាប់ពន្ធនាគារ និងទោសពិន័យជាប្រាក់ស្របតាមមាត្រា១០នៃច្បាប់ និងបទប្បញត្តិពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕ 
 
 
 

Tag:
 ពិន័យ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com