COVID-19
ជាតិ
COVID-19៖ ៤៣១ករណីទៀត​នៅកម្ពុជា
20, Apr 2021 , 12:31 pm        
រូបភាព
តួលេខអ្នកកើតកូវីដ-១៩នៅកម្ពុជា មាន​ចំនួន​៤៣១នាក់បន្ថែមទៀត រីឯអ្នកសះស្បើយថ្មី មាន៣១នាក់។ នេះ​បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នាថ្ងៃទី​២០ ខែមេសា ដោយផ្អែក​តាម​លទ្ធផលកាលពីម្សិលមិញ។ ភ្នំពេញនៅតែជា​តំបន់​ដ៏គ្រោះថ្នាក់ជាងគេ ជាពិសេស​នៅទីតាំងដែល​រដ្ឋាភិបាលកំណត់ថា ជាតំបន់ក្រហម បន្ទាប់មកខេត្តព្រះសីហនុ។



ក្នុងចំណោម​៤៣១ករណី មាន​២ករណីនាំចូល ដែលជាបុរសឥណ្ឌូណេស៊ីអាយុ៣១ឆ្នាំ មកពីឥណ្ឌា ហើយដល់កម្ពុជានៅថ្ងៃទី១៨ ខែមេសា និងម្នាក់ទៀតជា​ស្ត្រីចិន​អាយុ២០ឆ្នាំ ដែលមកពីប្រទេសរបស់ខ្លួន  កាលពីថ្ងៃទី៦ ខែមេសា។

៤២៩ករណីពាក់ព័ន្ធសហគមន៍២០កុម្ភៈ ដោយរាជធានីភ្នំពេញ មាន​ខ្មែរទាំង​២៧១នាក់ (បុរស​​១២៥នាក់ និងស្រ្តី​១៤៦នាក់)។ ក្រសួងមិនទាន់បញ្ជាក់លំអិតពីកន្លែងសម្រាកព្យាបាល​របស់អ្នកទាំងនោះឡើយ។

ខេត្តព្រះសីហនុ មាន​១៣៣នាក់ ក្នុងនោះខ្មែរ​១៣២នាក់ និង​វៀតណាម១នាក់ ដែលត្រូវបញ្ជូន​សម្រាកព្យាបាលនៅសណ្ឋាគារសម័យថ្មី អន្តរជាតិ ខេត្តព្រះសីហនុ។

១០នាក់នៅខេត្តកណ្តាល ដែលសុទ្ធតែជាជន​ជាតិខ្មែរ (បុរស​២នាក់ និងស្ត្រី​៨នាក់)។ ពួកគាត់សម្រាកព្យាបាលនៅ​មន្ទីរពេទ្យជ័យជំនះ។

៤នាក់នៅខេត្តតាកែវ ក្នុងនោះមាន​បុរស​៣នាក់នៅ​ស្រុកបាទី និងកុមារ១នាក់នៅស្រុកសំរោង ដែលត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

កំពង់ចាមមាន​៤នាក់ ដោយ៣នាក់នៅឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ និង​១នាក់នៅឃុំស្វាយទាប ស្រុកចំការលើ។ ពួកគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

ព្រៃវែងមាន​ស្ត្រី២វ័យ​១៨​ឆ្នាំ​នាក់ដែលមានអាសយដ្ឋាននៅ​ឃុំស្មោងត្បូង ស្រុកកំចាយមារ ហើយបច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

កំពង់ឆ្នាំងមាន១នាក់ ជាបុរសអាយុ​៥៧​ឆ្នាំ នៅឃុំជ្រៃបាក់ ស្រុករលៀប្អៀរ។ កំពង់ធំមាន​១នាក់ ជាបុរស​អាយុ៣១​ឆ្នាំ នៅឃុំត្នោតជុំ ស្រុកបារាយណ៍។ កំពតមាន១នាក់ដែលជាបុរស​អាយុ៤២ឆ្នាំនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច។ ស្វាយរៀងមាន​១នាក់ដែលជាបុរសអាយុ​៥០​ឆ្នាំនៅសង្កាត់បាវិត ឃុំបាវិត។ ត្បូងឃ្មុំ មាន​១នាក់ ជាស្ត្រីអាយុ​២៧​ឆ្នាំ នៅឃុំកោងកាង ស្រុកពញាក្រែក។

ក្នុងចំណោមអ្នកសះស្បើយថ្មី៣១នាក់ មាន​៤នាក់នៅព្រៃវែង ៣នាក់នៅស្វាយរៀង ១២នាក់នៅកណ្តាល ៥នាក់នៅតាកែវ និង​៧នាក់នៅភ្នំពេញ។

បច្ចុប្បន្ន កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុប​៧៤៤៤នាក់ ក្នុងនោះ ៦៨៩៩នាក់ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន​២៥៥៥នាក់ និងស្លាប់​៤៩នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com