COVID-19
ជាតិ
កម្ពុជាមាន​អ្នក​ស្លាប់៤នាក់បន្ថែមទៀតដោយសារកូវីដ-១៩
20, Apr 2021 , 11:07 am        
រូបភាព
ដោយ: ថ្មីៗ
បុរស១នាក់ និងស្ត្រី៣នាក់បន្ថែមទៀត បានទទួលមរណភាព​ដោយសារ​កូវីដ-១៩ នៅកម្ពុជា កាលពីថ្ងៃទី១៩ ខែមេសា។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាល ដែលធ្វើឲ្យចំនួន​សរុបឡើង​ដល់​៤៩នាក់ហើយ។ រីឯករណីស្លាប់មួយទៀត មិនមែនបណ្តាលមកពីកូវីដ-១៩ឡើយ គាត់​បាន​ស្លាប់​ដោយសារគ្រោះថ្នាក់ចរាចរណ៍។



អ្នកជំងឺបាន​ស្លាប់ទាំង៤នាក់ សុទ្ធតែជាជនជាតិខ្មែរ ក្នុងនោះមានបុរសអាយុ៦៥​ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ គាត់បាន​ស្លាប់​កាលពីវេលាម៉ោង៧ និង​២០នាទី នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ដោយសារ​វិបត្តិផ្លូវ​ដង្ហើមធ្ងន់ធ្ងរ និង​រលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ រួមទាំងមានជំងឺទឹកនោម​ផ្អែម​ប្រចាំកាយ។

អ្នកជំងឺម្នាក់ទៀត ជាស្ត្រីអាយុ៧២ឆ្នាំ រស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ ដែលបាន​ស្លាប់កាលពីម៉ោង៤ និង​២នាទី​រៀសល។ ដូចករណីទីមួយ​ផងដែរ គាត់មានជំងឺទឹកនោមផ្អែម ហើយថែមទាំងមាន​ជំងឺ​បេះដូង និង​ខ្សោយតំរងនោម​ប្រចាំកាយ។

នៅមន្ទីរពេទ្យបង្អែក​ខេត្តព្រះសីហនុ អ្នកដែលជំងឺដែលបានស្លាប់ ជាស្ត្រីអាយុ​៤៨ឆ្នាំ និងអ្នកជំងឺទី៤ដែលបានស្លាប់ គឺ​ស្ត្រី​៤០ឆ្នាំរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលព្យាបាលនៅ​មណ្ឌលសុខភាពចាក់អង្រែ។ ពួកគាត់សុទ្ធតែបានស្លាប់​ដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងបង្កដោយកូវីដ-១៩។

ជាមួយគ្នានេះ ក្រសួងបាន​ប្រកាសពី​ករណីស្លាប់១ទៀតដែលមិនពាក់ព័ន្ធនឹងកូវីដ-១៩។ ស្ត្រីខ្មែរវ័យ​៥៧​ឆ្នាំ រស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ព្រះកុសុមៈ កាលពីថ្ងៃទី១៣ ខែមីនា ដោយសារមាន​គ្រោះថ្នាក់ចរាចរណ៍ត្រូវក្បាលធ្ងន់ធ្ងរ រួមជាមួយ​ជំងឺទឹកនោមផ្អែមប្រចាំកាយ។ គាត់ក៏ត្រូវបាន​តេស្តឃើញថា មានវិជ្ជមានកូវីដ-១៩ ប៉ុន្តែករណីស្លាប់នេះ ត្រូវបានក្រុមគ្រូពេទ្យ​សន្និដ្ឋានថា មិនពាក់ព័ន្ធនឹងជំងឺរាលដាលសាកលនេះឡើយ។

© រក្សាសិទ្ធិដោយ thmeythmey.com