COVID-19
ជាតិ
រកឃើញទាហាន២នាក់ ដែលបានចាក់វ៉ាក់សាំង២លើករួចហើយ ឆ្លងកូវីដ-១៩
20, Apr 2021 , 12:04 pm        
រូបភាព
រូបពីរដ្ឋបាលរាជធានីភ្នំពេញ
រូបពីរដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ នាយទាហាន២នាក់ ដែលធ្លាប់ចាក់វ៉ាក់សាំង២លើករួចហើយ ឆ្លងកូវីដ-១៩។នេះបើតាមលោក ឈុំ សុជាត អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានបន្ថែមថា ក្រុមការងារជំនាញកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាហានទាំងពីររូបនេះថែមទៀត។


លោក ឈុំ សុជាតិ បានបញ្ជាក់ថា អ្នកឆ្លងទាំងពីរនោះ ជាឧត្តមសេនីយ៍ទោ និងជានាយករងនៃនាយកដ្ឋានកិច្ចការរដ្ឋបាលអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ។ ចំណែក ម្នាក់ទៀត គឺវរសេនីយ៍ទោ និងជានាយផ្នែកកិច្ចការនារីការិយាល័យអប់រំចិត្តសាស្រ្ត អគ្គលេខាធិការដ្ឋាននៃក្រសួងការពារជាតិ ។ ពួកគេទាំងពីរស្នាក់នៅសង្កាត់ទួលសង្កែ និងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 
 
បើតាមលោក ឈុំ សុជាតិ ឧត្តមសេនីយ៍ទោរូបនេះ ត្រូវបានរកឃើញកូវីដ-១៩ នៅថ្ងៃទី១៧មេសា ហើយវរសេនីយ៍ទោ រកឃើញនៅថ្ងៃទី១៩មេសា។ នាយទាហានទាំងពីររូបនេះ គឺធ្លាប់ចាក់វ៉ាក់សាំងចំនួន២លើករួចមកហើយ។ 
 
ជុំវិញករណីនេះ លោក ឈុំ សុជាតិ បានថ្លែងប្រាប់សារព័ត៌មានថ្មីតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩មេសានេះថា៖ «ហ្នឹងហើយគេកំពុងធ្វើការ, គេ(ក្រុមជំនាញ)កំពុងណែនាំឲ្យអ្នកពាក់ព័ន្ធធ្វើតេស្ត ហើយអ្នកពាក់ព័ន្ធភាគច្រើនជាគ្រួសារ»។ 
 
មកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩សរុបជាង៧ពាន់ករណី ក្នុងនោះជាង៦៤០០នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកសះស្បើយជាង២៥០០នាក់ និងស្លាប់ឡើងដល់៤៩នាក់។ ពេលនេះអ្នកជំងឺជាងជិត២ពាន់នាក់ កំពុងរង់ចាំការបញ្ជូនទៅព្យាបាល ខណៈ១៦នាក់ សម្រាកព្យាបាលនៅផ្ទះ និងក្រៅពីនេះគឺសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងមណ្ឌលព្យាបាលនានា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com