កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho រកបានជាង១០០លានដុល្លារ ពីការបញ្ចប់តំណែងអ្នកចាត់ការ
21, Apr 2021 , 8:29 am        
រូបភាព
លោក Jose Mourinho ត្រៀមទទួលកញ្ចប់លុយចំនួន១៥លានផោន (២១លានដុល្លារអាមេរិក) បន្ទាប់ពី Tottenham Hotspur បញ្ចប់តំណែងជាអ្នកចាត់ការទូទៅ។ នេះជាការបញ្ចប់តំណែងលើកទី៥ក្នុងអាជីពដឹកនាំរបស់ Mourinho ខណៈលោកទទួលបានប្រាក់យ៉ាងសន្ធឹកពីសំណងកិច្ចសន្យា។


Spurs បានបញ្ចប់តំណែងលោក Mourinho ជាអ្នកចាត់ការទូទៅនៅថ្ងៃទី១៩ ខែមេសា ក្រោយដឹកនាំបាន១៧ខែ។ ការបញ្ចប់តំណែងនេះ ត្រូវបានគេជឿងជាក់ថា ទំនងជាមានពាក់ព័ន្ធនឹងការចូលរួមរបស់ក្លិបមាន់ខ្នាយមាស សម្រាប់គម្រោង European Super League ដែលរងការរិះគន់ខ្លាំង ខណៈលោក Mourinho ក៏មិនពេញចិត្តដូចគ្នា។
 
ប៉ុន្តែយ៉ាងណា ជុំវិញការបញ្ចប់តំណែងនេះ ប្រធានក្លិប Spurs លោក Daniel Levy អះអាងថាការចែកផ្លូវគ្នានេះ មិនមានជាប់ពាក់ព័ន្ធនឹងការចូលរួមរបស់ខ្លួនក្នុងពានរង្វាន់អឺរ៉ុបថ្មី Super League ឡើយ តែជាហេតុផលផ្ទាល់ខ្លួនរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់តែប៉ុណ្ណោះ។
 
ស្របពេលនឹងការបញ្ចប់តំណែងមុនកិច្ចសន្យានេះ បើតាមការចុះផ្សាយរបស់កាសែត The Sun អ្នកចាត់ការរហស្សនាម Special One នឹងទទួលបានប្រាក់សំណងពី Spurs ចំនួន២១លានដុល្លារ។ នេះមានន័យថា អតីតអ្នកចាត់ការ Manchester United, Chelsea, Real Madrid និង Inter Milan រូបនេះរកបានប្រាក់សំណងកិច្ចសន្យាចំនួន ៧៧.៥ លានផោន (១០៨លានដុល្លារអាមេរិក) សម្រាប់អាជីពដឹកនាំ ដែលត្រូវក្លិបបញ្ចប់តំណែងទាំង៥លើករបស់លោក។
 
អ្នកចាត់ការវ័យ៥៧ឆ្នាំរូបនេះ ធ្លាប់ទទួលបានប្រាក់សំណង២លើក ពី Chelsea កាលពីឆ្នាំ២០០៧ ចំនួន២៥លានដុល្លារ និងឆ្នាំ ២០១៥ ចំនួនជាង ១៧លានដុល្លារ។ ក្រៅពីនោះ បានពី Real Madrid នៅឆ្នាំ២០១៣ ជិត២៤លានដុល្លារ និងបានពី Man Utd នៅឆ្នាំ២០១៨ ចំនួន ២១លានដុល្លារ៕
 

Tag:
 Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com