កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ U23 កម្ពុជា ប៉ះជាមួយ U23 ឥណ្ឌូនេស៊ីនាវេលាម៉ោង៤:៣០នាទី
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងបន្តដំណើរការប្រកួតរបស់ខ្លួនក្នុងពូល B នាវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៣ នេះ ជាមួយក្រុម U23 ឥណ្ឌូនេស៊ីនៅលើទីលាន YTC Stadium ក្នុងទីក្រុងយាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា។
ក្រុមរបស់លោក Lee Tae Hoon បានរងនូវការខកចិត្តនៅថ្ងៃប្រកួតបើកឆាក ដោយត្រូវក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដែលដឹកនាំដោយគ្រូបង្វឹកកូរ៉េខាងត្បូងដូចគ្នា ក្នុងលទ្ធផល ៣-០ ខណៈខ្សែប្រយុទ្ធ សុក ផេង ឈិន ឈឿន និង ប្រាក់ មុន្នីឧត្តម សុទ្ធតែបានខកខានឱកាសរបស់ខ្លួន។
សម្រាប់ឥណ្ឌូនេស៊ី នេះជាការប្រកួតបើកឆាកនៅក្នុងពូល B របស់ពួកគេ។ វានឹងក្លាយជាការប្រកួតដ៏តឹងតែងមួយរបស់កម្ពុជា ពីព្រោះនាជំនួបកន្លងមក ឥណ្ឌូនេស៊ី តែងតែទទួលជ័យជម្នះយ៉ាងចាស់ដៃ ដែលភាគច្រើនកម្ពុជាមិនមានឱកាសវាយបកឡើយ។
បន្ទាប់ពីការប្រកួតនេះ ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ត្រូវស្វាគមន៍ក្រុមទីម័រខាងកើតនៅលើទីលានដដែល។ បច្ចុប្បន្ន មីយ៉ាន់ម៉ាកំពុងឈរលើតារាងក្រោយឈ្នះកម្ពុជា ៣-០ ខណៈថៃដែលបំបាក់ទីម័រខាងកើត ៣-១ ស្ថិតនៅតំបន់ថ្នាក់លេខ២ ។
ដោយឡែកការប្រកួតនៅក្នុងពូល A ដែលត្រូវបានរៀបចំនៅទីក្រុងណៃពីដរ កាលពីថ្ងៃម្សិលមិញ វៀតណាមបានបំបាក់ក្រុមប្រ៊ុយណេ ៧-០ មុនពេល សិង្ហបុរី និងឡាវ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ៕
រូបថតទាំងអស់ត្រូវបានផ្តល់ដោយ៖ NagaWorld/លោក កឹម សុវណ្ណា
© រក្សាសិទ្ធិដោយ thmeythmey.com