COVID-19
ជាតិ
COVID-19៖ ៣០៣ករណីបន្ថែមទៀតនៅកម្ពុជា ខណៈអ្នកសះស្បើយមាន ២៣៩នាក់
21, Apr 2021 , 12:55 pm        
រូបភាព
មនុស្ស​៣០៣នាក់​បន្ថែមទៀត តេស្តវិជ្ជមាន​កូវីដ-១៩​នៅ​កម្ពុជា និងអ្នក​សះស្បើយថ្មី មាន ២៣៩នាក់។ នេះបើតាម​សេចក្តីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នា​ថ្ងៃពុធ ទី២១ ខែ​មេសា ឆ្នាំ២០២១។ ភ្នំពេញ​នៅ​តែជា​តំបន់ដែល​រាល​ដាល​ខ្លាំងជាងគេ ក្នុងព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដោយមាន​២៤៨ ករណីបន្ថែមទៀត។



តាមក្រសួងសុខាភិបាល ក្នុងចំណោមករណីថ្មីទាំង ៣០៣នាក់នោះ មាននៅភ្នំពេញ ចំនួន ២៤៨នាក់ ដោយក្នុងនោះមានជនជាតិខ្មែរ ២៤៥នាក់ និងជនជាតិចិន ៣នាក់។ ដោយឡែកមនុស្ស ៣នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកវិជ្ជមានថ្មីដែលរកឃើញនៅភ្នំពេញនេះ។ មនុស្ស ២៤៥នាក់ ក្រសួងនឹងប្រកាសពីទីកន្លែងព្យាបាលនៅពេលក្រោយ។ 

ខេត្តព្រះសីហនុ ក៏រកឃើញករណីវិជ្ជមានថ្មី ១៩នាក់ ដែរ ក្នុងនោះអ្នកជំងឺម្នាក់បានស្លាប់ ខណៈអ្នកជំងឺដែលនៅសល់ ត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ២៦ករណី ត្រូវបានរកឃើញនៅខេត្តកណ្តាល ដោយក្នុងនោះមាន  ស្រី១៧នាក់ និងប្រុស ៩នាក់ ហើយអ្នកជំងឺទាំងអស់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល។ ៨ករណីនៅខេត្តតាកែវ ដោយអ្នកជំងឺត្រូវបានឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកណ្តាល។ ​ខេត្តកំពត ក៏មានវិជ្ជមាន ២ករណីដែរ ដែលម្នាក់ជាអ្នករស់នៅស្រុកកំពង់ត្រាច និងម្នាក់ជាអ្នករស់នៅស្រុក ឈូក។ អ្នកទាំង២ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពត។ 

ជាមួយគ្នានេះ ក៏មានមនុស្សចំនួន ២៣៩នាក់បានជាសះស្បើយដែរ ក្នុងនោះមាន ២០៥នាក់ នៅរាជធានីភ្នំពេញ, ១៤នាក់ នៅខេត្តស្វាយរៀង , ១៣នាក់ នៅខេត្តព្រះសីហនុ , ៣នាក់ នៅកំពង់ចាម , ៣នាក់ នៅខេត្តកោះកុង និងម្នាក់ នៅត្បូងឃ្មុំ។ 

គិតមកទល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩ សរុប ៧៧៤៧ករណី ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន ៧២០២ករណី។ អ្នកសះស្បើយមានចំនួន ២៧៩៤ ខណៈអ្នកស្លាប់កើនដល់ ៥៤នាក់។ កម្ពុជា នៅមានអ្នកជំងឺ ៤៨៩៣នាក់ ក្នុងនោះ ២៤១៦នាក់ កំពុងរង់ចាំការបញ្ជូនទៅសម្រាកព្យាបាល ខណៈអ្នកព្យាបាលនៅផ្ទះ នៅសល់ចំនួន ១៥នាក់៕ 


© រក្សាសិទ្ធិដោយ thmeythmey.com