ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! អ្នកជំងឺទឹកនោមផ្អែម គួរកុំរំលងអត្ថបទនេះ
23, Apr 2021 , 6:59 am        
រូបភាព
របបអាហារសុខភាពល្អ គឺចាំបាច់ណាស់សម្រាប់គ្រប់គ្នា។ ប៉ុន្តែវាកាន់តែសំខាន់ថែមមួយកម្រិតទៀតចំពោះអ្នកជំងឺទឹកនោមផ្អែម។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបបអាហារដែលអ្នកជំងឺទឹកនោមផ្អែមគួរប្រកាន់ខ្ជាប់ ៖

 
១. ផ្ដោតសំខាន់លើអាហារប្រាំក្រុម
 
វាពិតជាសំខាន់ណាស់ដែលអ្នកគួររួមបញ្ចូលប្រភេទត្រឹមត្រូវនៃអាហារក្នុងរបបអាហារប្រចាំថ្ងៃ។ ហើយគ្មានអាហារអ្វីអាចផ្ដល់នូវវីតាមីននិងជាតិរ៉ែដែលរាងកាយត្រូវការចាំបាច់ជាងអាហារប្រាំក្រុមរួមមានផ្លែឈើ បន្លែបៃតង សាច់គ្មានខ្លាញ់ ប្រូតេអ៊ីនគ្មានខ្លាញ់ ផលិតផលអាហារផ្សំឡើងពីទឹកដោះគោមានខ្លាញ់ទាប ឬគ្មានខ្លាញ់ និងគ្រាប់ធញ្ញជាតិ។
 
២. បង្កើនការទទួលទានអាហារមានផ្ទុកសម្បូរដោយជាតិសសៃ
 
ជាតិសសៃ គឺសំខាន់បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ វាជួយពន្យឺតបរិមាណនៃជាតិស្ករដែលត្រូវបញ្ចេញទៅក្នុងឈាមដែលរក្សាកម្រិតនៃជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។
 
៣. ជ្រើសរើសទទួលទានប្រភេទខ្លាញ់ល្អ
 
រួមមានគ្រាប់អាល់ម៉ុន គ្រាប់វាល់ណឺត ប្រេងសណ្ដែងដី ផ្លែបឺរ ប្រេងអូលីវ និងផ្លែអូលីវជាដើមសុទ្ធតែជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានច្រើនលើសកម្រិតឡើយ។
 
៤. កុំរំលងត្រីសម្បូរខ្លាញ់
 
ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនគ្មានខ្លាញ់និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធភាពជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ។
 
៥. កាត់បន្ថយអាហារមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត
 
ការកាត់បន្ថយការទទួលទានអាហារសម្បូរដោយកាបូអ៊ីដ្រាតជាគន្លឹះចម្បងមួយដែលអ្នកគួរអនុវត្តដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។ បរិមាណនៃកាបូអ៊ីដ្រាតច្រើនពេកធ្វើឱ្យកោសិកាធន់នឹងអាំងស៊ុយលីនបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកត្រូវឈប់ទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតតែម្ដងឡើយក៏ព្រោះរាងកាយនូវត្រូវការវា! អ្វីដែលសំខាន់ គឺត្រូវកាត់បន្ថយការទទួលទាន។
 
៦. កម្រិតការទទួលទានអាហារមានផ្ទុកប្រូតេអ៊ីនពីសាច់ខ្ពស់
 
ប្រូតេអ៊ីន គឺជាក្រុមនៃអាហារដ៏សំខាន់បំផុតមួយដែលរាងកាយត្រូវការដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំ។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកអាចទទួលទានបានតាមចិត្តចង់ឡើយ ពិសេសចំពោះអ្នកចូលចិត្តទទួលទានសាច់ក្រហម! នេះក៏ព្រោះតែការទទួលទានច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមនិងជំងឺមហារីក។ អ្នកគួរកម្រិតការទទួលទានមិនលើសពី ២ ដងក្នុងមួយសប្តាហ៍ដោយជំនួសមកវិញនូវត្រី សាច់មាន់ (គ្មានស្បែក) និងបន្លែច្រើនដើម្បីទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់។
 
៧. ប្រយ័ត្នក្នុងការទទួលទានអាហារចៀនបំពង 
 
អាហារចៀន ឬបំពងភាគច្រើន គឺមានផ្ទុកជាតិខ្លាញ់មិនល្អ។ ដូច្នេះដើម្បីជាការប្រសើរចូរជ្រើសរើសវិធីចម្អិនផ្សេងទៀតដូចជាស្ងោ អាំង ឬចំហុយជំនួសវិញ។ ប្រសិនបើអ្នកឈប់ទទួលទានអាហារចៀន ឬបំពងមិនបានចូរជ្រើសរើសប្រើប្រាស់ខ្លាញ់ល្អដូចជាប្រេងអូលីវ។
 
៨. កម្រិតការទទួលទានអាហារសម្បូរជាតិខ្លាញ់មិនល្អ
 
ថ្វីត្បិតតែអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនបណ្ដាលឳ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ដោយផ្ទាល់ ប៉ុន្តែវារួមចំណែកបង្កើនភាពធន់នឹងអាំងស៊ុយលីនរបស់រាងកាយ។ លើសពីនេះទៅទៀតអាហារសម្បូរជាតិខ្លាញ់ត្រូវការពេលយូរដើម្បីរំលាយដែលអាចជះឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះជាយ៉ាងណានេះមិនមែនមានន័យថាអ្នកកំពុងមានបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់និងអ្នកជំងឺទឹកនោមផ្អែមមិនអាចទទួលទានអាហារសម្បូរជាតិខ្លាញ់បានតែម្ដងនោះទេ គឺអាចញ៊ាំបានក្នុងបរិមាណ ឬកម្រិតសមល្មម។
 
៩. ចៀសវាងប្រភេទអាហារកញ្ចប់
 
អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ឬអ្នកដែលមិនចង់កើតជំងឺនេះ គួរជៀសឱ្យផុតពីការទទួលទានអាហារកញ្ចប់។ អាហារប្រភេទនេះមិនត្រឹមតែធ្វើឱ្យអ្នកពិបាកក្នុងការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ូលអាក្រក់ ហើយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អក្នុងឈាមបង្កទៅជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ។ លើសពីនេះទៅទៀតការទទួលទានអាហារកញ្ចប់ច្រើនក៏បង្កការរលាកផ្សេងៗក្នុងរាងកាយដែលអាចនាំឲ្យកើតមានជំងឺទឹកនោមផ្អែម។
 
១០. ប្រយ័ត្នក្នុងការទទួលទានអាហារមានផ្ទុកជាតិស្ករខ្ពស់
 
អ្នកជំងឺទឹកនោមផ្អែមត្រូវប្រយ័ត្នក្នុងការទទួលទានអាហារសម្បូរជាតិស្ករ និងមានផ្ទុកកាបូអ៊ីដ្រាតគុណភាពទាប។ នេះក៏ព្រោះតែវាអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ ក្រៅជំងឺទឹកនោមផ្អែម ការទទួលទានអាហារសម្បូរជាតិស្ករលើសកម្រិតក៏នាំឱ្យកើនទម្ងន់ ព្រមទាំងបង្កើនហានិភ័យនៃជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាលផងដែរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com