COVID-19
ជាតិ
​អ្នកកើតកូវីដ-១៩ នៅកម្ពុជា លើស១ម៉ឺននាក់ហើយ ក្រោយរកឃើញ ៥៨០នាក់ទៀត
26, Apr 2021 , 4:44 pm        
រូបភាព
ទិដ្ឋភាពរៀបចំកន្ឡែងព្យាបាលអ្នកជំងឺកូវីដ-១៩នៅមជ្ឈមណ្ឌលកោះពេជ្រ។ រូបថត AFP
ទិដ្ឋភាពរៀបចំកន្ឡែងព្យាបាលអ្នកជំងឺកូវីដ-១៩នៅមជ្ឈមណ្ឌលកោះពេជ្រ។ រូបថត AFP
​មនុស្ស៥៨០នាក់​បន្ថែមទៀត វិជ្ជមាន​កូ​វីដ​-១៩​នៅ​កម្ពុជា ដែលធ្វើឱ្យតួលេខអ្នកកើតកូវីដ-១៩ នៅកម្ពុជាកើនដល់ ១០ ៥៥៥ នាក់ ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន ១០ ០០៥នាក់។ នេះបើតាមសេចក្តីប្រកាសប័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នករកឃើញថ្មី ៥៨០នាក់នោះ ភាគច្រើននៅរាជធានីភ្នំពេញ ៣៣៧នាក់ បន្ទាយមានជ័យ ៩១នាក់ ខណៈខេត្តព្រះសីហនុ ក៏រកឃើញអ្នកវិជ្ជមានថ្មីចមនួន ៩១នាក់ដែរ។ ក្រៅពីមានរកឃើញអ្នកវិជ្ជមានថ្មី ក្រសួងក៏បញ្ជាក់ដែថា មាន​អ្នជំងឺ ១៧៧នាក់ បានជា​សះស្បើយ​ ខណៈ ​អ្នកស្លាប់​​សរុប​ឡើងដល់៧៩​នាក់​។



តាមក្រសួងសុខាភិបាល ក្នុងចំណោមអ្នករកឃើញថ្មី ៥៨០នាក់នោះ មាន១ករណីជាករណីនាំចូល ដែលជាស្ត្រីពលករខ្មែរធ្វើដំណើរពីប្រទេសថៃ។ អ្នកជំងឺរូបនេះ មានអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងមណ្ឌលព្យាបាល ខេត្តបន្ទាយមានជ័យ។ 

៥៧៩នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ៣៣៧ករណី ក្នុងនោះ១នាក់ បានទទួលមរណភាព។ ចំណែក អ្នកជំងឺ ៣៣៧នាក់ ដែលរួមមានជនជាតិខ្មែរ ៣៣២នាក់ ចិន១នាក់ និងវៀតណាម៤នាក់ផងនោះ នឹងត្រូវជូនដំណឹងពីកន្លែងសម្រាកព្យាបាលនៅពេលក្រោយ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។ 

ខេត្តបន្ទាយមានជ័យ បានរកឃើញករណីឆ្លងថ្មី ដល់ទៅ៩១ ករណី ដោយក្នុងនោះមានជនជាតិខ្មែរ ចំនួន២២នាក់ និងឥណ្ឌូណេស៊ី ៦៩នាក់។ អ្នកជំងឺទាំង ៩១នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងមណ្ឌលព្យាបាលខេត្តបន្ទាយមានជ័យ។ ករណីឆ្លងនៅក្នុងខេត្តព្រះសីហនុ ក៏មិនទាន់ថមថយដែរ ដោយក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកផ្ទុកវិជ្ជមាននៅក្នុងខេត្តនេះ ចំនួន៩១នាក់បន្ថែមទៀត ដោយក្នុងនោះមានជនជាតិខ្មែរ ៨៣នាក់ និងជនជាតិចិន៨នាក់។ អ្នកជំងឺទាំងអស់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលសម័យថ្មីអន្តរជាតិ ខេត្តព្រះសីហនុ។ ខេត្តកណ្តាល មាន៥១ករណី ក្នុងនោះខ្មែរ ៥០នាក់ និងជនជាតិ១នាក់ ហើយអ្នកជំងឺទាំង៥១នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលស្រុកកោះធំ ខេត្តកណ្តាល។ 

១ករណី ជា​បុរសខ្មែរ អាយុ៤១ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់អង្កោល ក្រុងដំណាក់ចង្អើរ ខេត្តកែប ប៉ុន្តែអ្នកជំងឺរូបនេះបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៥មេសា។ ខេត្តកំពង់ឆ្នាំ ក៏មាន ១ករណីដែរ ជាស្ត្រីជនជាតិវៀតណាម អាយុ២៧ ឆ្នាំ មានអាសយដ្ឋានណៅឃុំឆ្នុកទ្រូ  ស្រុកបរិបូរណ៍ និងត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។  ១ករណី នៅខេត្តកំពង់ស្ពឺ លើស្ត្រីវ័យ៣៤ឆ្នាំ ស្នាក់នៅឃុំភ្នំតូច ស្រុកឧត្តុង្គ។ ស្ត្រីរូបនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ ២ករណីនៅខេត្តកំពង់ធំ ដែលជាអ្នករស់នៅឃុំទ្រៀល ស្រុកតាំងគោក ខណៈ២ករណីទៀតត្រូវបានរកឃើញនៅក្នុងខេត្តព្រៃវែង លើអ្នករស់នៅ ឃុំកំពង់ត្របែក និងឃុំប្រាសាទ នៃស្រុកកំពង់ត្របែក។

 
ជាមួយគ្នានេះក្រសួងក៏បញ្ជាក់ពីករណីជាសះស្បើយ ១៧៧នាក់ដែរ ក្នុងនោះមានម្នាក់ ដែលជាស្ត្រីពលករខ្មែរពីប្រទេសថៃ។ អ្នកជំងឺរូប ជាមានអាសយដ្ឋាននៅឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ហើយស្ត្រីរូបនេះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកំពត។ ចំណែកអ្នកសះស្បើយ ១៧៦នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ក្នុងនោះ២ករណី ជាអ្នក រស់នៅឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ និងត្រូវបាន​​អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តខេត្តក្រចេះ។ ១នាក់ លើស្ត្រីអាយុ១៩ឆ្នាំ ដែលមានអាសយដ្ឋាននៅស្រុកកំពង់ត្រាច ខេត្តកំពត ហើយស្ត្រីរូបនេះត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង។ 

ខេត្តកណ្តាលមានអ្នកសះស្បើយ ២២នាក់ ,ព្រះសីហនុ ២៦នាក់ ,ស្វាយរៀង ១៤នាក់ និងរាជធានីភ្នំពេញ​មានអ្នកជាសះស្បើយ ១១១នាក់។ 

គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ១០ ៥៥៥ករណី ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍មានចំនួន ១០០០៥នាក់។ អ្នកសះស្បើយមានចំនួន ៣ ៥៧៧នាក់ ខណៈអ្នកស្លាប់បានកើនដល់ ៧៩នាក់។ អ្នកជំងឺសរុបនៅសល់ ៦៨៩២នាក់ ក្នុងនោះ១៤នាក់សម្រាកព្យាបាលនៅផ្ទះ , ៣១៦៤នាក់ កំពុងរង់ចាំការបញ្ជូនទៅសម្រាកព្យាបាល។ ក្រៅពីនេះ គឺអ្នកជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលព្យាបាលនានា៕ 


​ 

© រក្សាសិទ្ធិដោយ thmeythmey.com