COVID-19
ជាតិ
ពលរដ្ឋខ្មែរ​៥នាក់ទៀតស្លាប់ដោយសារកូវីដ-១៩ នៅកម្ពុជា សរុប​៧៩នាក់
26, Apr 2021 , 4:37 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល បាន​ប្រកាសពីករណី​ពលរដ្ឋខ្មែរ​៥នាក់ទៀត​ដែលស្លាប់ដោយសារកូវីដ-១៩នៅកម្ពុជា ដែលធ្វើឲ្យចំនួន​សរុបឡើង​ដល់៧៩នាក់។ អ្នកស្លាប់ថ្មីទាំង​៥នាក់នោះរួមមាន ស្ត្រីអាយុ៥៨​ឆ្នាំ អាយុ៨១ឆ្នាំ បុរសអាយុ​៤១ឆ្នាំ អាយុ​៥១​ឆ្នាំ និងអាយុ​៣២ឆ្នាំ។



ស្ត្រីអាយុ​៥៨​ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្ហោ។ គាត់បាន​ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី​២៤ ខែមេសា ដោយសា​រវិបត្តិ​ផ្លូវ​ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំង​សងខាង ដោយសារវីរុស​កូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។

បុរសអាយុ​៤១ឆ្នាំ នៅស្រុកដំណាក់ចង្អើរ ខេត្តកែប បានស្លាប់​កាលពីយប់ថ្ងៃទី​២៤ ខែមេសា នៅមន្ទីរសុខាភិបាលខេត្តកែប។ ជាករណីសង្ស័យដែលគ្រូពេទ្យ​បានយក​សំណាកសពធ្វើការវិភាគ។ គាត់​មាន​ជំងឺទាចទឹក​ប្រចាំកាយ​ផងដែរ។

បុរសអាយុ៥១ឆ្នាំ រស់នៅសង្កាត់​ផ្សារកណ្តាល ខណ្ឌដូនពេញ បាន​ស្លាប់កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែមេសា នៅមណ្ឌល​សុខភាព​ចាក់អង្រែ។ គាត់មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រចាំកាយ។

នៅមន្ទីរពេទ្យហ្លួងម៉ែ មានអ្នកស្លាប់២នាក់ គឺ​បុរសអាយុ​៣២ឆ្នាំរស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ដែលមានជំងឺលាងឈាម​ប្រចាំកាយ និង​ស្ត្រីអាយុ៨១ឆ្នាំ នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ដែលបានចូលសម្រាកព្យាបាល​បាន​៣ថ្ងៃ។

មកដល់ពេលនេះ អ្នក​ស្លាប់ដោយសារកូវីដ-១៩នៅកម្ពុជា មាន​ចំនួន​៧៩នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com