ពីនេះ ពីនោះ
ក្នុងស្ថានភាពវិបត្តិ សន្និសីទកាសែតច្រើន ជាមធ្យោបាយល្អបំផុត
27, Apr 2021 , 9:38 am        
រូបភាព
ដោយ: ថ្មីៗ
សុធីរ និងសំណាង បានបន្តជជែកគ្នាដោយសំឡេងមិនអស់ចិត្តរឿងទំនាក់ទំនងផ្នែកព័ត៌មានរវាងអាជ្ញាធរ និងពលរដ្ឋ។ ក្លើទាំងពីរយល់ស្របគ្នាថា អាជ្ញាធរគួរមានកម្មវិធីសន្និសីទកាសែតញឹកញាប់ ឬជាប្រចាំក្នុងអំឡុងស្ថានភាពវិបត្តិ។

 
សុធីរ៖ ព័ត៌មានប៉ុន្មានថ្ងៃនេះ កូរវឹកយើង សឹងតែដូចកូវីដហើយអ្ហា!
 
សំណាង៖ ឯកភាព អាម៉ាក! ព័ត៌មានផ្លូវការមាន តិចជាងព័ត៌មានដែលប្រជាជនសន្និដ្ឋាន និងយល់ខុសៗគ្នា ហើយចែករំលែកតគ្នា។ ក្អែកមួយ ជាក្អែក១០។ អញថា អាជ្ញាធរគួររៀបចំសន្និសីទព័ត៌មានរាល់ថ្ងៃ ឬញឹកញាប់ ដើម្បីមានឱកាសបំភ្លឺព័ត៌មានមួយចំនួនផង។ វាអាចស្មុគស្មាញ តែគ្មានជម្រើសផ្សេងល្អជាងនេះទេ។ មានព័ត៌មានតិចជូនដំណឹង និងពន្យល់តិចតាមហ្នឹង។ មានច្រើនពន្យល់ច្រើន។
 
សុធីរ៖ អ្ហែងនិយាយត្រូវ។ ស្ថានភាពវិបត្តិហើយ របៀបទំនាក់ទំនងផ្តល់ព័ត៌មានមានវិបត្តិទៀត។ រឿងអីស្ថានភាព មិនកាន់តែអាក្រក់? ក្នុងពេលមានវិបត្តិ គេត្រូវប្រយ័ត្ន មានភាពម្ចាស់ការ គ្រប់គ្រងព័ត៌មាន ជាជាងចាំតែឆ្លើយតបតាម​ក្រោយ។ អ្ហែង និងអញ ម្នាក់ៗឆែក Telegram, Messenger and so on គ្រប់វេលា ដើម្បីតាមដានព័ត៌មាន។ ហើយអាក្នុងហ្នឹង អាព័ត៌មានក្លែងបន្លំ ព័ត៌មានមិនច្បាស់ ក៏មិនតិចដែរ។ កម្រិតយើងហើយ នៅចង់ពិបាកម្ដងៗ។ បើមានសន្និសីទកាសែត យើងស្តាប់តែអាជ្ញាធរផ្លូវការតែម្ដង វាអស់មន្ទិល។ 
 
សំណាង៖ អាក្លើឯង ដូចរមាស់ខ្លាំងថ្ងៃនេះ ហាសហា។ តែអញគាំទ្រគំនិតអ្ហែង។ គេត្រូវបញ្ចេញឆ្មាមុន ដើម្បីកំហែងកណ្ដុរ ជាជាងចាំបញ្ចេញឆ្មាឱ្យចាប់កណ្ដុរ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com