COVID-19
ជាតិ
គ្រែជាង៤ពាន់ទៀត នឹងដាក់ឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលសម្រាកព្យាបាល
28, Apr 2021 , 7:29 pm        
រូបភាព
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមការងាររៀបចំគ្រែចំនួន ៤,៣០០ ទៀតនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន៥ ដោយប្រើពេល៥១ថ្ងៃ ដើម្បីដាក់ឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលសម្រាកព្យាបាល។



បើតាមហ្វេសប៊ុករបស់ លោក ហ៊ុន ម៉ាណែត  មន្ទីរពេទ្យ និងមណ្ឌលសុខភាព ទាំង៥ ដែលបានរៀបចំនេះ រួមមាន មន្ទីរពេទ្យហ្លួងម៉ែ,   សណ្ឋាគារក្រេតឌុក , មណ្ឌលព្យាបាលកូវីដទួលពង្រ និងអាគារព្យាបាលកូវីដកោះពេជ្រ ទី១ និង២។
 
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបានរៀបចំគ្រែជូនអ្នកជំងឺកូវីដយ៉ាងឆាប់រហ័ស។ លោក ហ៊ុន ម៉ាណែត បានរៀបរាប់ដូច្ន៖« ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការរៀបចំនេះ។ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះ ក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ»។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុប ១១,០៦៣ករណី ក្នុងនោះ ១០,៥១៣ នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន ៣,៧០៤នាក់ និងស្លាប់ឡើងដល់៨២នាក់។ កម្ពុជា នៅមានអ្នកជំងឺសរុប ៧,២៧០នាក់ ក្នុងនោះ ៣,២៥៤ នាក់ កំពុងរង់ចាំការបញ្ជូនទៅព្យាបាល ខណៈ១៤នាក់ សម្រាកព្យាបាលនៅផ្ទះ និងក្រៅពីនេះ គឺសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងមណ្ឌលព្យាបាលនានា៕
 

Tag:
 កូវីដ-១៩
 ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com