អន្តរជាតិ
សមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ អំពាវនាវឱ្យបន្ថែមកៅអីសមាជិកអចិន្ត្រៃយ៍
08, May 2021 , 11:59 am        
រូបភាព
សមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី៧ ខែឧសភា បានស្នើឱ្យបន្ថែមកៅអីសមាជិកអចិន្រ្តៃយ៍ដែលបច្ចុប្បន្នមាន៥ប្រទេសប៉ុណ្ណោះ ជាមួយនឹងអំណាចវ៉េតូក្នុងដៃ។ ប៉ុន្តែក្នុងកិច្ចប្រជុំដែលរៀបចំដោយចិន សមាជិកអចិន្ត្រៃយ៍ភាគច្រើន មិននិយាយអ្វីលើបញ្ហានេះឡើយ ខណៈឥណ្ឌាទាមទារឱ្យធ្វើកំណែទម្រង់ក្រុមប្រឹក្សាដ៏មានឥទ្ធិពលនេះ ដើម្បីឱ្យមានតុល្យភាពរវាងទ្វីបនានា។

 
កំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅតែប្រធានបទក្ដៅសម្រាប់ការជជែកគ្នា ខណៈគ្មានដំណោះស្រាយជាក់លាក់អ្វីនៅឡើយ។ ក្នុងកិច្ចប្រជុំមួយដែលរៀបចំដោយចិនដែលជាប្រធានប្ដូរវេនប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខ សមាជិកមិនអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សានេះ បានបន្តអំពាវនាវឱ្យមានការផ្លាស់ប្ដូរក្នុងស្ថាប័នដែលទទួលបន្ទុកសន្តិសុខរបស់ពិភពលោក ខណៈចិន អាមេរិក រុស្ស៊ី និងអង់គ្លេស មិនលើកឡើងរឿងនេះឡើយ។
 
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Volkan Bozkir បញ្ហាមួយក្នុងក្រុមប្រឹក្សាសន្តិសុខ គឺភាពខុសគ្នារវាងសមាជិកអចិន្រ្តៃយ៍។ ដូចនេះ ការកែទម្រង់ក្រុមប្រឹក្សា ជាប្រយោជន៍រួមរបស់រដ្ឋសមាជិក និងអង្គការសហប្រជាជាតិផងដែរ។
 
ក្នុងកិច្ចប្រជុំនេះ ឥណ្ឌាដែលជាបេក្ខភាពមួយសម្រាប់តំណែងសមាជិកអចិន្ត្រៃយ៍ វៀតណាម ទុយនីស៊ី នីហ្សេ អៀរឡង់ និងម៉ិកស៊ិក ដែលសុទ្ធសឹងជាសមាជិកមិនអចិន្ត្រៃយ៍ ចាត់ទុកការបន្ថែមសមាជិកអចិន្រ្តៃយ៍ ជារឿងចៀសមិនរួច។ អ្នកការទូតឥណ្ឌា Harsh Vardhan Shringla លើកឡើងថា សមាជិកអង្គការសហប្រជាជាតិកើនឡើងខ្លាំងពីការកកើតអង្គការនេះនៅឆ្នាំ១៩៤៥ តែក្រុមប្រឹក្សាសន្តិសុខ មិនសូវមានការផ្លាស់ប្ដូរ ដែលបញ្ហានេះក្លាយជាការគំរាមភាពទុកចិត្តរបស់អង្គការសហប្រជាជាតិ។
 
អ្នកការទូតឥណ្ឌា ក៏លើកយកករណីទ្វីបអាហ្វ្រិកមកថ្លែង ដោយបន្តថា គេអាចរកអ្វីមកពន្យល់តាមណានៅពេលគ្មានប្រទេសអាហ្វ្រិកជាសមាជិកអចិន្រ្តៃយ៍ ទាំងបញ្ហានៅអាហ្វ្រិកជារបៀបសំខាន់នោះ។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
 
បារាំង ជាសមាជិកអចិន្រៃ្តយ៍តែមួយប៉ុណ្ណោះ ដែលបញ្ជាក់ពីការគាំទ្រលើការពង្រីកកៅអីសមាជិកទាំង៥។ ក្នុងសំណើរបស់បារាំងកន្លងមក បន្ថែមពីការបញ្ចូលសមាជិកអចិន្ត្រៃយ៍ ការហាមឃាត់ប្រើអំណាចវ៉េតូលើការសម្លាប់រង្គាល ក៏ជារឿងត្រូវផ្លាស់ប្ដូរដែរ។
 
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ មានសមាជិក១៥ប្រទេស ដែល៥ប្រទេសជាសមាជិកអចិន្រ្តៃយ៍មានអំណាចវ៉េតូ និង១០ប្រទេសទៀតជាសមាជិកមិនអចិន្រ្តៃយ៍ ហើយមានអាណត្តិពីរឆ្នាំប៉ុណ្ណោះ។ កៅអីទាំង១០ ត្រូវបានបែងចែកទៅតាមតំបន់នានា។ ក្រៅពីឥណ្ឌា គេឃើញមានជប៉ុន ប្រេស៊ីល អាល្លឺម៉ង់ និងអាហ្វ្រិកខាងត្បូងដែលជាបេក្ខភាពសម្រាប់កៅអីសមាជិកអចិន្រ្តៃយ៍ក្នុងករណីមានការកែទម្រង់ណាមួយ៕ 
 

Tag:
 ក្រុមប្រឹក្សាសន្តិសុខ
  UN
© រក្សាសិទ្ធិដោយ thmeythmey.com