កីឡាជាតិ
ជាតិ
ស៊ីហ្គេ​ម៖ ប្រដាល់​សកល​ខ្មែរ​ទាំង​៦នា​ក់​ដណ្តើម​បាន​បទពិ​សោ​ធន៍​ពី​ណៃពី​ដរ
10, Dec 2013 , 8:09 pm        
រូបភាព
ក្រុមកីឡាករ​ប្រដាល់កម្ពុជា​មុនពេល​ចេញដំណើរ។ រូបថត NagaWorld/លោក កឹម សុវណ្ណា
ក្រុមកីឡាករ​ប្រដាល់កម្ពុជា​មុនពេល​ចេញដំណើរ។ រូបថត NagaWorld/លោក កឹម សុវណ្ណា
ដោយ:
​នៅថ្ងៃ​អង្គារ ទី​១០ ខែ​ធ្នូ នេះ កីឡាករ​ប្រដាល់​សក​លជម្រើស​ជាតិ​៣រូប​ទៀត បាន​ធ្លាក់ពីការ​ប្រកួត​ជម្រុះ​វគ្គ​១/៤ ផ្តាច់ព្រ័ត្រ ដែល​ធ្វើ​ឲ្យពួក​គេ​ខក​ខាន​ឱកាស​ក្នុងការឡើង​ទៅ​ដណ្តើម​មេដាយ ដូចជា​កីឡាករ​៣រូប​ផ្សេង​ទៀត កាលពី​ចុងសប្តាហ៍​កន្លងមកដែរ។

 

ការ​ប្រកួត​​ដែល​រៀបចំ​នៅ​សង្វៀន នៅ​​កីឡដ្ឋាន Wunna Theikdi Sports Complex ក្នុង​ក្រុងណៃពី​ដរ​ កាល​ពី​ថ្ងៃ​ទី ៨ ធ្នូ កន្លង​ទៅ កីឡា​ក​រ កម្ពុជា ចំនួន ៣ នាក់​ត្រូវ​ធ្លាក់​ចេញ​ដំណាល​គ្នា​ក្នុង​វគ្គ​ជម្រុះ​រួម​មាន​ ឡុង ឡាំដា ​ប្រកួត​ចាញ់​​ពិន្ទុ​កីឡាករ​ថៃ DONCHAI THATHI ក្នុង​ទម្ងន់​៥៦​គីឡូក្រាម ស្រប​ពេល ស្វាយ រដ្ឋា ប្រកួត​ចាញ់​ពិន្ទុ​​កីឡាករ DENNIS GALVAN របស់​ហ្វីលីពីន​ប្រភេទ​​ទម្ងន់​៦៤​គីឡូក្រាម ខណៈ ស្រ៊ុន ពិសី ​​ប្រកួត​ចាញ់​កីឡាករ APICHET SAENSET ​របស់​ថៃ ដោយ​សន្លប់​ លើ​ប្រភេទ​ទម្ងន់​ ៦៩ គីឡូក្រាម។  

លើ​សង្វៀន​ដដែល នៅ​រសៀល​ថ្ងៃ​ទី ១០ ធ្នូ នេះ​ ក្រុម​កីឡាករ​ប្រដាល់​របស់​កម្ពុជា ៣ នាក់​បន្តរ​ប្រកួត​ទៀត ដោយ​បរាជ័យ​ទាំង ៣ ជា​បន្តបន្ទាប់ ដោយ កីឡាករ ណាត សៀកនិន ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ BOUNPONE LASAVONESY របស់​ឡាវ ​ក្នុង​ទម្ងន់​៤៩​គីឡូក្រាម ចំពេល​កីឡាករ ផល សោភ័ណ្ឌ ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ NGUYEN van HAI របស់​វៀតណាម ​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ខណៈ​កីឡាករ​ទម្ងន់​ធ្ងន់ ឈួន សុខឡេ​ង ហៅ វ៉ន វីវ៉ា ​វាយ​​ចាញ់​កីឡាករ​វៀតណាម LOUNG VAN TOAN របស់​វៀត​ណាម ក្នុង​​ប្រភេទ​ទម្ងន់ ​៨១ ​គីឡូក្រាម។  

វិញ្ញាសា​ប្រដាល់​ជា​កីឡា​​មួយ​ប្រភេទ​ដែល​ប្រជាប្រិយជាង​គេ​​នៅ​កម្ពុជា ប៉ុន្ដែ​គេ​សង្កេត​ឃើញ​ថា​នៅ​កីឡា​មួយ​នេះ​មិន​សូវ​មាន​ការ​ប្រកួត​ទូលំទូលាយ​​​នៅ​ក្នុង​ស្រុក​នោះ​ទេ ដោយ​តាម​សង្វៀន​នីមួយ​តែង​តែ​ដាក់​ឱ្យ​ប្រកួត​​ជា​គូ​បើក​ឆាក​តែ​ប៉ុណ្ណោះ។  

បើ​ងាក​ទៅ​ស៊ីហ្គេម​ឆ្នាំ ២០១១ កន្លង​ទៅ​ដែល​រៀបចំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្រុម​ជម្រើស​ជាតិ​ប្រដាល់​សកល​របស់​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ ចំនួន ៣ ត្រឡប់​មក​ប្រទេស​កំណើត​វិញ៕  

តើ​ប្រដាល់​សកល​របស់​កម្ពុជា កំពុង​តែ​ដើរ​ថយ​ក្រោយ?    

© រក្សាសិទ្ធិដោយ thmeythmey.com