ជាតិ
ជីផាត ចាប់ផ្ដើមមានភ្ញៀវកក់ទៅកម្សាន្ត ប៉ុន្តែនៅតែចាំមើលស្ថានភាពកូវីដ-១៩
12, May 2021 , 7:59 am        
រូបភាព
បឹងកាឡូរនៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត។ រូបភាព៖ លោក អន សុវណ្ណ
បឹងកាឡូរនៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត។ រូបភាព៖ លោក អន សុវណ្ណ
ដោយ:
សហគមន៍អេកូទេសចរណ៍ជីផាត ចាប់ផ្ដើមមានសកម្មភាពភ្ញៀវទេសចរ ឡើងវិញ បន្ទាប់ពីបើកដំណើរការជាថ្មី។ ភ្ញៀវក្នុងខេត្តចាប់ផ្ដើមចូលកម្សាន្តនៅសហគមន៍ ខណៈភ្ញៀវពីភ្នំពេញនិងខេត្តផ្សេងក៏ចាប់ផ្ដើមកក់ទៅកម្សាន្តជាបន្តបន្ទាប់។ ស្របពេល នេះ ប្រជាសហគមន៍បានត្រៀមខ្លួនរួចរាល់ដើម្បីបម្រើសេវាកម្មដល់ភ្ញៀវទេសចរ។



ការទន្ទឹងរង់ចាំភ្ញៀវទេសចរ របស់ប្រជាសហគមន៍អេកូទេសចរណ៍ជីផាត ក្នុងឃុំជីផាត ស្រុកថ្មបាំង ចាប់ផ្ដើមមានសង្ឃឹមហើយ ទោះមិនទាន់មានភ្ញៀវច្រើនកុះករដូចមុន តែក៏មិនស្ងាត់សូន្យឈឹងដែរ។ ប្រជាពលរដ្ឋក្នុងខេត្តកោះកុង ចូលសហគមន៍ជីផាតខ្លះៗ ព្រោះដើម្បីទិញផ្លែឈើហូបផ្លែ ដូចជាទុរេន សាវម៉ាវ និងបានដើរកម្សាន្តក្នុងសហគមន៍ផងដែរ។
 
លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតបានឱ្យដឹងថា ក្រៅពីភ្ញៀវក្នុងខេត្ត ទេសចរមួយចំនួនក៏ចាប់ផ្ដើមកក់មកកម្សាន្តនៅជីផាតជាបន្តបន្ទាប់។ លោក អន សុវណ្ណប្រាប់សារព័ត៌មានThmeyThmey25 តាមបណ្ដាញសង្គមតេឡេក្រាមដូច្នេះថា៖ « មានភ្ញៀវកក់មកបណ្ដើរៗហើយ។ ពួកគាត់មិនទាន់ច្បាស់ថ្ងៃមកនោះទេ ដោយសារពួកគាត់រងចាំមើលស្ថានភាពកូវីដ-១៩ ដែរ ពេលមានភាពធូរស្រាលនិងការបើកផ្លូវបានទូលំទូលាយ គាត់នឹងមកតាមការកក់ទុកជាមួយសហគមន៍ »។ 


 ភ្ញៀវទេសចរដែលធ្លាប់ទៅលេងនៅសហគមន៍អេកូទេសចរណ៍ជីផាតកន្លងមក ។ រូបភាព៖ លោក អន សុវណ្ណ 

ការត្រឡប់មកវិញនៃវត្តមានភ្ញៀវទេសចរ ជាការផ្ដល់ដង្ហើមដល់សហគមន៍ជីផាតបន្តទៀតដោយកន្លងមកសហគមន៍មួយនេះបានជួបបញ្ហាហិរញ្ញវត្ថុ ព្រោះគ្មានភ្ញៀវដើរកម្សាន្ត។ ដ្បិតមិនសូវមានថវិកា ប៉ុន្តែលោក អន សុវណ្ណ អះអាងថាប្រជាសហគមន៍នៅតែព្យាយាមពង្រឹងសេវាកម្មរបស់ខ្លួន តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ពេលជំងឺកូវីដ-១៩ បានធូរស្រាល។
 
ភ្ញៀវទេសចរ ដែលមានបំណងទៅលេងសហគមន៍ជីផាត មិនចាំបាច់បារម្ភពីកន្លែងស្នាក់នៅប៉ុន្មាននោះទេ ព្រោះក្នុងអំឡុងពេលគ្មានទេសចរ ប្រជាសហគមន៍ដែលមានលទ្ធភាព បានពង្រីកកន្លែកស្នាក់នៅបន្ថែមទៀត។ ចំណែកឯ បរិស្ថានវិញ ក៏មានការរៀបចំទុកដាក់សំរាម ការសម្អាតផ្លូវចូលព្រៃបានយ៉ាងល្អប្រសើរផងដែរ។ 
 
ក្នុងពេលបច្ចុប្បន្ន សម្រាប់ភ្ញៀវទេសចរចង់ទៅកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ជីផាត ត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់អាជ្ញាធរនៅទីនោះដូចជាការសួរនាំពីប្រវត្តិនៃការធ្វើដំណើរ ការវាស់កម្ដៅ និងការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ផងដែរ ៕ 
 

Tag:
 ជីផាត
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com