អន្តរជាតិ
អាមេរិក ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ Pfizer ឱ្យក្មេងអាយុពី១២ឆ្នាំទៅ១៥ឆ្នាំហើយ
12, May 2021 , 9:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
អាមេរិក បានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឱ្យក្មេងៗអាយុពី១២ឆ្នាំទៅ១៥ឆ្នាំហើយ នៅថ្ងៃទី១១ ខែឧសភា ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ។ ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងរបស់ Pfizer លើក្រុមមនុស្សមួយនេះ។


រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងរបស់ Pfizer សម្រាប់ក្រុមក្មេងៗដែលមានអាយុចាប់ពី១២ឆ្នាំទៅ ១៥ឆ្នាំ។ ការអនុញ្ញាតធ្វើឡើងក្រោយ លទ្ធផលសាកល្បងរបស់ក្រុមហ៊ុនបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពដល់ទៅ១០០ភាគរយ ចំពោះក្មេងៗ។ 
 
ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំពោះក្រុមមនុស្សវ័យក្មេងនេះ ក៏ធ្វើឡើង ខណៈ ដែលករណីឆ្លងក្នុងចំណោមមនុស្សអាយុ១២ឆ្នាំទៅ១៥ឆ្នាំ កើនឡើងជាងមុន។ មហាវិទ្យាល័យ វេជ្ជសាស្ត្រផ្នែកកុមារអាមេរិក (AAP) បានអះអាងថា ក្នុងសប្តាហ៍ដំបូងនៃខែឧសភា ករណីជំងឺកូវីដ-១៩ កើតលើកុមារ មានប្រមាណ២៤ភាគរយនៃករណីថ្មីប្រចាំសប្តាហ៍។ នេះបើតាមទូរទស្សន៍ CNN ។ 
 
រដ្ឋ Georgia ស្ថិតក្នុងចំណោមរដ្ឋដំបូងគេ ដែលបានចាក់វ៉ាក់សាំងឱ្យក្មេងៗមានអាយុពី១២ឆ្នាំទៅ ១៥ឆ្នាំ។ រដ្ឋជាច្រើនទៀតដូចជា Texas, Idaho, Arizona, New York, Massachusetts, Illinois និង Minnesota ក៏នឹងចាក់វ៉ាក់សាំងដល់កុមារក្នុងក្រុមអាយុនេះដែរ។ 
 
យ៉ាងណាមិញ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ក្មេងៗនេះ បង្កជាបញ្ហាប្រឈមសម្រាប់ គ្រូពេទ្យក៏ដូចជាឪពុកម្តាយ។ ក្មេងជាច្រើន កំពុងចាក់វ៉ាក់សាំងសម្រាប់បង្ការជំងឺផ្សេងៗ ក្រៅពីជំងឺ កូវីដ-១៩ ។ គ្រូពេទ្យបានណែនាំឱ្យក្មេងៗទាំងនោះរង់ចាំពីរសប្តាហ៍បន្ទាប់ពីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួច សឹមចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងទៀត។
 
ជំហានបន្ទាប់ អាមេរិក ក៏ត្រៀមចាក់វ៉ាក់សាំងលើក្មេងអាយុក្រោម១២ឆ្នាំផងដែរ។ រដ្ឋបាលចំណី អាហារ និងឱសថអាមេរិក នឹងរៀបចំការប្រជុំមួយនៅខែមិថុនា ដើម្បីពិភាក្សាអំពីការអនុញ្ញាតឱ្យចាក់ វ៉ាក់សាំងសម្រាប់កុមារអាយុក្រោម១២ឆ្នាំ។ 
 
ប្រធានក្រុមហ៊ុនវ៉ាក់សាំង Pfizer ថ្មីៗនេះបានលើកឡើងថា ក្រុមហ៊ុនខ្លួននឹងស្នើសុំសិទ្ធិប្រើប្រាស់ បន្ទាន់នៅខែកញ្ញាខាងមុខដើម្បីចាក់វ៉ាក់សាំងលើកុមារដែលមានអាយុពី២ឆ្នាំទៅ១១ឆ្នាំ បន្ទាប់មក នឹងស្នើសុំសម្រាប់កុមារអាយុ៦ខែទៅ២ឆ្នាំនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១។
 
សូមបញ្ជាក់ថា វ៉ាក់សាំង Pfizer សម្រាប់ក្មេង នឹងត្រូវចាក់អោយក្មេងជំទង់ចាប់ពីអាយុ១២ឆ្នាំទៅ ១៥ឆ្នាំ ដោយចាក់ពីរដងក្នុងរយៈពេលបីសប្តាហ៍ គឺដូចគ្នានឹងមនុស្សពេញវ័យដែរ។ ប៉ុន្តែក្មេងដែល មានប្រវត្តិប្រតិកម្មធ្ងន់ធ្ងរចំពោះសមាសធាតុណាមួយមានក្នុងវ៉ាក់សាំង នឹងមិនអាចចាក់បានទេ៕
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com