ជាតិ
សង្គមជាតិ
រោងចក្រ៤ និងភូមិ២ នៅតាកែវបើកដំណើរការឡើងវិញ ក្រោយបិទខ្ទប់២សប្ដាហ៍
16, May 2021 , 3:32 pm        
រូបភាព
លោក អ៊ូច ​ភា អភិបាលខេត្តតាកែវ
លោក អ៊ូច ​ភា អភិបាលខេត្តតាកែវ
រដ្ឋបាលខេត្តតាកែវ បានប្រកាសបើកដំណើរការឡើងវិញភូមិត្រាំខ្នារ និងភូមិឫស្សី ឃុំសូរភី ស្រុកបាទី និងរោងចក្រចំនួន៤ផ្សេងទៀត បន្ទាប់ពីបិទខ្ទប់បណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ កាលពីថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២១។


 
រោងចក្រចំនួន៤ មានរោងចក្រ វីភី អ៊ិនដាសស្ទ្រី(ខេមបូឌា)ឯ.ក,រោងចក្រ ហួរ លីម៉ី(ខេមបូឌា)ឯ.ក,រោងចក្រ លីន តុន មេនូហ្វេកធើរីង ឯ.ក និងរោងចក្រ លួន វ៉ៃ ថេកស្ដាយ ឯ.ក ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកបាទី អាចបើកដំណើរការឡើងវិញបាន ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ។ ក្រៅពីរោងចក្រចំនួន៤ ក្នុងថ្ងៃជាមួយគ្នានេះ អាជ្ញាធរស្រុកបាទី ក៏សម្រេចឲ្យភូមិត្រាំខ្នារ និងភូមិឫស្សី អាចដំណើរការធម្មតាវិញផងដែរ។
 
កន្លងមកភូមិទាំង២ និងរោងចក្រទាំង៤នេះ បានរកឃើញថាមានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដូច្នេះទើបអាជ្ញាធរ ផ្អាកបណ្ដោះអាសន្ននូវការចេញ-ចូលភូមិ ហើយរោងចក្រត្រូវផ្អាកផលិតកម្ម រយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លង និងឲ្យអ្នកទាំងអស់នោះទៅធ្វើសំណាករកមេរោគផងដែរ។
ក្រៅពីនេះ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តក៏សម្រេចឲ្យបើកដំណើរការឡើងវិញ ផ្សារត្រាំខ្នារ ដែលស្ថិតក្នុងភូមិសូរភី ស្រុកបាទី ខេត្តតាកែវនេះផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com