សង្គមអន្តរជាតិ​
សិល្បៈអន្តរជាតិ
អន្តរជាតិ
បវរកញ្ញាម៉ិកស៊ិក Andrea Meza ក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាឡលើកទី៦៩
17, May 2021 , 12:44 pm        
រូបភាព
ដោយ: ថ្មីៗ
Andrea Meza តារាបង្ហាញម៉ូតម៉ិកស៊ិកអាយុ២៦ឆ្នាំ បានក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាឡ (Miss Universe) ឆ្នាំ២០២០ ដោយបន្តតំណែងពីបវរកញ្ញាអាហ្វ្រិកខាងត្បូង Zozibini Tunzi។ ការប្រកួតប្រជែងបានបញ្ចប់កាលពីថ្ងៃទី១៦ ខែឧសភា ដែលរៀបចំនៅក្រុងហូលីវូដ រដ្ឋហ្លរីដា សហរដ្ឋអាមេរិក ដោយមានបេក្ខនារីពី៧៤ប្រទេស និងដែនដី។



អត្ថបទទាក់ទង


Andrea Meza ជាបវកញ្ញាម៉ិកស៊ិកទី៣ដែលឈ្នះជើងឯកបវរកញ្ញាចក្រវាឡ (Miss Universe)។ បវរកញ្ញាប្រេស៊ីល Julia Gama ជាបវរកញ្ញាឯករងទី១ បន្ទាប់មកបវរកញ្ញាប៉េរូ Janick Maceta (រងទី២) បវរកញ្ញាឥណ្ឌា Adline Castelino (រងទី៣) និងបវរកញ្ញាសាធារណរដ្ឋដូមីនិក Kimberly Jimenez (រងទី៤)។

បវរកញ្ញាថៃ Amanda Obdam ស្ថិតក្នុងតំបន់ Top 10 ខណៈបវរកញ្ញាឥណ្ឌូណេស៊ី Ayu Maulida, បវរកញ្ញាមីយ៉ាន់ម៉ា Thuzar Wint Lwin, បវរកញ្ញាហ្វីលីពីន Ribya Mateo និងបវរកញ្ញាវៀតណាម Khanh Van Nguyen ស្ថិតក្នុងចំណោម Top 21។

បវរកញ្ញាមីយ៉ាន់ម៉ា Thuzar Wint Lwin ក៏ទទួលបានពានរង្វាន់ Best National Costume (សម្លៀកបំពាក់ជាតិ) ល្អផ្តាច់គេផងដែរ។ កម្ពុជាតំណាងដោយកញ្ញា រ៉េត សារីតា ប៉ុន្តែមិនទទួលបានពានរង្វាន់អ្វីនោះឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com