កីឡាជាតិ
ជាតិ
មីយ៉ាន់ម៉ា​ប្រារព្ធ​ពិធី​បើក​ព្រឹត្តិកា​រណ៍​ស៊ីហ្គេម​ជាផ្លូវ​ការ ក្រោយ​រង់ចាំ​អស់៤៤ឆ្នាំ
11, Dec 2013 , 11:35 pm        
រូបភាព
ក្រោយ​រង់ចាំ​អស់រយៈពេល​៤៤​ឆ្នាំ ប្រទេសមីយ៉ាន់ម៉ា​ បាន​ប្រារព្ធ​ពិធី​បើក​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​ជាផ្លូវ​ការ​នៅ​ថ្ងៃពុធ ទី​១១ ខែ​ធ្នូ នេះ នៅ​កីឡដ្ឋាន Wunna Theikdi ក្នុង​ទី​ក្រុងណៃពីដរ ជាមួយ​នឹង​ទស្សនីយភាព​ដ៏​អស្ចារ្យ។

 

អត្តពលិក​ និង​មន្ត្រី​ប្រមាណ​ជាង​៦០០០នាក់​មក​ពី​១១​ប្រទេស​ក្នុងតំបន់ ទទួល​បាន​នូវ​ភាពរីក​រាយ​យ៉ាង​ខ្លាំង​នា​ពិធី​បើក​ព្រឹត្តិការណ៍កីឡា​​ថ្នាក់​តំបន់​នេះ ដោយ​មាន​ការ​ចូល​រួម​ជាអធិ​បតីភាព​ពី​សំណាក់​លោកប្រធា​នាធិបតីមីយ៉ា​ន់ម៉ា លោក Thein Sien។  

នេះ​ជាការ​រៀបចំ​លើកទីពីរ​របស់​មីយ៉ាន់ម៉ា បើគិត​ចាប់តាំងពី​ឆ្នាំ​១៩៦៩មក ខណៈ​ដែលពេល​នោះ ព្រឹត្តិការណ៍​ពីរ​ឆ្នាំម្ត​ងមួយនេះ ត្រូវ​បាន​គេ​ហៅ​ថា «កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍»។ ព្រឹត្តិការណ៍​ប្រកួត​ដែល​ដំណើរ​ចាប់តាំងពី​ថ្ងៃ​ទី​៤ ខែធ្នូ មក នឹ​ងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ខាងមុខ។  

តាមរយៈ​គណនី​ហ្វេសប៊ុក​ផ្លូវ​ការ​នៃព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​២៧ មីយ៉ាន់ម៉ា​បាន​ថ្លែង​អំណ​រ​​​គុណ​​ដល់​សមាជិក​គ្រួសារទាំងអស់​នៅ​ក្នុងតំបន់អាស៊ានដែល​ផ្តល់​ទំនុក​ចិត្ត​ដល់​ខ្លួន​ក្នុងការ​រៀប​ចំព្រឹត្តិការ​ណ៍នេះ ​ស្របពេល​ដែល​ប្រទះ​មួយចំនួន​កំពុង​ជួប​បញ្ហានៅ​ឡើយ។  

អ្នក​ចូលរួ​ម និងអ្នក​តាម​ដាន​ព្រឹត្តិការណ៍​មក​ពីប្រទេស​ជា​សមាជិក​ភាគច្រើន បាន​សម្តែងការអបអរ​សាទរ​ចំពោះ​ការ​រៀបចំ​របស់មី​យ៉ាន់​ម៉ា ជាពិសេស​ទស្សនីយ​ភាព​ដ៏​អស្ចារ្យនា​ពិធីបើក​ផ្លូវ​ការនេះ​តែ​ម្តង ដែល​វា​បង្ហាញ​ពី​កិត្យា​នុភាពនៃប្រ​ទេសមី​យ៉ាន់ម៉ា។  

ទស្សនី​យភា​ពដ៏​រំភើប​បែប​នេះ នឹងមាន​នៅ​កម្ពុជា​នា​រយៈពេល​១០​ឆ្នាំ​ខា​ងមុខទៀត ពោល​គឺ​ឆ្នាំ ​ព្រឹត្តិ​​ការណ៍​កីឡាស៊ីហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ។ វានឹង​ក្លាយ​ជា​ឱកាស​លើក​ទី​មួយ​របស់​កម្ពុជា ក្នុ​ងការធ្វើ​ជាម្ចាស់ផ្ទះ បន្ទាប់​ពីឱកាស​កាលពី​ឆ្នាំ​១៩៦៣ ត្រូវ​បាន​ខក​ខាន៕

រូបថតទាំងអស់ផ្តល់ដោយ NagaWorld/ លោក កឹម សុវណ្ណា  

© រក្សាសិទ្ធិដោយ thmeythmey.com