ជាតិ
សេដ្ឋកិច្ច
ប្រជាកសិករទន្ទឹងចាំថ្ងៃកម្ពុជាប្រកាសនាំ«មៀនប៉ៃលិន»ទៅទីផ្សារចិន
19, May 2021 , 8:29 pm        
រូបភាព
ស្ត្រី​ជា​កម្មករ កំពុង​រៀបចំ​មៀន​ប៉ៃលិន​ដាក់​ក្នុង​កញ្ច្រែង កាលពី​ថ្ងៃទី​២៨​វិច្ឆិកា ឆ្នាំ​២០២០​។​
ស្ត្រី​ជា​កម្មករ កំពុង​រៀបចំ​មៀន​ប៉ៃលិន​ដាក់​ក្នុង​កញ្ច្រែង កាលពី​ថ្ងៃទី​២៨​វិច្ឆិកា ឆ្នាំ​២០២០​។​
បន្ទាប់ពីអង្ករ និងស្វាយកែវរមៀត មៀនប៉ៃលិន នឹងក្លាយជាប្រភេទដំណាំទី៣ ដែលកម្ពុជានាំចូលទៅទីផ្សារប្រទេសចិន។ កន្លងមក មន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជានឹងនាំមៀនប៉ៃលិនទៅកាន់ទីផ្សារយក្សមួយនេះជាផ្លូវការ នាចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។ ប៉ុន្តែគម្រោងនាំចេញនេះ អាចនឹងពន្យារពេលដោយសារវិបត្តិកូវីដ-១៩ និងកត្តាបច្ចេកទេសផ្សេងៗ ខណៈកសិករ និងប្រជាសហគមន៍ដាំមៀនប៉ៃលិន កំពុងរង់ចាំថ្ងៃដែលកម្ពុជា មានកិច្ចព្រមព្រៀងនាំចេញមៀនប៉ៃលិន ទៅទីផ្សារប្រទេសចិន ជាផ្លូវការ។

 
ជាង៨ឆ្នាំមកហើយ ដែលប្រជាកសិករនិងសហគមន៍ ដាំមៀនប៉ៃលិន (ឬតាង៉ែន) នាំដំណាំខ្លួនទៅទីផ្សារប្រទេសចិន តាមរយៈប្រទេសថៃ ដោយជ្រកក្រោមនិមិ្មតសញ្ញា ឬពាក្យ Product of Thailand។ ជារៀងរាល់ឆ្នាំ មៀនប៉ៃលិន ត្រូវបានប្រជាសហគមន៍ដឹកជញ្ជូនទៅប្រទេសថៃ តាមច្រករបៀងក្នុងខេត្តបាត់ដំបង។
 
បន្ទាប់ពីទទួលបានដំណឹងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងទទួលបានព័ត៌មានពីការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុកនានាជុំវិញ កម្ពុជាគ្រោងនាំដំណាំមៀនប៉ៃលិន ទៅទីផ្សារប្រទេសចិននោះ កញ្ញា ឡុង រ៉ន ដែលជាកសិករដាំមានមៀនដាំប៉ៃលិន ក្នុងទឹកដីនៃភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានសំដែងការត្រេកអរជាខ្លាំង និងសង្ឃឹមថា មៀនប៉ៃលិនរបស់កម្ពុជា អាចនាំទៅទីផ្សារប្រទេសចិនជាផ្លូវការ នាពេលឆាប់ៗ ឬទៅតាមការគ្រោងទុករបស់ក្រសួងកសិកម្ម។ 
 


កញ្ញា ឡុង រ៉ន ម្ចាស់ចម្ការមៀនប៉ៃលិនក្នុង​​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​២៨​វិច្ឆិកា ឆ្នាំ​២០២០​។ 

ចម្ការមៀនប៉ៃលិនជាង៦០០ដើម របស់កញ្ញា ឡុង រ៉ន បានចូលជាសមាជិកសហគមន៍មៀនប៉ៃលិន តាំងពីឆ្នាំ២០១៤មក។ មា្ចស់ចម្ការមៀនប៉ៃលិន វ័យ៣២វ័យរូបនេះ បានត្រៀមលក្ខណៈជាស្រេច ក្នុងការផ្គត់ផ្គង់មៀនប៉ៃលិន សម្រាប់នាំទៅទីផ្សារប្រទេសចិន ដោយរងចាំតែថ្ងៃ មានកិច្ចព្រមពៀងជាផ្លូវការ រវាងកម្ពុជា និងចិនប៉ុណ្ណោះ។ ក្រៅពីខិតខំថែទាំដើមមៀនប៉ៃលិនឱ្យល្អ ឬតាក់តែងមែកត្រៀមបញ្ចេញផ្លែឱ្យមានរូបរាងស្អាត ត្រូវស្តង់ដារសម្រាប់នាំចេញហើយនោះ ចម្ការមៀនប៉ៃលិនរបស់កញ្ញា ឡុង រ៉ន ក៏ទទួលបានវិញ្ញាបនបត្រ បញ្ជាក់ពីការអនុវត្តកសិកម្មល្អ ពីក្រសួងកសិកម្ម ផងដែរ។ 
 
«ខ្ញុំបានត្រៀមលក្ខណៈរួចអស់ហើយ»។ កញ្ញា ឡុង រ៉ន បាននិយាយប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទដូច្នេះ ដោយបន្តរៀបរាប់ថា៖ «កាលណាពួកខ្ញុំដឹងថា កម្ពុជាអាចនាំមៀនប៉ៃលិនទៅចិនជាផ្លូវការនៅថ្ងៃណា! ពេលណាច្បាស់លាស់ហើយនោះ! ខ្ញុំចំណាយពេលត្រឹម៧ខែ គឺអាចប្រមូលផលបានហើយ ព្រោះដើមមៀនប៉ៃលិនចេញផ្លែបាន  គឺត្រូវការយើងបញ្ជា។ យើងបញ្ជាឱ្យវាចេញផ្លែខែណា រដូវណាក៏បានដែរ ប៉ុន្តែពេលនេះ យើងមិនទាន់ដំណឹងអ្វីទេ»។  កសិកររូបនេះ បានបញ្ជាក់ថា ជាលក្ខណៈធម្មជាតិរបស់មៀនប៉ៃលិន មិនអាចចេញផ្លែបានឡើយ ប្រសិនបើគ្មានការបញ្ជាដោយប្រើថ្នាំឱ្យចេញផ្លែនោះ។ 
 
មៀនដើមប៉ៃលិនរបស់កញ្ញា ឡុង រ៉ន ប្រមាណ៦០០ដើមនោះ អាចផ្តល់ទិន្នផលបានជាង១០០តោន ក្នុងការបញ្ជាថ្នាំឱ្យចេញមួយដង ឬមួយសា។ នេះបើតាមការអះអាងរបស់កញ្ញា ឡុង រ៉ន។ 
 
សម្រាប់ចម្ការមៀនប៉ៃលិន ចំនួន១៥ហិកតា របស់លោក អ៊ុន ថេង ដែលស្ថិតនៅទីតាំងភូមិសាស្ត្រជាមួយ កញ្ញា ឡុង រ៉ន ក៏បានដាំដុះ និងថែទាំមៀនប៉ៃលិន ត្រូវស្តង់ដារបច្ចេកទេសនៃការអនុវត្តកសិកម្មល្អផងដែរ។ ចម្ការមៀនប៉ៃលិន របស់លោក អ៊ុន ថេង ទទួលបានវិញ្ញាបនបត្រ បញ្ជាក់ពីការអនុវត្តកសិកម្មល្អពីក្រសួងកសិកម្ម កាលពីថ្ងៃទី២៨វិច្ឆិកា ឆ្នាំ២០២០។ 
 
អស់រយៈពេល១០ឆ្នាំហើយ ដែលលោក អ៊ុន ថេង បានដាំមៀនប៉ៃលិន និងដឹកលក់ផលដំណាំនេះ ឱ្យក្រុមហ៊ុនចិនមួយ ដែលមានមូលដ្ឋានទៅប្រទេសថៃ។ ជាទូទៅ មៀនប៉ៃលិនប្រជាកសិករទាំងនោះ អាចដឹកនាំចូលក្នុងទឹកដីថៃ បានចាប់ពីម៉ោង១១យប់ បើទោះបីប្រជាសហគមន៍មានលទ្ធភាពពេញលេញ ក្នុងការនាំមៀនចូលដីថៃមុនពេលយប់ក៏ដោយ។ ម្ចាស់មៀនប៉ៃលិន ចំនួន៣,០០០ដើមរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey នាថ្ងៃទី១៨ឧសភា ឆ្នាំ២០២១ថា ៖«ក្រុមហ៊ុនចិនដែលនៅប្រទេសថៃ បានបញ្ជាទិញមៀនប៉ៃលិន ពីយើងរាល់ឆ្នាំនោះ គឺគេស្គាល់ពីគុណភាព និងរសជាតិមៀនប៉ៃលិនរបស់យើង»។


 
មកដល់ពេលនេះ កសិករបានពឹងដង្ហើមប្រទេសថៃ លើការនាំចេញមៀនប៉ៃលិនទៅទីផ្សារប្រទេសចិន អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោយស្ថិតនៅក្រោមសំបកឈ្មោះនៃផលិតផលរបស់ថៃ។  លោក អ៊ុន ថេង បានរៀបរាប់ថា៖«ចម្ការមៀនប៉ៃលិនយើង មានគ្រប់លក្ខណៈអស់ហើយ ក្នុងការនាំទិន្នផលទៅប្រទេសចិនជាផ្លូវការ។ សព្វថ្ងៃ ខ្ញុំចាំតែពេលកម្ពុជា ប្រកាសសម្រេចបាននូវកិច្ចព្រមព្រៀង នាំចេញមៀនប៉ៃលិនទៅចិន ប៉ុណ្ណោះ»។ 
 
បច្ចុប្បន្ន សហគមន៍មៀនប៉ៃលិននៃខេត្តប៉ៃលិន មានរោងចក្រសម្ងួត សម្លាប់មេរោគ និងវេចខ្ចប់ផ្លែមៀនប៉ៃលិន តម្លៃជាង៣លានដុល្លាមួយកន្លែង ដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន។ រោងចក្រនេះ សាងសង់ និងបំពាក់ឧបករណ៍នានារួចហើយអស់ បានរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមកដល់នេះ រោងចក្រនោះ មិនទាន់បានបើកដំណើរការឡើយ ព្រោះកម្ពុជា មិនទាន់មិនកិច្ចព្រមព្រៀងក្នុងការនាំមៀនប៉ៃលិនទៅចិន។ 
 
លោក សួន ជុំ អនុប្រធានសហគមន៍មៀនប៉ៃលិន បានបញ្ជាក់ថា រោងចក្រមួយនេះ មានចំនួន៤ ឡ សម្រាប់សម្ងួត និងសម្លាប់មេរោគលើផ្លែមៀនប៉ៃលិន។ ឡនីមួយៗ មានសមត្ថភាពសម្ងួតមៀនប៉ៃលិនបានប្រមាណ៩តោន ដោយប្រើប្រាស់ពេល៧៤នាទី។ បើតាមលោក សួន ជុំ ប្រសិនបើកម្ពុជា មានកិច្ចព្រមព្រៀងនាំចេញមៀនប៉ៃលិនទៅចិន នោះមានក្រុមហ៊ុនមិនតិចពី៣ទេ មកវិនិយោគលើការបង្កើតរោងចក្រសម្ងួត សម្លាប់មេរោគ និងវេចខ្ចប់ផ្លែមៀនប៉ៃលិន នៅតំបន់ដាំដុះដំណាំប្រភេទនេះ នៅក្នុងទឹកដីកម្ពុជា។ 
 
អនុប្រធានសហគមន៍មៀនប៉ៃលិនរូបនេះ បាននិយាយដូច្នេះ៖«ឱ្យតែភាគីចិន ប្រកាសព្រមនាំចូលពីមៀនប៉ៃលិនកម្ពុជា ជាផ្លូវការភ្លាម ខ្ញុំសង្ឃឹមថា មានរោងចក្រវេចខ្ចប់មៀនប៉ៃលិន យ៉ាងហោចចំនួន៣កន្លែងទៀត នឹងឈរជើងក្នុងទឹកដីខេត្តបាត់ដំបង និងខេត្តប៉ៃលិនយើងនេះ»។ 
 
បច្ចុប្បន្នខេត្តប៉ៃលិន មានផ្ទៃដីដាំមៀនប៉ៃលិនចំនួន ៤,៣៨៩ហិកតា។ ចំនួននេះ ជាផ្ទៃដីដែលផ្តល់ផលឱ្យកសិករ និងប្រជាសហគមន៍ ខណៈផ្ទៃដីកំពុងដាំដុះមៀនប៉ៃលិន រាប់ហិកតាទៀត មិនបានរាប់បញ្ជូនឡើយ។ នេះបើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដែលលោកបានបន្តឱ្យដឹងថា ខេត្តប៉ៃលិន មានសហគមន៍ផលិតមៀនប៉ៃលិនចំនួន៤០ ដោយសហគមន៍នីមួយៗ មានសមាជិកជាង២០០គ្រួសារ។ 
 
ដើម្បីអាចនាំចេញមៀនប៉ៃលិនបាននោះ ភាគីចិននិងកម្ពុជា ត្រូវរៀបចំផ្លាស់ប្តូរពិធីសារនាំចេញផ្លែមៀនប៉ៃលិនជាផ្លូវការ។ ប៉ុន្តែបើតាមការលើកឡើងរបស់ លោក សាយ សុផាត បច្ចុប្បន្ន រវាងភាគីទាំងពីរ គឺពុំទាន់បានផ្លាស់ប្តូរពិធីសារ នាំចេញផ្លែមៀនប៉ៃលិនជាផ្លូវការឡើយ។ លោក បានបន្ថែមដូច្នេះ៖« ខ្ញុំក៏មិនទាន់ទទួលបានដំណឹងថា រវាងភាគីចិន និងកម្ពុជា នឹងរៀបចំផ្លាស់ប្តូរពិធីសារនាំចេញផ្លែមៀនប៉ៃលិនជាផ្លូវការ នៅថ្ងៃណាដែរ»។  
 
ក្រៅពីខេត្តប៉ៃលិន ដំណាំមៀនប៉ៃលិននេះ ក៏មានកសិករដាំដុះ នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ច្រើនផងដែរ។ 
 
កាលពីថ្ងៃទី៦សីហា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ងិន ឆាយ អគ្គនាយកនៃអគ្គដ្ឋានកសិកម្ម បានព្យាករថា កម្ពុជាអាចនាំចេញមៀនប៉ៃលិនទៅប្រទេសចិនជាផ្លូវការ នាចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។
 
អគ្គនាយកកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ដូច្នេះថា៖«ក្រោយពីនាំចេញផ្លែស្វាយភ្លាម ហើយនៅពេលដែលរដូវមៀនប៉ៃលិន ចាប់ផ្តើមប្រមូលផល ខាងភាគីចិន នឹងចុះមកត្រួតពិនិត្យវាយតម្លៃលើផ្លែមៀនប៉ៃលិន។ អ៊ីចឹង នេះជាការប៉ាន់ស្មាន និងព្យាកររបស់យើង ក្នុងដើមឆ្នាំ២០២១ យើងអាចនាំចេញស្វាយ ហើយប្រហែលចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ យើងអាចនាំចេញផ្លែមៀនប៉ៃលិន ទៅប្រទេសចិនបាន»។
 
ប៉ុន្តែ គម្រោងនៃការនាំចេញមៀនប៉ៃលិននេះ អាចនឹងពន្យារពេល ដោយសារបញ្ហាជាសកលនៃវិបត្តិកូវីដ-១៩ និងបញ្ហាបច្ចេកទេសមួយចំនួនផងដែរ។ នេះបើតាមការលើកឡើងយ៉ាងខ្លី របស់ លោក ងិន ឆាយ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នាថ្ងៃទី១៤ឧសភា ឆ្នាំ២០២១។ សារព័ត៌មាន ThmeyThmey ពុំអាចសុំការបញ្ជាក់បន្ថែមពី លោក លោកងិន ឆាយ និងស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មបានឡើយ ដោយទូរសព្ទហៅចូល តែគ្មានអ្នកទទួល។
 
សូមជម្រាបថា កម្ពុជា បានប្រកាសនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិន នាព្រឹកថ្ងៃទី៧ឧសភា ឆ្នាំ២០២១ ក្រោមវត្តមាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការប្រកាសនាំចេញផ្លែស្វាយជាផ្លូវការនេះ គឺបានធ្វើឡើង ក្រោយចំណាយពេលអស់ជិតមួយឆ្នាំ នៃការបញ្ចប់ផ្លាស់ប្តូរពិធីការនាំចេញនាំផ្លែស្វាយជាផ្លូវការ កាលពីថ្ងៃទី៩មិថុនា ឆ្នាំ២០២០។ តាមរយៈកិច្ចព្រមព្រៀងជាមួយភាគីចិននេះ ក្នុងមួយឆ្នាំៗ កម្ពុជា អាចនាំផ្លែស្វាយស្រស់ ចូលទីផ្សារប្រទេសចិន បានចំនួន៥០ម៉ឺនតោន៕ 


លោក អ៊ុន ថេង ម្ចាស់ចម្ការមៀនប៉ៃលិនក្នុង​​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​២៨​វិច្ឆិកា ឆ្នាំ​២០២០​។ 
 
 

Tag:
 មៀនប៉ៃលិន
  សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com